ដោយ: មុនីរ័ត្ន / ភ្នំពេញ: មានជនអនាមិក បានយកឈ្មោះ និង រូប របស់ មន្ត្រីនគរបាលជាន់ខ្ពស់ ទៅបង្កើតគណនីតេលេក្រាម (Telegram) ដើម្បីផ្ញើសារដែលមានតំណភ្ជាប់ (Link) ទៅអង្គភាពជាតិ និងទៅសាធារណជនជាច្រើននាក់ ដែលតំណភ្ជាប់នោះ អាចលួចយកព័ត៌មាន ឬចម្លងមេរោគ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ខែធ្នូឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងពេលប៉ុន្មានម៉ោងមុននេះ មានជនអនាមិក បានយកឈ្មោះ និង រូប របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ទៅបង្កើតគណនីតេលេក្រាម (Telegram) ហើយបានប្រើគណនីតេលេក្រាមផ្ញើសារដែលមានតំណភ្ជាប់ (Link) ទៅអង្គភាពជាតិ និង ទៅសាធារណជនជាច្រើននាក់ ដែលតំណភ្ជាប់នោះអាចលួចយកព័ត៌មាន ឬ ចម្លងមេរោគ។
ជាមួយគ្នានេះដែរ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃដដែលនេះ បានប្រាប់ឲ្យដឹងថា គណនីតេលេក្រាមនេះ មិនមែនជាគណនីពិតនោះទេ ហើយនាយកដ្ឋានសូមអំពាវនាវដល់អង្គភាពជាតិដែលពាក់ព័ន្ធ និង សាធារណជនកុំឱ្យចុចទទួល (accept) សារ ឬ ចុចលើតំណភ្ជាប់នោះ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងតែត្រៀមខ្លួនដើម្បីសហការជាមួយនឹងស្ថាប័នផ្សេងៗទៀតក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕