ដោយ៖រ៉ាម៉ន / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោកគន់ សោភាប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិ៥ ដែលពេលនោះ បានធ្វើការឃាត់រថយន្តធុនធ្ងន់ចំនួន២គ្រឿង នៅចំណុចមុខវិហារឥស្លាមគីឡូម៉ែត្រលេខ ៧ ដែលបានបើកបរចូលរាជធានីភ្នំពេញ។
ក្នុងនោះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានស្នើឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការត្រួតពិនិត្យ លើអ្នកបើកបររថយន្តនោះ ថាតើគាត់មានជាតិអាល់កុលឬទេ និងមានប័ណ្ណបើកទេ។ កន្លែងនោះ ជាកន្លែងមានមនុស្សច្រើន ដូច្នេះយើងត្រូវតែបង្ខំចិត្តទប់ស្កាត់ ដោយគាត់ខុសច្បាប់ក្នុងការបើកបរក្នុងក្រុងនៅពេលព្រឹកដែលមានមនុស្សធ្វើដំណើរច្រើន និងគាត់បើកលឿនជែងគេជែងឯង។ ដូច្នេះសមត្ថកិច្ចជំនាញត្រូវតែពិនិត្យលើរូបគាត់ ថាតើមានបញ្ហាអ្វីខ្លះ។ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានបញ្ជាគ្រប់គោលដៅ ហើយគណៈបញ្ជាការឯកភាពខណ្ឌមិនអាចឃាត់បានទេ នឹងបង្កទៅជាភាពអនាធិបតេយ្យ ដូច្នេះយើងត្រូវតែអនុវត្តច្បាប់ទាំងអស់គ្នា។
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវឃាត់រថយន្តទី១ ជារថយន្តធុនធ្ងន់ប្រភេទសណ្តោងរឺម៉កកង់១០១០ពាក់ផ្លាកលេខ កណ្តាល ៣A-១០៨៦ បានបើកបរចូលក្នុងរាជធានីភ្នំពេញខុសពីម៉ោងកំណត់ និងបើកបរក្នុងប្រជុំជនមានល្បឿនលឿន ហើយស៊ីផ្លេលឺៗ ព្រមទាំងវ៉ាមិនគិតពីសុវត្ថិភាពអ្នកបើកបររួមផ្លូវជាមួយគ្នា។
រថយន្តទី២ជារថយន្តធុនធ្ងន់ប្រភេទកង់១០បានដឹកខ្សាច់ពាក់ផ្លាកលេខភ្នំពេញ៣A-៦៧៣៥ ហើយគ្មានការគ្របខ្សាច់ឲ្យបានត្រឹមត្រូវបណ្តាលឲ្យជ្រុះខ្សាច់តាមផ្លូវ និងបើកបរចូលរាជធានីខុសពីម៉ោងកំណត់៕