ដោយ៖ ប.ជ័យ / បន្ទាយមានជ័យ: ប៉ូលិសនៅស្រុកភ្នំស្រុកបានចាប់ខ្លួន និងបញ្ជូនបុរសម្នាក់ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងឲ្យតុលាការចេញដីកាឃុំខ្លួន ព្រោះជននោះបានបង្កហិង្សាដេញកាប់ប្រពន្ធ ហើយដុតបំផ្លាញផ្ទះឆេះអស់។
លោកវរសេនីយ៍ យ៉ត សុផល អថិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងកាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០២០ថា៖ ការចាប់ខ្លួនធ្វើឡើងកាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
បើតាមបណ្តឹងរបស់ប្រពន្ធ ឈ្មោះ ព្រឹម បួត អាយុ៤៨ឆ្នាំ នៅភូមិឃុំខាងលើបានឲ្យដឹងថា៖ អំពើហិង្សានិងការបំផ្លិចបំផ្លាញនោះ មិនមែនជាលើកទី១ឡើយ។ ហេតុនេះ អ្នកស្រីមិនអាចទ្រាំទ្រទៀតបាន ហើយបានសម្រេចប្តឹងប្តីឈ្មោះវ៉ាន វ៉ោន អាយុ៥០ឆ្នាំ គឺក្នុងករណីដើរផឹកស្រាស្រវឹង ហើយបង្ករករឿងក្នុងគ្រួសារ និងបានឈ្លោះប្រកែកគ្នារហូតឈានដល់ទាញកាំបិតខ្វែវដេញកាប់ខ្លួនជាប្រពន្ធ។
កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប៉ោយចារ បានចុះចាប់ខ្លួនបុរសជាមួយប្ដីតាមបណ្ដឹងរបស់ស្ដ្រីជាប្រពន្ធ ហើយបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីធ្វើការសាកសួរ។
នគរបាលជំនាញព្រហ្មទណ្ឌស្រុកបានបញ្ជូនរឿងមកខេត្ត ហើយកម្លាំងជំនាញខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យនៅថ្ងៃទី១១ខែធ្នូ៕