Home ព័ត៌មានជាតិ សន្តិសុខ បុរស​ជនជាតិ​ច...

បុរស​ជនជាតិ​ចិន ពីរ​នាក់ ដែល​ចាប់​មនុស្ស យកទៅ​បង្ខាំង​ទុក​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់

​ដោយៈ​ស​រិ​ទ្ធ/ព្រះសីហនុៈ បុរស​ជនជាតិ​ចិន ពីរ​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី ចាប់​មនុស្ស​បញ្ចូល​ក្នុង​រថយន្ត នាំយកទៅ​បង្ខាំង​ទុក ក្នុង​សណ្ឋាគារ គោលបំណង​ជម្រិត ទារប្រាក់ បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ រួច​ឈានទៅ​រំដោះ​ជនរងគ្រោះ កាលពី​រសៀល ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ។​

​បុរស​ជនជាតិ​ចិន​ទាំង ពីរ​នាក់​នេះ ឈ្មោះ Hu Cheng Long អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ឈ្មោះ Zhao XuChao អាយុ​២៦​ឆ្នាំ ស្នាក់នៅ ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ទាំងពីរ​នាក់​នេះ មុខរបរ ជា​បុគ្គលិក​អន​ឡាញ និង​គ្មាន លិខិតឆ្លងដែន​ជាប់​ខ្លួន ដូចគ្នា​។​

​ជនរងគ្រោះ ឈ្មោះ Xu RenWei ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ចិន ជា​អ្នកលក់​បាយ ស្នាក់នៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ស្នាម​រងរបួស ត្រង់​កែងដៃ​ខាងស្ដាំ និង​ត្រង​ចង្កេះ​ខាងស្ដាំ ។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១២ និង​៣០​នាទី រសៀល​ថ្ងៃទី​៨ ធ្នូ មាន​ប្រជាពលរដ្ឋ បាន​រាយការណ៍​ថា នៅ​ចំណុច​ហាង​គុយទាវ គឹម ទ្រី ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មានការ​ផ្អើលឆោឡោ ដោយមាន​ជនជាតិ​ចិន បួន​នាក់ ជិះ​រថយន្ត​១​គ្រឿង ម៉ាក​តូយ៉ូតា ព្រូស ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2BB-0276 បាន​ចាប់​ជនជាតិ ចិន​ម្នាក់ បញ្ចូល​ទៅក្នុង​រថយន្ត រួច​បើករថយន្ត គេចខ្លួនបាត់ ។​

​បន្ទាប់ពី​ទទួលបាន​ដំណឹង​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ បាន​បញ្ជា​កម្លាំង​ជំនាញ ផែន​នគរបាល​ព្រហ្មទណ្ឌ ឲ្យ​ចុះ​សហការ​ជាមួយ នគរបាល​ក្រុងព្រះសីហនុ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទាំង ៤ ស្រាវជ្រាវ​ជាបន្ទាន់​។ លុះដល់​វេលា​ម៉ោង ៨ យប់​ថ្ងៃ​ដដែល ទើបបាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ និង​ដកហូត​វត្ថុតាង រថយន្ត ១ គ្រឿង ដែលជា​មធ្យោបាយ របស់​ជនសង្ស័យ ជិះ​ធ្វើ​សកម្មភាព ។ បន្ទាប់មក នៅ​ថ្ងៃទី​៩ ធ្នូ សមត្ថកិច្ច ក៏បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ជា​ជន​ជាតិចិន ដូចគ្នា ដែលជា​បក្ខពួក នៅ​ចំណុច​ស​ណ្នា​គារ ឆៃ​ណា ថោ​ន ស្ថិតនៅ​ភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ ។ លុះដល់​ថ្ងៃទី​១០ ខែធ្នូ វេលា​ម៉ោង ៣ និង​៣០​នាទី រសៀល សមត្ថកិច្ច បាន​ឈានទៅ​រំដោះ​ជនរងគ្រោះ នៅ​ចំណុច​សណ្ឋាគារ មួយកន្លែង ស្ថិតនៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង ពីរ​នាក់ បាន​សារភាពថាៈ ពួកគេ​ចាប់ខ្លួន​អ្នក លក់​បាយ ក្នុង​គោលបំណង​ចង់បាន​ប្រាក់ ប៉ុន្តែ​នៅពេល​ចាប់ ជនរងគ្រោះ​បង្ខាំង​ទុក មិនទាន់បាន​ចាត់ការ​ផង ក៏ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​តែម្តង​។ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular