ពួក​ក្រុម​រដ្ឋ​អ៊ីស្លាម​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​មនុស្ស​៥៧​នាក់​នៅ​រដ្ឋធានី​របស់​អា​ហ្វ​ហ្គានី​ស្ថាន​

1222
ចែករម្លែក

ជនដាក់គ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារមជ្ឈមណ្ឌលចុះឈ្មោះបោះឆ្នោតមួយនៅក្នុងរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ ដោយសម្លាប់មនុស្សយ៉ាងតិច៥៧នាក់។ការវាយប្រហារនេះត្រូវបានបញ្ជាក់អះអាងទទួលខុសត្រូវដោយក្រុមរដ្ឋអ៊ីស្លាម។

អ្នកនាំពាក្យក្រសួងសុខភាពសាធារណៈលោក វ៉ាហ៊ីដ ម៉ារ៉ូ បាននិយាយថា មនុស្ស១១៩នាក់ទៀតរងរបួស។

មេប៉ូលិសក្រុងកាប៊ុលបាននិយាយថា ការវាយប្រហារផ្តោតលើជនស៊ីវិលដែលបានជួបជុំគ្នាដើម្បីទទួលកាតសំគាល់អត្តសញ្ញាណជាតិ។ការផ្ទុះដ៏ខ្លាំងបានលាន់ឮពេញទីក្រុង និងជះអំបែងកញ្ចក់រាប់គីឡូម៉ែត្រហើយបំផ្លាញរថយន្តជាច្រើន។

លោក វ៉ាហ៊ីដ ម៉ារ៉ូ បាននិយាយថា មានកូនក្មេង៥នាក់និងស្រ្តី២១នាក់ស្ថិតចំណោមអ្នកស្លាប់ និងក្មេងជាងម្ភៃនាក់និងស្រ្តីជិត៥០នាក់រងរបួស។

ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមទីភ្នាក់ងារសាព័ត៌មានAamaqរបស់ខ្លួន ដោយថាខ្លួនផ្តោតការវាយប្រហារលើពួកអ៊ីស្លាមនិកាយស៊ីអាយ។

សូមបញ្ជាក់ថា អាហ្វហ្គានីស្ថាននឹងធ្វើការបោះឆ្នោតនៅខែតុលា។

កាលពីសប្តាហ៍មុន ប៉ូលិស២នាក់ដែលយាមមណ្ឌលចុះឈ្មោះបោះឆ្នោតនៅក្នុងខេត្ត២របស់អាហ្វហ្គានីស្ថានត្រូវបានពួកសកម្មប្រយុទ្ធសម្លាប់។

កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានខិតខំរារាំងការវាយប្រហារដោយពួកក្រុមរដ្ឋអ៊ីស្លាមព្រមទាំងពួកតាលីបង់ចាប់តាំងពីអាមេរិកនិងអង្គការណាតូបញ្ចប់បេសកកម្មប្រយុទ្ធរបស់គេនៅចុងឆ្នាំ២០១៤។ក្រុមទាំងពីរតែងធ្វើការវាយប្រហារ ដោយពួកតាលីបង់ផ្តោតលើកងកម្លាំងនិងសន្តិសុខរដ្ឋាភិបាល ហើយពួករដ្ឋអ៊ីស្លាមដផ្តោតលើក្រុមជនជាតិភាគតិចស៊ីអាយ៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម