ដោយ: ពៅនិមល/ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ បានលើកឡើងថា ក្រោយវិវត្តន៍នៃព្រឹត្តការណ៍ ២៨វិច្ឆិកា ជុំវិញករណីឆ្លងជំងឺកូវីដ១៩ ដែលគិតមកទល់ថ្ងៃនេះ ពុំមានរោងចក្រ សហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់និងផលិតស្បែកជើងណាមួយទេ ស្នើរសុំបិទ ឬផ្អាកដំណើរការផលិតកម្មទេ ពោលគឺបន្តការងារជាធម្មតា និងប្រុងប្រយ័ត្នខ្ពស់។
មានប្រសាសន៍ប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ លោក អ៊ុក ចាន់ធូ ប្រធាននាយកដ្ឋានអធិការកិច្ចការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មុននិងក្រោយព្រឹត្តការណ៍ ២៨វិច្ឆិកា ពុំមានអី្វប្រែប្រួលទេសម្រាប់វិស័យ កាត់ដេរទាំងអស់ គឺនៅតែដំណើរការជាធម្មតា ពិសេសទៀតនោះនៅតាមរោងចក្រ សហគ្រាសគាត់មានការយកចិត្តទុកដាក់ ប្រសិនជាគាត់ដឹងថាមានកម្មករនិយោជិតណា ម្នាក់ដែលមានជាប់ពាក់ព័ន្ធ ឬប្រយោលជាមួយព្រឹត្តការណ៍នោះគាត់នឹងឱ្យធ្វើចត្តាឡីស័ក ដែរ។
លោកបន្តថា “និយាយយ៉ាងខ្លីក្នុងវិស័យរោងចក្រ សហគ្រាសកាត់ដេរ គឺអត់មានអ្វីប៉ះពាល់ ទេ សម្រាប់យើងមើលតាមរូបភាពបងប្អូនកម្មករខាងក្រៅ ប៉ុន្តែបើចូលទៅខាងក្នុងរោងចក្រ មុននឹងចូលរោងចក្រ ខាងរោងចក្រមានការយកចិត្តទុកដាក់ និងមានគ្រប់ឧបករណ៍ ទាំងអស់…ខ្ញុំសង្ស័យថាស្ថាប័នមួយចំនួនអត់ដល់វិស័យឯកជនទេ ខ្ញុំឃើញជាក់ស្តែងគឺ មានការប្រុងប្រយ័ត្ននិងមានសម្ភារះគ្រប់បែបយ៉ាង ដើម្បីធ្វើការត្រួតពិនិត្យអញ្ចឹងពុំទាន់ មានឃើញរូបភាពណាមួយដែលនៅក្នុងរោងចក្រ សហគ្រាសនៅឡើយ។
លោកបានបន្តថា ដោយមានការណែនាំពីថ្នាក់ដឹកនាំក្រសួង លោកបានណែនាំច្បាស់ លាស់ដើម្បីឱ្យអធិការកិច្ច ក៏ជាក្រុមមន្ទីរធ្វើការត្រួតពិនិត្យជាប្រចាំទៅតាមរោងចក្រ សហគ្រាស ដែលស្ថិតនៅក្រោមដែនអនុវត្តរបស់សមត្ថកិច្ចនីមួយៗ ថ្នាក់ក្រសួងក៏ដូចជា ថ្នាក់រាជធានីខេត្ត គឺឃើញការរាយការណ៍រាល់ថ្ងៃពុំមានអ្វីជាគួរឱ្យកត់សម្គាល់គឺរឹតតែមាន ការយកចិត្តទុកដាក់ រៀបចំក្នុងការផ្តល់ជូន ឬក៏មានឧបករណ៍ត្រួតពិនិត្យកំដៅ ទឹកអាល់កុល ជាពិសេសនៅក្រសួងការងារ ដែលឃើញមានបងប្អូនកម្មករចូលមកច្រើនដូចជាមកពិនិត្យ សុខភាព ពិនិត្យកាយសម្បទា មកធ្វើសៀវភៅការងារគឺក្រសួងបានយកចិត្តទុកដាក់ និងគិតគូរយ៉ាងម៉ត់ចត់ទៅដល់គាត់គ្រប់ៗគ្នា”។
លោក ប៊ុន សុគន្ធ តំណាងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងមួកគ្រប់ប្រភេទ សៅលែន (ខេមបូឌា) ដែលស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រាប់ ឱ្យដឹងថា គិតចាប់ពីជំងឺឆ្លងកូវីដ១៩បង្ហាញវត្តមាននៅកម្ពុជា ក្នុងអំឡុងពេលនេះខាង រោងចក្រលោកនៅតែបន្តចូលរួមទប់ស្កាត់ និងបង្ការការពារដូចអ្វីដែលរដ្ឋាភិបាលបាន ណែនាំនិងដាក់ចេញនាពេលកន្លងមក។
លោកឱ្យដឹងទៀតថា សព្វថ្ងៃមុន នឹងអនុញ្ញាតឱ្យកម្មករនិយោជិតចូលបំពេញការងារ តម្រូវឱ្យពួកគាត់ពាក់ម៉ាស វាស់កំដៅ និងលាងដៃជាមួយទឹកអាលកុលសិនដោយសកម្មភាព នេះ គឺធ្វើឡើងជាប់ជាប្រចាំនិងជារៀងរាល់ថ្ងៃ។ ជាមួយគ្នានេះលោកបានអំពាវនាវ ទៅដល់កម្មករនិយោជិតគ្រប់រោងចក្រ សហគ្រាស សូមឱ្យចូលរួមទប់ស្កាត់និងការពារ ទាំងអស់គ្នា ចៀងវាងការកើតមាន ឬឆ្លងកូវីដ១៩ ដែលជំងឺដ៏កាចសាហាវនេះ។
គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា អ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៥៧នាក់។ ក្នុងនោះចំនួនអ្នកព្យាបាលសះស្បើយសរុបចំនួន ៣០៧នាក់ ស្មើនឹងជាង៨៥ភាគរយ។ ដោយឡែក អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី) និងនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញសរុបចំនួន ៥០នាក់៕PC