ដោយៈ សរិទ្ធ/ភ្នំពេញៈ បុរសជនជាតិថៃម្នាក់ ជាប់ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធជាង ៥០គីឡូក្រាម ឆ្លងដែន តាមច្រករបៀង ពីប្រទេសថៃ ចូលមកកម្ពុជា បានត្រូវតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
បុរសជនជាតិថៃរូបនេះ ឈ្មោះ ស៊ុរៈឆ័យ ខាំកែវ (SURA-CHAI KHAMKAEW) អាយុ ៣៣ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២។ ការបង្ក្រាប បានធ្វើឡើង កាលពីថ្ងៃទី៦ ខែធ្នូ វេលាម៉ោង ២:៤០ ជិតភ្លឺ កម្លាំងជំនាញនៅចំណុចក្បែរ វិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿង ញៀនបានឲ្យដឹងថាៈ កម្លាំងជំនាញ បានដំណើរការ ស៊ើបអង្កេតស្រាវជ្រាវ និងឈានទៅបង្ក្រាប បានករណី ជួញដូរគ្រឿងញៀន ដោយបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាជនជាតិថៃម្នាក់ និងចាប់យក វត្ថុតាង សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៥០ គីឡូ និង ៨០,២៤ ក្រាម ។ លោក បានបន្តថាៈ ជនសង្ស័យ បាននាំសារធាតុញៀនជាង ៥០ គីឡូក្រាមនេះ ឆ្លងដែន តាមច្រករបៀង ពីប្រទេសថៃ ចូលមកកម្ពុជា។
សូមរំលឹកដែរថា នៅរសៀល ថ្ងៃទី៦ ខែធ្នូ កន្លងទៅនេះ ស្ត្រីជនជាតិថៃម្នាក់ ដែលជាប់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ៣០ គីឡូក្រាម បានត្រូវលោកស្រី ហុងទិត មល្លិកា ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តបាត់ដំបង សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ដើម្បីរង់ចាំ ការស៊ើបអង្កេត ជាបន្តទៀត ក្រោយពេលនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួន នៅពេលស្ត្រីនោះ បានជួញដូរគ្រឿងញៀន ឆ្លងដែនចូលពីថៃ មកកម្ពុជា នៅចំណុចច្រកអន្តរជាតិដូង ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពី ថ្ងៃទី៥ ខែធ្នូ ។ ស្ត្រីជនជាតិថៃម្នាក់នោះ ឈ្មោះ ផានភុំ រតនា (PHANPHOM RATTANA) ហៅ ហ្វា អាយុ៣២ឆ្នាំ មានទីលំនៅ នៅឃុំណងប៊ុន ស្រុកបរៃ ខេត្តត្រាត ប្រទេសថៃ កាន់លិខិតឆ្លងដែនលេខ AB 42743737 ៕PC