ដោយៈ ពៅនិមល/ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការ អភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ហៅកាត់ថា យូនីដូ បានចុះហត្ថលេខាតាមប្រព័ន្ធ Online លើកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP)សម្រាប់ ប្រទេសកម្ពុជានិងកម្មវិធីស្តារសហគ្រាសកសិ-ចំណីអាហារវិស័យទេសចរណ៌កាលពី ម្សិលមិញ ។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្វាគមន៌ និងបើកកិច្ចប្រជុំ ដែលមានអ្នកចូលរួមតាមប្រព័ន្ធ Online ជាច្រើន មកពីទីតាំងនិងប្រទេសខុសៗគ្នា រួមមានមកពីតំណាងអង្គការ យូនីដូ តំណាង ម្ចាស់ជំនួយ តំណាងអង្គទូត អង្គការក្រៅរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ។
នាឱកាសនោះលោកក៏ បានបង្ហាញនូវមោទនភាព ដែលកម្មវិធី PCP រួមនិងកម្មវិធីស្តារ សហគ្រាសកសិ-ចំណីអាហារវិស័យទេសចរណ៌ ត្រូវបានចុះហត្ថលេខាជាផ្លូវការសម្រាប់ ការអនុវត្តន៍គម្រោងកម្មវិធី បើទោះបីយើងកំពុងជួបប្រទះវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ ។
លោកបានបន្តថា ជាការពិតណាស់កម្មវិធី PCP នេះ បានធ្វើឲ្យមានភាពស៊ីសង្វាក់ និងបញ្ចូលកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗ តាមរយៈការផ្តល់ប្រាក់ កម្ចីនិងជំនួយឥតសំណងក៏ដូចជាការវិនិយោគឯកជន សាធារណៈ ក្នុងស្រុក និងបរទេស។
លោកបានបន្តទៀតថា សម្រាប់ប្រទេសកម្ពុជា PCP នឹងក្លាយកំលាំងចលករបន្ថែម ដ៏សំខាន់មួយសម្រាប់ផែនទីបង្ហាញផ្លូវរបស់យើងឆ្ពោះទៅរកការសម្រេចបាននូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ ហើយ លើសពីនេះទៀតកម្មវិធីនេះ នឹងត្រូវបានបំពេញបន្ថែមដោយអន្តរាគមន៍ជាអន្តរវិស័យនៅក្នុងវិស័យគោលនយោបាយនិងស្ថិតិឧស្សាហកម្ម -ហេដ្ឋារចនាសម្ព័ន្ធគុណភាព -…។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ការដាក់ឱ្យដំណើរការជាផ្លូវការនៃ PCP នេះគឺមានភាព ទាន់ពេលវេលានិងចាំបាច់នៅពេលដែលយើងត្រូវរួមកម្លាំងនិងកៀរគរប្រភពធនធានដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 និងដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច របស់យើងក្នុង“ ភាពប្រក្រតីថ្មីឡើងវិញ” ។
ឆ្លៀតក្នុងឱកាសនោះ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានថ្លែងអំណរគុណដល់ ម្ចាស់ជំនួយរួមមានមកពីសហគមន៌អឺរ៉ុប រដ្ឋាភិបាលកូរ៉េ-ចិន-ទីភ្នាក់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៌នៃប្រទេសស្វីស (SDC) និងអង្គការបរិស្ថានសកល (GEF) ដែលបានផ្តល់ ជំនួយអភិវឌ្ឍន៍ និងបច្ចេកទេស លើវិស័យអាទិភាពជាច្រើន ក្រោមក្របខណ្ឌ PCP នេះ ៕PC