ដោយៈ បូកគោ/កំពតៈ និវត្តន៍ជនមួយរូប បានចោទប្រកាន់មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តកំពតម្នាក់ ពីបទប្រើអំណាចកាប់ និងដុតបំផ្លាញដំណាំ រួចបោះរបងហ៊ុមព័ទ្ធយកដី របស់ខ្លួន។ ជាកិច្ចឆ្លើយតប លោកមេបញ្ជាការរង ប្តឹងបកវិញ ពីបទបរិហារកេរ្តិ៍។
អតីតមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពត លោក កែម មុន្នីវណ្ណ បានរៀបរាប់ថាៈ គាត់ជាម្ចាស់ និងបានអាស្រ័យផល លើដីទំហំបួនហិកតា ដែលមានទីតាំងស្ថិតក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ អមដោយលិខិតស្នាមបញ្ជាក់ ត្រឹមត្រូវ តាំងពីឆ្នាំ១៩៩៣ មក។ ដីចម្ការរបស់លោក និងដីពលរដ្ឋ ៦ គ្រួសារទៀត ដែលនៅជាប់គ្នា មិនទាន់មានប័ណ្ណកម្មសិទ្ធិទេ ដោយសារពេលក្រុមនិស្សិត ចុះវាស់វែង តាមបទបញ្ជា ០១ ឆ្នាំ២០១៣ លោក សែម សឿន មេបញ្ជាការរង កងរាជអាវុធហត្ថ ខេតកំពត បានចេញមុខមកជំទាស់ និងអះអាងជាដីរបស់ខ្លួន។
មន្ត្រីចូលនិវត្ត៍ ដដែលនេះ បានបញ្ជាក់ថាៈ ទោះជាបែបនោះក្តី លោកនៅតែបន្តអាស្រ័យ ផល ដាំដុះដំណាំ ដូចជា ស្វាយ ចន្ទី ខ្នុរ អាកាស្យា និងគ្រញូងជាច្រើន រយដើមដោយមិន មានបញ្ហាអ្វីទេ។ ស្រាប់តែថ្មីៗនេះ លោក សែម សឿន បានដាក់កម្លាំង មកកាប់ដំណាំ របស់លោក រួចដុតបំផ្លាញ ដើម្បីបំបាត់ភស្តុតាង។
លោក កែម មុន្នីវណ្ណ បានបន្តថាៈ ពីរថ្ងៃបន្ទាប់ ស្រាប់តែលោកមេបញ្ជាការរង បានដាក់ កម្លាំងកម្មករ មកបោះរបងហ៊ុមព័ទ្ធ យកដីនេះ ដោយគ្មានការសួរនាំ ឬដោះស្រាយអ្វីសោះ។ ពេលនេះ លោកបានដាក់ពាក្យបណ្តឹង ចូលអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធដើម្បីរកដំណោះ ស្រាយ និងផ្តល់យុត្តិធម៌ ចំពោះរូបលោក។
ទាក់ទិនករណីខាងលើ លោក សែម សឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពត បានឆ្លើយតបថា លោកមិនមានអ្វីពាក់ព័ន្ធ ជាមួយហេតុការណ៍កាប់ និងដុតបំផ្លាញដើម ឈើនោះទេ ព្រោះដីនេះ ជារបស់អ្នក នៅខេត្តកណ្តាលម្នាក់ ដែលលោកបានលក់ និងផ្ទេរជូន កាលពីឆ្នាំ២០១៤។ ប្រវត្តិដី គឺលោកបានទិញ ពីប្រជាពលរដ្ឋ កាលពីឆ្នាំ២០០៨ ដោយមានឯកសារ ស្របច្បាប់គ្រប់គ្រាន់។
លោកមេបញ្ជាការរង បានបញ្ជាក់ថាៈ ហេតុផលដែលលោក កែម មុន្នីវណ្ណ មិនបានទទួល ការវាស់វែង តាមបទបញ្ជា ០១ ឆ្នាំ២០១៣ ដោយសារលោក ជាអ្នកប្តឹងចូលក្រុមនិស្សិត ឱ្យរង់ចាំធ្វើការដោះស្រាយសិន ព្រោះដីនោះលោកទិញ ពីប្រជាពលរដ្ឋ។ ដោយឡែក ពេលនេះ ដើម្បីជាកិច្ចឆ្លើយ តបនឹងការចោទប្រកាន់ លើរូបលោកថា ជាអ្នកបំផ្លិចបំផ្លាញ ដំណាំ និងបោះរបងហ៊ុមព័ទ្ធិដីនោះ លោកនឹងប្តឹងបកវិញ ព្រោះជាបទបរិហារកេរ្តិ៍ ដ៏ធ្ងន់ធ្ងរមួយ ខណៈដែលលោក មិនមានសិទ្ធិអ្វីគ្រប់គ្រង លើដីកើតហេតុ តាំងពីឆ្នាំ២០១៤ តរៀងមក៕PC