Home ព័ត៌មានជាតិ សង្គម រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជំរុញ​ព​ន្លឿ​ន​គម្រោង​ប្លង់​សាងសង់ អគារ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ បូកគោ​ជាថ្មី​

ដោយៈ ទេព មង្គល​/​ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើក គម្រោង ប្លង់​សាងសង់ អគារ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​បូកគោ​ជាថ្មី ដើម្បី​ដាក់ជូន ទៅ​រាជរដ្ឋាភិបាល សម្រេច ។ ការជំរុញ​ព​ន្លឿ​ន​គម្រោង​ប្លង់​សាងសង់ អគារ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​បូកគោ​ជាថ្មី​នេះ បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ នៅក្នុង​កិច្ច ប្រជុំពិភាក្សា​ការងារ របស់​ក្រុមបច្ចេកទេស សាងសង់​អគារ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​បូកគោ នៅ​ទីស្តីការក្រសួង​។​

​លោក ខៀវ កាញារីទ្ធ បានបញ្ជាក់​ថាៈ សំណង់​អគារ​ស្ថានីយ​ផ្សាយ​បន្ត​វិទ្យុ និង​ទូរទស្សន៍ នៅលើ​ភ្នំ​បូកគោ គឺ​ត្រូវមាន​ការសាងសង់​ជាថ្មី ដោយ​តម្រូវ​តាម អាកាសធាតុ នៅ​ទីនោះ ។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថាៈ ក្រុមការងារ​បច្ចេកទេស​សាងសង់ របស់​ក្រសួង​ព័ត៌មាន បានបង្ហាញ​ពី​គម្រោង​ប្លង់ សម្រាប់​ការសាងសង់ អគារ​ស្ថានីយ វិទ្យុ និង​ទូរទស្សន៍ បូកគោ ដែលមាន​លក្ខណៈ​ស្តង់ដារ ស្របតាម​បរិយាកាស និង​ធាតុអាកាស ដែល​តែងតែ​ប្រែប្រួល នៅលើ​កំពូលភ្នំ​បូកគោ និង​បទដ្ឋាន​បច្ចេកទេស នៃ​បរិស្ថាន​ជុំវិញ​នោះ ដោយ​មិនអាច យក​អគារ​ចាស់ ដែលមាន​សភាព​ទ្រុឌទ្រោម​ខ្លាំង មក​ជួសជុល​វិញ​បានឡើយ ព្រោះ​ត្រូវ ចំណាយ​ច្រើន ជាង​សាងសង់​ថ្មី ។​

លោក​រដ្ឋមន្ត្រី បានសម្រេច​ឱ្យ​ក្រុមការងារ​បច្ចេកទេស​សាងសង់ របស់​ក្រសួង​ព័ត៌មាន ចុះទៅ​សិក្សា​ពី គម្រោង​សាងសង់​ថ្មី ឡើងវិញ ហើយ​សម្រេច​ឯកភាព ជា​ប្លង់​រួម និង​ការចំណាយ នៃ​ការសាងសង់ ដើម្បី​ដាក់​សុំ​ការសម្រេច​ពី ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្រោយពី​លោក​រដ្ឋមន្ត្រី បាន​ពិនិត្យឃើញ ពីស​ភាព​ចាស់ ទ្រុឌទ្រោម ពុកផុយ នៃ​អគារ​នេះ​។​

​លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន បានឱ្យដឹងថាៈ បន្ទាប់ពី​បញ្ចប់​កិច្ច ប្រជុំ​នេះ ក្រុមការងារ​បច្ចេកទេស​សាងសង់ របស់​ក្រសួង​ព័ត៌មាន នឹងធ្វើ​ការ​ព​ន្លឿ​ន​ការងារ ចុះ​សិក្សា​បន្ថែមទៀត ដល់ទី​តាំង​សាងសង់​អគារ នៅលើ​ភ្នំ​បូកគោ​ធ្វើជា​គម្រោង​ប្លង់ មេ​លម្អិត និង​ការចំណាយ ដើម្បី​ដាក់ជូន លោក​រដ្ឋមន្ត្រី ពិនិត្យ​ម្ដងទៀត នៅពេល​ក្រោយ ។​

​សូមបញ្ជាក់ថា គម្រោង​សាងសង់ អគារ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ផ្សាយ​បន្ត​ថ្មី មាន​ទីតាំង នៅលើ​ភ្នំ​បូកគោ សម្រាប់​ផ្សាយ​បន្ត​ពី​ស្ថានីយ​កណ្តាល របស់​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ស្ថានីយ​វិទ្យុជាតិ FM វត្តភ្នំ និង វិទ្យុជាតិ FM 96 ។ អគារ​នេះ មាន​កន្លែង​ស្នាក់នៅ របស់​បុគ្គលិក បន្ទប់​ស្ទូ​ឌី​យោ សាលប្រជុំ ទីតាំង​អង់​តែ​ន និង​ទីធ្លា​សម្រាប់​ចត​យានយន្ត និង​មាន​ផ្លូវ​ចូល សម្រាប់​ជនពិការ​ផងដែរ ។ សារសំខាន់ នៃ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ បូកគោ​នេះ មាន​លក្ខណៈ អំណោយផល អាច​ផ្សាយបាន ទៅកាន់​តំបន់​ឆ្ងាយៗ និង​នៅ ជុំវិញ​ខេត្តកំពត ពិសេស​សម្រាប់​អ្នកនេសាទ នៅ​សមុទ្រ​អាច​ស្តាប់ និង​បើក​មើលឃើញ ព័ត៌មាន​ថ្មីៗ ទាន់​ហេតុការណ៍ ហើយ​អ្វីដែល​សំខាន់ គឺ​ការផ្សាយ​ព្យាករណ៍​អាកាសធាតុ សម្រាប់​អ្នកនេសាទ នៅតាម​សមុទ្រ បានដឹង ដើម្បី​ចៀស​ពី​ឧបទ្ទវហេតុ​ផ្សេងៗ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular