Home ព័ត៌មានជាតិ សន្តិសុខ បន្ត​សវនាការ ...

បន្ត​សវនាការ នៅ​ថ្ងៃ​២៩ ធ្នូ លើ​សំណុំរឿង​លោក សម រ​ង្ស៉ី និង​បក្ខពួក ករណី​ញុះញង់ កងទ័ព និង​រួមគំនិត​ក្បត់

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ សំណុំរឿង​លោក សម រ​ង្ស៉ី និង​បក្ខពួក​មួយចំនួនទៀត ដែល​ជាប់ ពាក់ព័ន្ធ​ករណី​ញុះញង់​កងទ័ព មិនឱ្យ​ស្តាប់​បញ្ជា​របស់ រាជរដ្ឋាភិបាល​ស្របច្បាប់ និង​បទល្មើស​រួមគំនិត​ក្បត់ បាន​ត្រូវ​តុលាការ​សម្រេច​បន្ត សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ​។

​សវនាការ​ជំនុំជម្រះ​នេះ មាន​លោក រស់ ពិសិដ្ឋ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​, លោក អ៊ឹម វណ្ណៈ និង លោក កើត សាំង ជា​ចៅក្រម​ប្រឹក្សា ព្រមទាំង​មាន​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ​។​

​យោងតាម​លិខិត​ជូនដំណឹង​របស់ លោក សេង ហៀ​ង បានបញ្ជាក់​ថាៈ ពាក់ព័ន្ធ​នឹង​ករណី ខាងលើនេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ ម្តង​រួចទៅហើយ កាលពី ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ។ ប៉ុន្តែ​ដោយសារតែ អវត្តមាន​មេធាវី ដោយហេតុ​ផល​នៃ​ការរីក​រាល ដាល​ជំងឺ​កូ​វីដ​១៩ ទើប​សាលាដំបូង រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​សវនាកា​រ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ​វិញ​។​

​គួររំលឹកថា កាលពី​ព្រឹក ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅ កងយោធពល​ខេមរភូមិន្ទ បានដាក់​ពាក្យ​ប្តឹង​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី ដែល​ទណ្ឌិត​រូបនេះ បាន​ញុះញង់ កុំ​ឲ្យ​យោធិន ស្តាប់បង្គាប់​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ ថ្នាក់ដឹកនាំ កងយោធពល​ខេមរភូមិន្ទ​។​

​ការដាក់​ពាក្យ​ប្តឹង​នេះដែរ គឺធ្វើឡើង​បន្ទាប់ពី លោក សម រ​ង្ស៉ី អតីត​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​កងទ័ព បង្វែរ​អាវុធ មកលើ​រាជរដ្ឋាភិបាល ហើយ​បាន​បង្គាប់ ឲ្យ​កងទ័ព ឈប់​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ( Facebook ) របស់ខ្លួន កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅនេះ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular