ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ក្រសួងសុខាភិបាល បានបញ្ជាក់ថាៈ ក្រសួងបានធ្វើការត្រួតពិនិត្យ និងតាមដានសុខភាព អ្នកជាប់ឃុំឃាំង នៅក្នុងបរិបទ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ ទាក់ទងនឹងវិធានការ ការពារការចម្លងវីរុសកូវីដ-១៩ ក្នុងចំណោមអ្នកជាប់ឃុំឃាំង កន្លងមក ក្រសួងសុខាភិបាល បានសហការ យ៉ាងជិតស្និទ្ធ ជាមួយអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីតាមដានមើលជាប្រចាំ នូវស្ថានភាពជំងឺផ្តាសាយធំ និងជំងឺកូវីដ ១៩។
ឆ្លើយតបទៅនឹងសេចក្តីថ្លែងការរួម របស់អង្គការលើកលែងទោសអន្តរជាតិអង្គការឃ្លាំមើល សិទ្ធិមនុស្ស និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ស្តីពីប្រទេសកម្ពុជា ៖ ភាពចាំបាច់ដើម្បី ការពារអ្នកជាប់ឃុំ ពីជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ យ៉ាងខ្លាំង ក្នុងការគោរពសិទ្ធិមនុស្ស និងការយកចិត្តទុកដាក់ លើការផ្តល់សេវាសុខភាពជូនប្រជាជន ទូទៅ ដោយមិនរើសអើង វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬអ្នកជាប់ពន្ធនាគារនោះឡើយ ដើម្បីទទួលសេវាសុខភាព ស្មើៗគ្នា ដោយមិនមានការរើសអើងឡើយ ជាពិសេស ជនងាយរងគ្រោះ ជនក្រីក្រ ជនពិការមនុស្សចាស់ជរា ស្ត្រី និងកុមារត្រូវបានទទួលការ គាំទ្របន្ថែម ទាំងផ្នែកហិរញ្ញវត្ថុ និងសង្គម ដើម្បីពួកគាត់ អាចទទួលបានសេវាសុខាភិបាល ប្រកបដោយសមភាព គុណភាព និងតម្លាភាព។
ទាក់ទងនឹងវិធានការ ការពារការចម្លង វីរុសកូវីដ-១៩ ក្នុងចំណោមអ្នកជាប់ឃុំឃាំង កន្លងមក ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធ ជាមួយអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីតាមដានមើលជាប្រចាំ នូវស្ថានភាពជំងឺផ្តាសាយធំ និងជំងឺកូវីដ-១៩ ដោយអគ្គនាយកដ្ឋានពន្ធនាគារ បានយកចិត្តទុកដាក់បន្ថែម ក្នុងការតាមដានសុខភាព អ្នកជាប់ឃុំឃាំង និងរាយការណ៏មក ក្រសួងសុខាភិបាល ក្នុងករណីមានការសង្ស័យ លើបញ្ហាសុខភាព អ្វីមួយ ដែលកន្លងមកនេះ ក្រសួង បានធ្វើអន្តរាគមន៍ ជួយពិនិត្យ និងព្យាបាល ដល់អ្នកជាប់ឃុំឃាំង ដែលមានជំងឺផ្តាសាយធំ នៅតាមបណ្តាខេត្តមួយចំនួន រួចមកហើយ រហូតពួកគេ បានជាសះស្បើយ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថាៈ ចាប់តាំងពីពេល មានការផ្ទុះព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា មក អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានតាមដានស្រាវជ្រាវ រកករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍នេះ ហើយមានបុគ្គលណាខ្លះដែលបាន មកពាក់ព័ន្ធនឹងពន្ធនាគារ ព្រមទាំងបានតាមដាន សុខភាព អ្នកជាប់ឃុំឃាំងកាន់តែហ្មត់ ចត់ថែមទៀត។
របាយការណ៍របស់ អគ្គនាយកដ្ឋានពន្ធនាគារ បង្ហាញថា មិនមានអ្នកប៉ះពាល់នឹង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” ណាម្នាក់ មានការប្រាស្រ័យទាក់ទងជាមួយអ្នកជាប់ ឃុំឃាំងឡើយ ហើយចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មណ្ឌលអប់រំកែប្រែទី១ មិនមានករណី ជំងឺផ្តាសាយធំ ដែលមានការសង្ស័យថា ជាប់ពាក់ព័ន្ធទៅនឹងការចម្លង វីរុសកូវីដ-១៩ ទាំងក្នុងចំណោមមន្ត្រី ចំនួន ៣៥៤ នាក់ និងអ្នកជាប់ឃុំឃាំង ចំនួន ៧៦០៨ នាក់ឡើយ។
លើសពីនេះទៀត បន្ទាប់ពីបានទទួលព័ត៌មាន តាមរយៈបណ្តាញសារព័ត៌មាន អំពីការ ផ្ទុះឡើងជំងឺផ្តាសសាយធំ នៅមណ្ឌលអប់រំកែប្រែទី១ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០ មក ក្រសួងសុខាភិបាល បានចាត់មន្ត្រីក្រុមឆ្លើយតបបន្ទាន់ ចុះជាបន្ទាន់ទៅកាន់មណ្ឌលអប់រំ កែប្រែទី ១ នៅយប់ថ្ងៃទី៩ និងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ដើម្បីពិនិត្យមើលស្ថានភាព សុខភាព អ្នកជាប់ឃុំ ឃាំងដោយផ្ទាល់ ហើយរបាយការណ៍របស់ អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែទី១ ជាផ្លូវការ បានបង្ហាញថា មិនមានករណីជំងឺផ្តាសាយធំក្នុងចំណោម អ្នកជាប់ឃុំឃាំង នៅទីនោះឡើយ។
ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថាៈ ក្រសួងនៅតែបន្តកិច្ចសហការជាមួយអគ្គនាយក ដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងអាជ្ញាធរថ្នាក់ក្រោមជាតិ នៅតាមបណ្តារាជធានី-ខេត្ត ទាំងអស់ ដើម្បីតាមដានមើលជាប្រចាំ នូវស្ថានភាពជំងឺផ្តាសាយធំ ដែលអាចសង្ស័យថា ជាជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ ទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា និងជំរុញ ឲ្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បន្តយកចិត្តទុកដាក់ អនុវត្តវិធានការរបស់ ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកជាប់ឃុំឃាំង ផងដែរ។ ក្រសួងសុខាភិបាល សូមអំពាវនាវដល់ គ្រប់ស្ថានប័នពាក់ព័ន្ធ ចូលរួមអនុវត្ត វិធានការរបស់ ក្រសួងសុខាភិបាល ក្នុងស្មារតីរក្សាសមភាព និងសាមគ្គីភាពគ្នា ដើម្បីទប់ ស្កាត់ការចម្លងជំងឺកូវីដ-១៩៕PC