Home ព័ត៌មានជាតិ នយោបាយ ព្រះ​តេជគុណ ស...

ព្រះ​តេជគុណ សៀវ ស៊ី​ឈុន​៖ បាន​រស់​ដោយសារ​លាក់​ប្រវត្តិរូប​

ដោយ ៖ គាត ស្រី​ឡែ​ន បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/ភ្នំពេញៈព្រះ​តេជគុណ សៀវ ស៊ី​ឈុន ព្រះជន្ម​៦៧​ព្រះវស្សា សព្វថ្ងៃ​គង់នៅ​វត្ត​ថ្មដា ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​មាន​សង្ឃដីកា​រៀបរាប់​ពី​រឿងរ៉ាវ​ជីវិត​ផ្ទាល់​របស់​ព្រះ​តេជគុណ​ដូចខាងក្រោម ៖

ព្រះ​តេជគុណ សៀវ ស៊ី​ឈុន ព្រះជន្ម​៦៧​ព្រះវស្សា សព្វថ្ងៃ​គង់នៅ​វត្ត​ថ្មដា ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ (​សុខ វណ្ណៈ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

អាត្មា​មាន​ស្រុកកំណើត​នៅ​ភូមិ​អូ​រំចេក ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ អតីត​ប្រពន្ធ​របស់​អាត្មា​ឈ្មោះ អឹម សាំង​គី និង​មានកូន​៦​នាក់ ក្នុងនោះ​ប្រុស​៤​នាក់ និង​ស្រី​២​នាក់​។ ម្ដាយ​អាត្មា​ឈ្មោះ ជា តាំង​ហូ​ន និង​ឪពុក​ឈ្មោះ ញ៉ឹក សៀវ​។ អាត្មា​ជាប់សែស្រឡាយ​ចិន និង​យួន​ខ្លះ ពីព្រោះ​ជីដូន​របស់​អាត្មា​គឺជា​ជនជាតិ​វៀតណាម និង​ជីតា​របស់​អាត្មា​គឺជា​ជនជាតិ​ចិន​។​

បន្ទាប់ពី​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ អាត្មា​បាន​ប្រឡង​ជាប់​ឌី​ប្លូ​ម និង​ត្រូវបាន​របប​សាធារណរដ្ឋ​ខ្មែរ​កំណែន​ឲ្យ​ចូលធ្វើ​ទាហាន ប៉ុន្តែ​អាត្មា​និង​សិស្ស​ផ្សេងទៀត​បាន​បដិសេធ​។ ពេលនោះ គ្រូ​របស់​អាត្មា​បាន​ណែនាំ​ឲ្យ​សិស្ស​ទាំងអស់​រួមទាំង​អាត្មា​ផង​បួស​ជា​ព្រះ​ស​ង្ឈ​ទាំងយប់​ដើម្បី​គេច​ពី​ការចាប់​ឲ្យ​ធ្វើ​ទាហាន​។ នៅពេល​ព្រឹក​ថ្ងៃ​បន្ទាប់ មន្ត្រី​ខាង​របប​សាធារណរដ្ឋ​ខ្មែរ​បានមក​យក​រូប​អាត្មា និង​សិស្ស​ទាំងអស់​ទៅ​បំពេញ​ប្រវត្តិរូប​ចូលធ្វើ​ទាហាន ប៉ុន្តែ​ត្រូវបាន​លោកគ្រូ​របស់​អាត្មា​ប្រាប់ថា សិស្ស​បាន​បួស​អស់ហើយ ទើប​អាត្មា និង​អ្នក​ផ្សេងទៀត​បាន​រួច​ផុតពី​ការចាប់យក​ទៅធ្វើជា​ទាហាន​។ ក្រោយមក អាត្មា​បាន​រៀន​បាលី និង​រៀន​ធម៌​នៅ​វត្ត​កែង​សុវណ្ណ បាន​រយៈពេល​ជិត​មួយឆ្នាំ ទើប​អាត្មា​សឹក​មក​រស់នៅ​ជាមួយ​ឪពុកមា​នៅ​ស្រុក​មោងឫស្សី ខេត្តបាត់​ដំបង​។ ឪពុកមា​របស់​អាត្មា គឺជា​មេទាហាន​ម្នាក់​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ប្រចាំ​នៅ​ស្រុក​មោងឫស្សី​។ នៅពេល​នោះ​ឪពុកមា​របស់​អាត្មា​បាន​ឲ្យ​អាត្មា​ចូលធ្វើ​ទាហាន និង​នៅ​ជាមួយ​គាត់​។ អាត្មា​បាន​ចូលធ្វើ​ទាហាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ក៏​សុំ​ឪពុកមា​លាឈប់ ពីព្រោះ​អាត្មា​បានឃើញ​ទាហាន​ស្លាប់ និង​របួស​ច្រើន​នៅពេល​ប្រយុទ្ធ​ជាមួយ​កងទ័ព​ខ្មែរក្រហម​ម្តងៗ​។ បន្ទាប់មក​អាត្មា​ក៏បាន​បួស​ម្ដងទៀត​នៅ​វត្ត​សូរិយា​មោង និង​ប្រឡង​ជាប់​បាលី​រង​ដោយ​​​ទទួលបាន​និ​ទេ្ទ​ស​ល្អ​។ ដោយមាន​ការជំរុញ​លើកទឹកចិត្ត​ពី​លោកគ្រូ អាត្មា​ក៏បាន​ដាក់ពាក្យ​ប្រឡង​ចូល​រៀន​នៅ​សាលា​អេ​ទង់ ខេត្តបាត់ដំបង និង​បាន​គង់នៅ​វត្ត​ពោធិ៍​វាល រយៈពេល​មួយឆ្នាំ​ទើប​ប្រឡង​បញ្ចប់​ថ្នាក់​។

នៅ​ចុងឆ្នាំ​១៩៧២ អាត្មា​ត្រូវបាន​កំណែន​ឲ្យ​ធ្វើ​ទាហាន​ម្តងទៀត​។ កាលនោះ អាត្មា​គឺជា​នាយទាហាន​ពាក់​ស័ក្តិ​ពីរ​ប្រចាំ​នៅ​ពេជ្រនិល ខេត្តកំពង់ស្ពឺ​។ នៅ​ខណៈនោះ អង្គភាព​របស់​អាត្មា បាន​ឡើងទៅ​ជួយ​អន្តរាគមន៍​នៅក្នុង​ខេត្តកំពង់ធំ​, ខេត្តកំពង់ចាម និង​ខេត្តព្រៃវែង​។ អង្គភាព​អាត្មា​ក៏​ត្រូវបាន​បញ្ជូនទៅ​វាយ​តទល់​នឹង​កម្លាំង​ខ្មែរក្រហម​​នៅ​ម្តុំ​អង្គតាសោម ស្ថិតនៅ​ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ ហើយ​បន្ទាប់ពី​បាក់ទ័ព​នៅ​ត្រាំកក់ អង្គភាព​របស់​អាត្មា​ត្រូវបាន​ដក​មកឈរ​ជើង​នៅ​ចោមចៅ ក្នុង​ក្រុងភ្នំពេញ​វិញ​។

នៅ​រវាង​ឆ្នាំ​១៩៧២-១៩៧៣ ទាហាន លន់ នល់ បាន​វាយ​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​វៀត​កុង​ដែល​សហការ​ជាមួយ​ខ្មែរក្រហម​ឬ​ហៅថា​ប្រតិបត្តិការ​ចេនឡា​ទី​១​។ ការប្រយុទ្ធ​គ្នា​រវាង​ទាហាន លន់ នល់ និង​កងទ័ព​វៀត​កុង​នៅ​ចេ​ឡា​នទី​១ គឺមាន​ទ្រង់ទ្រាយ​មធ្យម ប៉ុន្តែ​ការប្រយុទ្ធ​នៅ​អំឡុង​ប្រតិបត្តិការ​ចេ​ឡា​ទី​២ គឺមាន​ទ្រង់ទ្រាយ​ធំ ដែលជា​សមរភូមិ​ក្ដៅ​។ បន្ទាប់ពី​ប្រតិបត្តិការ​ចេនឡា​ទី​១ និង​ទី​២ អង្គភាព​អាត្មា​ត្រូវបាន​បញ្ជូនទៅ​វាយ​នៅ​ខេត្​តកំពង់ចាម បន្ទាប់មក​អាត្មា​បន្តទៅ​វាយ​នៅ​ខេត្តព្រៃវែង នៅ​ព្រែ​កតា​មាក់ និង​ព្រៃ​បាំង​។ អាត្មា​បាន​តាំងចិត្ត​ថា អាត្មា​ត្រូវតែ​ហ៊ាន និង​ត្រូវតែ​ក្លាហាន​។ នៅក្នុង​អង្គភាព អាត្មា​កាច​ខ្លាំងណាស់ និង​ម៉ត់ចត់​នឹង​ការងារ​។ កូន​ទាហាន​ណា​ហ៊ាន​ប្រព្រឹត្ត​បទល្មើស និង​ខុស​វិន័យ អាត្មា​បានដាក់​ទណ្ឌកម្ម​។ អាត្មា​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ និង​វិធីសាស្ត្រ​ផ្សេងៗ​ដែល​អាត្មា​ចេះដឹង​ដើម្បី​ដឹកនាំ​កូនទាហាន នៅក្នុង​សមរភូមិ និង​នៅក្នុង​បន្ទាយ​។

​អាត្មា​បានឃើញ​ទាហាន​ស្លាប់​ច្រើន ជាពិសេស​ការប្រយុទ្ធ​គ្នា​នៅក្នុង​ខេត្តកំពង់ធំ ដែល​ពេលនោះ​អាត្មា​ទើបតែ​ឡើង​បាន​ស័ក្តិ​១ កាន់​មួយ​កងអនុសេនាធំ ដែលមាន​កូនទាហាន​ជាង​១០០​នាក់​។ នៅពេល​វាយ​ប្រយុទ្ធ​គ្នា​ម្តងៗ​មានកូន​ទាហាន​ស្លាប់​២​ទៅ​៣​នាក់ ហើយ​ថ្លៃ​ខ្លះ​បាន​ស្លាប់​ច្រើន​ជាងនេះទៅទៀត​។​
​ ​រហូត​ដល់ពេល​ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ អាត្មា​មិនបាន​ត្រឡប់មក​រស់នៅក្នុង​ស្រុក​កំណើត​វិញ​ទេ គឺ​អាត្មា​បាន​ទៅ​រស់នៅ​ក្នុងភូមិ​មួយ​នៃ​ស្រុក​កណ្តៀង តំបន់​៧ ភូមិភាគ​ពាយ័ព្យ​។ អាត្មា​បាន​លាក់​ប្រវត្តិរូប និង​ក្លែងខ្លួន​ជា​ប្រជាជន​ធម្មតា​។ នៅ​អំឡុង​ពេលនោះ ក៏​នៅតែមាន​ប្រជាជន​ខ្លះ​បាន​ស្គាល់ និង​ដឹងថា​អាត្មា​ធ្លាប់បាន​បួស និង​រៀនសូត្រ​បាន​ច្រើន​។ ប៉ុន្តែ​ប្រជាជន​ទាំងនោះ​មិនបាន​ដឹងថា​អាត្មា​ធ្លាប់​ធ្វើ​ទាហាន លន់ នល់ និង​បាន​ពាក់​ស័ក្តិ​ពីរ​នោះទេ​។ ប្រសិនជា​ខ្មែរក្រហម​បានដឹងថា​អាត្មា​ធ្លាប់ធ្វើ​ទាហាន លន់ នល់ និង​បាន​ពាក់​ស័ក្តិ​ពីរ​ប្រហែលជា​អាត្មា​គ្មាន​ជីវិត​រស់នៅ​ដូច​រាល់ថ្ងៃនេះ​ទេ​។ ខ្មែរក្រហម​បាន​ស្រាវជ្រាវ​រក​ទាហាន លន់ នល់ គ្រូបង្រៀន និង​និស្សិត​ស្ទើរ​រាល់ថ្ងៃ​នៅក្នុង​របប​នោះ​។ អាត្មា​បាន​ប្រាប់​ប្រធាន​កង​ថា អាត្មា​ធ្លាប់បាន​បួស និង​រៀនសូត្រ​នៅ​វត្ត​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ​។

នៅក្នុង​របប​ខ្មែរក្រហម អាត្មា​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើការ​ខាង​ដឹកជញ្ជូន​សម្ភារ និង​ស្បៀង​ពី​សហករណ៍​ទៅ​ផ្គត់​ផ្គង់​កងចល័ត និង​កងទ័ព​។ នៅក្នុង​ឆ្នាំ​១៩៧៨ ខ្មែរក្រហម​បាន​ចាត់តាំង​អាត្មា​ឲ្យ​ដឹកជញ្ជូន​អ្នក​ជម្លៀស​មកពី​ខេត្ត​ស្វាយរៀង និង​ខេត្តព្រៃវែង ដោយ​ប្រាប់ថា​ផ្លាស់​ឲ្យ​ទៅ​នៅ​សហ​រណ៍​ផ្សេងទៀត ឬ​ទៅ​ច្រូតស្រូវ ប៉ុន្តែ​តាម​ការ​ពិត​​​ខ្មែរក្រហម​បាន​ចាត់តាំង​អាត្មា​ឲ្យ​ដឹក​ប្រជាជន​ជម្លៀស​ទាំងនោះ​ទៅ​ឲ្យ​កងឈ្លប​ខ្មែរក្រហម​។ អ្នក​ជម្លៀស​ទាំងនោះ រួមមាន មនុស្ស​ចាស់ និង​ក្មេងៗ​រាប់រយ​នាក់​ត្រូវបាន​ឈ្លប​យកទៅ​សម្លាប់ចោល​ដោយ​ខ្មោច​ត្រូវ​បាន​គរ​ទុកចោល​នៅ​មួយកន្លែង​។ ខ្មែរក្រហម​បានសម្លាប់​ប្រជាជន​ទាំងអស់នោះ​គ្មាន​ប្រណី​ឡើយ​។ នៅពេល​អាត្មា​បានឃើញ​ទិដ្ឋភាព​ទាំងនោះ​ហើយ​អាត្មា​មាន​សេចក្តី​រន្ធត់ និង​អាណិត​ពន់ពេក​ដល់​ប្រជាជន​ទាំងនោះ​។ កន្លែង​ដែល​ខ្មែរក្រហម​សម្លាប់​ប្រជាជន​នោះ គឺ​ស្ថិតនៅ​ក្នុងព្រៃ និង​ក្បែរ​បឹង ក្នុងស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។

ព្រះវិហារ​វត្ត​ថ្មដា​ដែល​សាងសង់​មិនទាន់​ហើយ​រួចរាល់ ស្ថិតនៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ (​សុខ វណ្ណៈ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩ អាត្មា​បាន​ផ្លាស់​មក​នៅ​រស់នៅ​ភូមិ​ពោធិ៍​វង្ស ហើយ​ត្រូវបាន​រដ្ឋអំណាច​ចាត់តាំង​ឲ្យ​ធ្វើជា​ប្រធានភូមិ​។ ក្រោយមក អាត្មា​បាន​ឡើង​ធ្វើ​ប្រធាន​យុវជន​ឃុំ និង​ប្រធាន​ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។ មិនយូរប៉ុន្មាន អាត្មា​បាន​ចូលធ្វើ​កងទ័ព​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​ត្រូវ​បែក​ពី​ប្រពន្ធ​កូន នៅពេល​រដ្ឋាភិបាល​បញ្ជូន​អាត្មា​ឡើងទៅ​វាយ​តទល់​នឹង​ខ្មែរក្រហម​នៅ​រលាក់​កងជើង ក្នុង​ខេត្ត​កំពង​ស្ពឺ និង​នៅ​ភ្នំ​ខ្មោច​។ ពេលនោះ អាត្មា​នៅក្នុង​កងពល​លេខ​៤ ហើយ​អង្គភាព​អាត្មា​បាន​ផ្លាស់​មកឈរ​ជើង​នៅ​ថ្មដា និង​ទឹកធ្លាក់ ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ពេលនោះ​កងទ័ព​រដ្ឋាភិបាល​បាន​សហការ​ជាមួយ​កងទ័ព​វៀតណាម​ដើម្បី​វាយ​តទល់​ជាមួយ​កងទ័ព​ខ្មែរក្រហម​។
​នៅពេល​បោះ​ឆ្នា​ត​សកល​លើក​ទី​១ ដែល​រៀបចំ​ដោយ អ៊ុន តាក់ នៅ​ឆ្នាំ​១៩៩៣ អាត្មា​បាន​នៅ​រៀបចំ​ការបោះ​ឆ្នា​ត​នៅ​តំបន់​ប៉ៃលិន​។ បន្ទាប់ពី​បោះឆ្នោត​រួច កងពល​របស់​អាត្មា​បាន​បន្ត​វាយ​ជាមួយ​កម្លាំង​ខ្មែរក្រហម​នៅ​តំបន់​ប៉ៃលិន ហើយ​អាត្មា​បាន​ត្រូវរបួស​។ បន្ទាប់ពី​ព្យាបាល​បានជា​សះស្បើយ​ហើយ អាត្មា​ក៏បាន​ឈប់​ធ្វើ​ទាហាន​។ នៅ​ឆ្នាំ​២០១២ អាត្មា​បាន​បួស​ជា​ព្រះ​ស​ង្ឈ​ម្តងទៀត និង​បាន​គង់នៅ​វត្ត​ថ្មដា​រហូតមកដល់​សព្វ​ថ្ងៃ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular