ប្រែសម្រួលៈវាសនា/ហាណូយ៖តុលាការវៀតណាមមួយកាលពីថ្ងៃសុក្របានកាត់ទោសអតីតប្រធានក្រុងហាណូយអោយជាប់គុក៥ឆ្នាំ ចំពោះការប្រើប្រាស់ឯកសារសម្ងាត់រដ្ឋមិនត្រឹមត្រូវនិងនិងប្រើប្រាស់ទ្រព្យសម្បត្តិខុស ដែលនាំអោយខាតបង់ថវិការរដ្ឋជាង៤០លានដុល្លារ។
ក្នុងសាលក្រមអាននៅតុលាការ ចៅក្រមម្នាក់បាននិយាយថាលោក ង្វៀន ឌឹក ជុង អាយុ៥៣ឆ្នាំ អតីតប្រធានគណៈកម្មាធិការប្រជាជនក្រុងហាណូយ ជាមេគំនិតក្នុងករណីដែលពាក់ព័ន្ធការលួចរត់ពន្ធគ្រឿងបរិក្ខាអគ្គិសនី តាមរយៈក្រុមហ៊ុនបច្ចេកវិទ្យាមួយចូលក្នុងប្រទេសវៀតណាម។
ចៅក្រមបាននិយាយថា ចំណូលលួចលាក់ប្រមូលបានដោយក្រុមហ៊ុននេះនាំអោយខាតបង់ថវិការដ្ឋប្រមាណ១ទ្រីលានដុង(៤៣,២៤លានដុល្លារ) ។
លោកជុងបានឆ្លើយទទួលទោសកំហុសនៅពេលចាប់ផ្តើមសវនាការនិងបានសុំទោសបក្សកុំម្មុយនីស្តចំពោះអំពើរបស់ខ្លួន។
មនុស្ស៣នាក់ទៀត រួមមានអតីតប៉ូលិសម្នាក់ ត្រូវបានផ្តន្ទាទោសអោយជាប់គុករវាង១៨ខែនិង៤ឆ្នាំកន្លះ ចំពោះករណីនេះ។
ការកាត់ទោសនេះកើតឡើងនៅពេលរដ្ឋាភិបាលវៀតណាមបានបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលនាំដល់ការចាប់ខ្លួនដាក់គុកមន្ត្រីជាន់ខ្ពស់ជាច្រើននាក់នៅមុនសមាជបក្ស៥ឆ្នាំម្តង៕
ធ្លាប់មានគេគោរពកោតខ្លាចច្រើន លោកជុងធ្លាប់ដឹកនាំប៉ូលិសក្រុងហាណូយ មុនឡើងកាន់តំណែងប្រធានក្រុងហាណូយនៅឆ្នាំ២០១៥