Home ព័ត៌មានជាតិ នយោបាយ អ្នកនាំពាក្យ​...

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ឆ្លើយតប​បួន​ចំណុចទៅ​អ្នករាយការណ៍​ពិសេស​អ​.​ស​.​ប​និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃទៀត

ដោយៈ​មុនី​រ័ត្ន​,​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ស្របគ្នា​ជាមួយនឹង​ក្រសួងសុខាភិបាល​ដែល​បាន​ឆ្លើយតប​ទៅ​អ្នករាយ​ការណ៍​​​ពិសេស​អ​.​ស​.​ប​និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃទៀត អំពី​វិធាន​ការបង្ហាញ​អត្តសញ្ញាណ​អ្នកធ្វើ​តេស្ត​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​នោះ លោក ជិន មា់​លីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានធ្វើការ​ឆ្លើយតប​និង​បំភ្លឺ​ដែរ​។​

លោក ជិន មា់​លីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​(រូបឯកសារ)

​ក្នុង​ផេ​ក​ផ្លូវការ​របស់់លោក​នៅ​ថ្ងៃទី​១១​ខែធ្នូ​នេះ​បាន​បំភ្លឺ​លើ​បួន​ចំណុច​ធំៗ​។​លោក​បញ្ជាក់ថា​ទី​១. វិធានការ​នេះ មិនមែនជា​ការរំលោភ​លើ​សិទ្ធិ​បុគ្គល​និង​ឯកជន​ភាព​នៃ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​នោះទេ តែ​ផ្ទុយទៅវិញ វា​ជា​វិធានការ​ចាំបាច់​ក្នុង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ដទៃទៀត​ដោយផ្ទាល់​និង​ប្រយោល​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ការឆ្លង​កាន់​ច្រើន​ចូលក្នុង​សហគមន៍​។ វិធានការ​នេះ​ក៏ត្រូវ​បានអនុញ្ញាត​ផងដែរ​តាម​គោលការណ៍​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​កម្ពុជា​ប្រកាន់យក គោលការណ៍​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​បែប​សមូហភាព​និយម ដោយ​តម្កល់​ផលប្រយោជន៍​រួម​របស់​សហគមន៍​ជាធំ​ហើយ​ជា ពិសេស ក្នុង​កាលៈទេសៈ​គ្រោះថ្នាក់​បែបនេះ សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ទទួលបាន​នូវ​ការការពារ និង​សង្គ្រោះ​របស់​ពលរដ្ឋ​និង​សហគមន៍ មានតម្លៃ​និង​អទិភាព​ជាង​សិទ្ធិ​ណាៗ​ទាំងអស់​។
​ទី​២. ការបង្ហាញ​អត្តសញ្ញាណ​នេះ មិនមែន​ការ​ធ្វើទុក្ខបុកម្នេញ និង​រើសអើង​ចំពោះ​អ្នក​ដែល​វិជ្ជមាន​កូ​វីដ​-១៩​នោះទេ ព្រោះថា វិធានការ​នេះ មានការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ពី​ពួកគាត់ ហើយ​ថ្នាក់ដឹកនាំ​កំពូល​ក៏បាន​ថ្លែង​សារ​ជា​សាធារណៈ​ផងដែរ កុំឱ្យ​មានការ​រើសអើង​ចំពោះ​ពួកគាត់​។​
៣. វិធានការ​នេះ មិនបាន​រារាំង​ដល់​ការធ្វើ​តេស្ត​ដោយ​ស្ម័គ្រចិត្ត​របស់​អ្នកពាក់ព័ន្ធ​ដទៃទៀត​ដូច​ការចោទប្រកាន់​នោះទេ តែ​ផ្ទុយទៅវិញ វិធានការ​នេះ​មានការ​ចូលរួម​និង​គាំទ្រ​ពី​ជនរួមជាតិ​ទូទាំងប្រទេស ដែល​ធ្វើឱ្យ​ចំនួន​អ្នក​មក​ធ្វើតេស្ត​ដោយ​ស្ម័គ្រចិត្ត​ទាំង​អ្នក​ដែល​បាន ពាក់ព័ន្ធ​ដោយផ្ទាល់​ក្តី និង​ប្រយោល​ក្តី មានការ​កើន​ឡើងជា​លំដាប់​។​

​ចំណុច​ទី​៤​ដែលជា​ចំណុច​ចុងក្រោយ​លោក​សង្កត់ធ្ងន់ថា​ចំពោះ​ការរិះគន់​អំពី​ស្ថានភាព​ពន្ធនាគារ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​វិញ​រដ្ឋាភិបាល​បានដាក់​ចេញ​វិធានការ​យ៉ាង​ម៉ត់ចត់​និង​ម៉ឹងម៉ាត់​ក្នុងការ​ទប់ស្កាត់​ការឆ្លង​ចូលក្នុង​ពន្ធនាគារ​រួមមាន​ការធ្វើ​តេស្ត​អ្នកពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល ទាំង​មន្ត្រី​ពន្ធនាគារ​និង​អ្នក​ជាប់ឃុំ វិធានការ​ច​ត្តា​ឡី​ស័ក និង​វិធានការ​សុខភាព​អនាម័យ​ដ៏ទៃទៀត​ជាដើម ។​ល​។ ហើយ​មកដល់​ពេលនេះ មិនមាន​សញ្ញាណ​ឬ​ការបង្ហាញ​ណាមួយ​ថា មាន​អ្នក​ជាប់ឃុំ​វិជ្ជមាន​កូ​វីដ​-១៩​នៅឡើយ​ទេ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular