ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈមិនត្រឹមតែសប្បុរសជនខ្មែរនៅក្នុងប្រទេសទេ លោក Tan Sri Dato’ Dr Cheng Lip Keong ដែលជាមហាសេដ្ឋីម៉ាឡេស៊ី ក៏៏បានបរិច្ចាគថវិកាចំនួនប្រាំលានដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដែរ។
លោក Tan Sri Dato’ Dr Cheng Lip Keong ដែលជាមហាសេដ្ឋីម៉ាឡេស៊ី ក៏៏បានបរិច្ចាគថវិកាចំនួនប្រាំលានដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា(រូបថតឯកសារ)
ឆ្លើយតបនឹងការបរិច្ចាគនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះលោក តាន់ស្រ៊ី។ ក្នុងលិខិតថ្លែងអំណរគុណនៅថ្ងៃទី១១ ខែធ្នូនេះសម្តេចតេជោបានសង្កត់ធ្ងន់ថា វិភាគទានរបស់លោក តាន់ស្រ៊ី ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយនឹងត្រូវបានចងចាំទុកក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី៧ ខែធ្នូបានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួនមួយលានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
ក្រោយការប្រកាសរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល, ព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ ថ្នាក់ដឹកនាំស្ថាប័នជាតិ អ្នកឧកញ៉ា ឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។
រហូតមកដល់ថ្ងៃទី១១ ខែធ្នូ នេះ ថវិការបស់សប្បុរសជនមានជាង ៤០លានដុល្លារអាម៉េរិក៕សរន