ដោយ: ប.ខុន / ភ្នំពេញ: មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងធានាអះអាងថា នឹងផ្គត់ផ្គង់ទឹកសម្រាប់ដំណាំស្រូវប្រាំងលើផ្ទៃដីចំនួនប្រមាណជា៨០០ហិកតា នៅឃុំមេលំ និងឃុំផ្សារស្រុកបរិបូណ៍ មិនឱ្យខ្វះឡើយនៅក្នុងរដូវប្រាំងនេះ បន្ទាប់ពីនៅតាមដងស្ទឹងបរិបូណ៍មានសំណង់ស្ទាក់ទឹកអាចាង និងលំហាចបានធ្វើរួចមក។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០២០ថា ដំណាំស្រូវចុងរដូវវស្សា(ស្រូវប្រាំង) របស់ប្រជាពលរដ្ឋនៅឃុំមេលំ និងឃុំផ្សារស្រុកបរិបូណ៍កាលពីប៉ុន្មានឆ្នាំមុន ប្រឈមនឹងការខ្វះទឹកនៅឆ្នាំខ្លះ ដែលមានភ្លៀងចុងរដូវវស្សាខ្សត់ខ្សោយ តែឥឡូវលែងបារម្ភហើយដោយសារយើង(ប៊ុនថុន) សំណង់ស្ទាក់ទឹកកាត់ស្ទឹងបរិបូណ៍ចំនួនពីរកន្លែងបានធ្វើរួច គឺអាចាងនិងលំហាច ដែលអាចទម្លាក់ទឹកមកប្រើ ប្រាស់នៅផ្នែកខាងក្រោមពេលត្រូវការអន្តរាគមន៍ដល់ដំណាំស្រូវខ្វះទឹក។
ប្រធានមន្ទីរខាងលើនិយាយឱ្យដឹងទៀតថា ចំពោះដំណាំស្រូវចំនួន ៨០០ហិកតា ដែលប្រជាពលរដ្ឋនៅក្នុងឃុំទាំង២ខាងលើ បាននាំគ្នាទាញយកទឹកពីក្នុងស្ទឹងមកស្រោចស្រព ដោយប្រើធ្នស់កាត់ស្ទឹងដើម្បីស្ទឹកទឹកដូចរាល់ឆ្នាំនោះ នៅពេលនេះមន្ទីរបានបញ្ជូនគ្រឿងចក្រទៅជួយពង្រឹងជើងក្រោម នៃសរសរធ្នស់ និងកាយប្រឡាយបើកមុខទឹកនៅសងខាងត្រចៀកធ្នស់ឱ្យធំទឹកហូរច្រើន ចូលទៅក្នុងប្រឡាយ ព្រមពេលជាមួយគ្នានេះ មន្ទីរក៏បានបិតទ្វារទឹកនៅសងខាងទំនប់ស្ទាក់ទឹកចូលប្រឡាយនៅផ្នែកខាងលើ (អាចាង) ដើម្បីឱ្យទឹកហូរតាមស្ទឹងមកក្រោមច្រើនជួយទៅដល់ដំណាំស្រូវកំពុងត្រូវការទឹក នៅក្នុងឃុំមេលំនិងឃុំផ្សារ ដែលចំនួន៣០០ហិកតា នៅក្នុងចំណោម៨០០ហិកតាបានប្រមូលផលរួចហើយ និងចំនួន១០០ហិកតានៅ ក្នុងចំណោម៥០០ហិកតាទើបដាំដុះថ្មី។
លោក ដោក ប៊ុនថុន និយាយឱ្យផងដែរថា ពីមុនមិននៅចុងរដូវវស្សាឆ្នាំខ្លះ ស្ទឹងបរិបូណ៍មិនមានទឹកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ដំណាំស្រូវ នៅតាមដងស្ទឹងនេះទេ ដោយសារទឹកហូរធ្លាក់ចូលទន្លេអស់ តែឥឡូវយើងមានសំណង់ស្ទាក់ទឹកទុកតាមប្រព័ន្ធធារាសាស្ត្រ និងក្នុងស្ទឹងបរិបូណ៍ទុកសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃ និងការងារបង្កបង្កើនផលទាំងប្រាំងនិងវស្សា។
គួរនិយាយឱ្យដឹងថា ខេត្តកំពង់ឆ្នាំងមានផែនការផលិតស្រូវប្រាំងឆ្នាំ២០២០-២០២១ ចំនួន ២៩.៥០០ហិកតា ដែលគិតដល់ត្រឹមដំណាច់ខែវិច្ឆិកាអនុវត្តបាន ស្មើប្រមាណជា២៧.៩២ភាគរយនៃផែនការ៕