Home កម្សាន្ត តារាចម្រៀង អេ...

តារាចម្រៀង អេង ស្រីអូន បញ្ចេញ​បទ “​អូន​មិនមែនជា​ធនាគារ​” ទទួល​ការគាំទ្រ​ជាថ្មី​

ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារាចម្រៀង​សំនៀង​ពិ​រោះ កញ្ញា អេង ស្រីអូន បានធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ជាថ្មី ក្រោយពី​អ្នកនាង​បញ្ចេញ​បទ​ចម្រៀង​ថ្មី ក្នុង​ផលិតកម្ម Gold គឺ​បទ “​អូន​មិនមែនជា​ធនាគារ​” មានការ​ផ្ទុះ​ការគាំទ្រ​យ៉ាងខ្លាំង​ដោយ​មិន​នឹកស្មាន​។​

​បទ​ចម្រៀង​ថ្មី​នេះ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​សោះ ស្រាប់តែ​ទទួលបាន​ការពេញចិត្ត​ច្រើន បន្ទាប់​ពីបទ​ចម្រៀង​មុននេះ​របស់​តារាចម្រៀង អេង ស្រីអូន គឺ​បទ “​ថែ​អូន​ផង​ទាន់​អូន​នៅ​ស្រលាញ់​” ដែល​ទទួលបាន​ការគាំទ្រ​មិនធម្មតា​ផងដែរ​។

​កញ្ញា អេង ស្រីអូន បាន​ប្រាប់ថា នាង​បាន​ឈាន​ជើង​ចូលប្រឡូក​ក្នុង​អាជីព​សិល្បៈ​អស់​រយៈពេល​១០​ឆ្នាំ​មក ដែល​ផ្តើម​ពី​ការ​ច្រៀង​តាម​ភោជនីយដ្ឋាន និង Pub រហូតដល់​ឆ្នាំ​២០១៨ ទើប​នាង​ចូល​ច្រៀង​ក្នុង​ផលិតកម្ម Gold ជា​ផ្លូវការ និង​មាន​បទ​ចម្រៀង​ប្រមាណ​១០​បទ​។

​តារា​ស្រី​រូបនេះ បាន​បង្ហើប​ឱ្យដឹងថា នាង​ក៏​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Cambodia Idol រដូវ​កាល​ទី​១ កាលពី​អំឡុង​ឆ្នាំ​២០១៥​ផងដែរ​។ ម្ចាស់​ពានរង្វាន់​លេខ​២ លើ​ការប្រកួត​កម្មវិធី​ពេជ្រ​កំពុង​ច្នៃ ឆ្នាំ​២០១៨ រូបនេះ​បាន​លើកឡើងថា បទ​ចម្រៀង​របស់​នាង​កន្លងមក ទទួលបាន​ការគាំទ្រ​មួយចំនួន​ប៉ុណ្ណោះ មិនសូវ​ខ្លាំងក្លា​ឡើយ ទើបតែ​មួយរយៈ​ចុងក្រោយ​នេះ មាន​ទស្សនិកជន​ជាច្រើន​ចាប់ផ្តើម​ស្គាល់​នាង​តាមរយៈ​បទ​ចម្រៀង​ខាងលើ​។ កាន់តែ​ស្គាល់​តារាចម្រៀង​ស្រី​វ័យ​២៥​ឆ្នាំ​រូបនេះ គឺ​ក្រោយពី​នាង​បាន​ក្លាយជា​អ្នកលក់​អន​ឡាញ​យីហោ DW នោះ​ផងដែរ​។

​តារាចម្រៀង​សម្រស់​ស្អាត​រូបនេះ បាន​បញ្ជាក់ថា បទ​ចម្រៀង​ថ្មី​ដែល​នាង​ទើបនឹង​បញ្ចេញ​ដើមឡើយ​មិន​រំពឹង​ច្រើន​ដល់​កម្រិត​នេះ​ទេ ប៉ុន្តែ​នាង​ពិតជា​រំភើប​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​បែបនេះ ហើយ​នា​ងក​ត្រៀម​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ទាំង​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ និង​មនោសញ្ចេតនា ដើម្បី​បំពេញ​ការគាំទ្រ​របស់​ទ​ស្ស​និក​ជន​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular