ដោយ: មុនីរ័ត្ន / ភ្នំពេញ: មនុស្សចំនួន ៩២៧នាក់បានស្លាប់ និង២៧៥៨នាក់បានរងរបួសធ្ងន់ស្រាល (របួសធ្ងន់ចំនួន ១៦៧១នាក់) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលកើតឡើងចំនួន ១៨៣៨លើក ក្នុងរយៈពេល ២២៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ កើតឡើង ១២លើក ស្លាប់ ៥នាក់ និងរបួស២២នាក់ ។ នេះបើការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ២២៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២៣២១៣០គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៧០៩១០គ្រឿង និងរថយន្តមានចំនួន ៦១២២០គ្រឿង។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕