ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: អាវុធហត្ថពង្រឹងគុណភាព ការងារហ្វឹកហ្វឺន បណ្តុះបណ្តាល បំប៉នវគ្គវិក្រឹតការ និងធ្វើបច្ចុប្បន្នភាពមួយចំនួន។
មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងកាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០២០ ថា៖ ក៏ដូចអាវុធហត្ថខេត្តនិងរាជធានីដទៃទៀតដែរ គឺត្រូវតែពង្រឹងគុណភាព ការងារហ្វឹកហ្វឺន បណ្តុះបណ្តាល បំប៉នវគ្គវិក្រឹតការ និងធ្វើបច្ចុប្បន្នភាព។
នេះបើយោងកិច្ចប្រជុំផ្សព្វផ្សាយមួយតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) នៅសាលប្រជុំតូចជាន់ទី៣ អាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការការរង អាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារអប់រំ បណ្ដុះបណ្ដាល និងហ្វឹកហ្វឺន។
នៅបញ្ជការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហតហថខេត្ត បានដឹកនាំ។ លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន, លោកអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ, លោកនាយការិយាល័យហ្វឹកហ្វឺន, លោកនាយលេខាធិការដ្ឋាន ចំនួន២៣នាក់ បានអញ្ជើញចូលរួមប្រជុំស្ដាប់ការផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពី វិធានការពង្រឹង ការអនុវត្តន៍ លក្ខន្តិក:ទូទៅ ចំពោះយោធិន , បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងផ្សព្វផ្សាយសេចក្តីសម្រេចរបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការបង្កើតក្រុមការងារ ពង្រឹងគុណភាព ការងារហ្វឹកហ្វឺន បណ្តុះបណ្តាល បំប៉នវគ្គវិក្រឹតការ និងធ្វើបច្ចុប្បន្នភាពមួយចំនួនក្នុងកងរាជអាវុធហត្ថផងដែរ៕