ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ គ្រឿងញៀនជិត ២០០គីឡូក្រាម ត្រូវបានបង្ក្រាប និងជនជាតិខ្មែរ និងបរទេសសចំនួន ៣.៦៣៨នាក់ត្រូវបានចាប់ខ្លួននិងដកហូតវត្ថុតាងជាច្រើន។ការបង្ក្រាបនេះបានធ្វើឡើងនៅក្នុងប្រតិបត្តិការបង្ក្រាបរយៈពេល ១ឆ្នាំ គឺឆ្នាំ២០២០ ដោយកម្លាំងនគរបាល នៃស្នងការដ្ឋាននគររាជធានីភ្នំពេញ។
ឆ្នាំ២០២០ : ប៉ូលិសក្រុងភ្នំពេញបង្ក្រាបគ្រឿងញៀនជិត ២០០គីឡូនិងឃាត់ខ្លួនមនុស្សជាង ៣.០០០នាក់(រូបឯកសារ)
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលរស្មីកម្ពុជាទទួលបានឱ្យដឹងថា នៅឆ្នាំ២០២០ កម្លាំងនគរបាលរាជធានីភ្នំពេញចេញប្រតិបត្តិការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ដោយចេញបង្ក្រាបបាន ២.០៧៥ករណី ប្រៀបធៀបនិងឆ្នាំ២០១៩ ចេញបង្ក្រាបបាន ២.២៧៧ករណី នាំឱ្យបទល្មើសគ្រឿងញៀនបានថយចុះ២០២ករណី។ ឃាត់ខ្លួនជនសង្ស័យចំនួន ៣.៦៣៨នាក់ ។ក្នុងនោះចាប់យកនឹងដកវត្ថុគ្រឿងញៀនសរុប ១៩៧គីឡូក្រាម និង៣៥៨ក្រាម៦៥ អាវុធខ្លី៣ដើម ដាវដែកកែច្នៃ១៤ដើម រថយន្ត៤គ្រឿង ម៉ូតូ៥.៥៧០គ្រឿង ទូរស័ព្ទដៃ៤៧៥គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំផង។
ជុំវិញវិធានការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កងកម្លាំងនគរបាលរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថាអនុវត្តតាមគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ និងបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបន្តចូលរួមសហការជាមួយកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌនិងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីស្រាវជ្រាវបង្ក្រាបមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ,បន្តចេញផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋឱ្យបានយល់ពីផលប៉ះពាល់នៃគ្រឿងញៀនដោយត្រូវនាំគ្នានៅឱ្យឆ្ងាយពីគ្រឿងញៀននិងបំផុសឱ្យប្រជាពលរដ្ឋបន្តចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីឈានដល់អនុវត្តវិធានការបង្ការទប់ស្កាត់និងបង្ក្រាបមុខសញ្ញាគ្រឿងញៀននៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
ឆ្នាំ២០២០ : ប៉ូលិសក្រុងភ្នំពេញបង្ក្រាបគ្រឿងញៀនជិត ២០០គីឡូនិងឃាត់ខ្លួនមនុស្សជាង ៣.០០០នាក់(រូបឯកសារ)
ការបង្ក្រាបគ្រឿងញៀនពីកម្លាំងនគរបាលរាជធានីភ្នំពេញនេះបាននាំឱ្យបទល្មើសគ្រឿងញៀននៅឆ្នាំ២០២០នេះមានការថយចុះគួរឱ្យកត់សម្គាល់។ ក្នុងនោះនៅឆ្នាំ២០២០ ក៏បានបង្ក្រាបក្លិបកម្សាន្តធំៗចំនួន៣កន្លែង ជាប់ពាក់ព័ន្ធនិងការជួញដូរ និងផ្តល់ទីតាំងឱ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ការចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញសម្រេចបានលទ្ធផលពេលនេះក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការ នគរបាលរាជធានីភ្នំពេញដែលតែងតែដាក់បទបញ្ជាមុតមាំឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់ផ្នែកនិងជំនាញ ត្រូវចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុតនឹងធ្លាប់ប្រមានចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងចំពោះមន្ត្រីនគរបាលដែលជាប់ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន។
វិធានការបង្ក្រាបត្រូវធ្វើរាល់សកម្មភាពបទល្មើសគ្រឿងញៀនទាំងទ្រង់ទាយតូចនិងទ្រង់ទ្រាយធំហើយការបង្ក្រាបនោះមិនត្រូវដកថយនោះឡើយ។ពោលគឺត្រូវធ្វើសកម្មភាពចេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាប្រចាំដើម្បីពង្រឹងការពារថែរក្សាសន្តិសុខធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។បទល្មើសគ្រឿងញៀនត្រូវគេចាត់ទុកថាបានបង្កឱ្យប៉ះពាល់អសន្តិសុខនៅក្នុងសង្គមជាខ្លាំង៕សរន
ឆ្នាំ២០២០ : ប៉ូលិសក្រុងភ្នំពេញបង្ក្រាបគ្រឿងញៀនជិត ២០០គីឡូនិងឃាត់ខ្លួនមនុស្សជាង ៣.០០០នាក់(រូបឯកសារ)
ឆ្នាំ២០២០ : ប៉ូលិសក្រុងភ្នំពេញបង្ក្រាបគ្រឿងញៀនជិត ២០០គីឡូនិងឃាត់ខ្លួនមនុស្សជាង ៣.០០០នាក់(រូបឯកសារ)
ឆ្នាំ២០២០ : ប៉ូលិសក្រុងភ្នំពេញបង្ក្រាបគ្រឿងញៀនជិត ២០០គីឡូនិងឃាត់ខ្លួនមនុស្សជាង ៣.០០០នាក់(រូបឯកសារ)
ឆ្នាំ២០២០ : ប៉ូលិសក្រុងភ្នំពេញបង្ក្រាបគ្រឿងញៀនជិត ២០០គីឡូនិងឃាត់ខ្លួនមនុស្សជាង ៣.០០០នាក់(រូបឯកសារ)