ដោយៈប.ជ័យ / បន្ទាយមានជ័យៈប្រជាពលរដ្ឋនិងជំនាញថា ហ្វូងមច្ឆជាតិនៅតំបន់អភិរក្សត្រីវត្តស្វាយចាស់ បានវិលវិញ ហើយបានហែលបណ្តែតខ្លួនច្រើនបន្ទាប់ពីទឹកជំនន់សម្រក។តំបន់អភិរក្សពូជត្រីវត្តស្វាចាស់នោះស្ថិតក្នុងស្ទឹងសិរីសោភ័ណជាប់និងវត្តចមសត្ធាវាសហៅវត្តស្វាយចាស់ភូមិ១និងជាប់ផ្សាររាត្រីភូមិព្រៃឬស្សីសង្កាត់ព្រណពន្លាក្រុងសិរីសោភ័ណ ។
លោកស្រីប្លុង មុំ ម្ចាស់ផ្សាររាត្រី TM 3 នៅសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណបានឲ្យដឹងកាលពីថ្ងៃទី១១ខែធ្នូ ថា វត្តមានហែបផុសដ៏ច្រើននៃហ្វូងមច្ឆានៅតំបន់អភិរក្សាវត្តស្វាយនោះ តែងកើតបង្ហាញខ្លួនពីពីរទៅបីដងក្នុងមួយឆ្នាំ ។
វត្តមាននេះ បង្កើតបានក្តីអំណររីករាយ ហើយភ្ញៀវទៅទិញទំនិញនៅផ្សាររាត្រី ហើយឈៀងទៅកម្សាន្តច្រើនឡើងៗនៅកន្លែង “ចាក់សោបេះដូង ” ដែលក្រុមការងារអ្នកស្រីបានបង្កើតឡើងថ្មីៗនេះ នៅមាត់ស្ទឹង ត្រង់គុម្ពឬស្សីដ៏ត្រសុំត្រសាយមួយ។ភ្ញៀវក៏បានទៅទស្សនាហើយផ្តល់ចំណី ក៏ដូចជាថតរូបទុកជាអនុស្សាវរីយ៍ជាដើម។ប៉ុន្តែ វត្តមានហ្វូងត្រីដ៏ច្រើនបែបនេះ ក៏ជាក្តីព្រួយបារម្ភដែរ ព្រោះអ្នកនេសាទ តែងតែបានសម្រុកចូលនេសាទនៅត្រង់ព្រំតំបន់អភិរក្ស។ពោលគឺតែត្រីហែលហួសខ្សែបន្ទាត់ខ័ណ្ឌព្រំតំបន់តែបន្តិច អ្នកនេសាទនឹងស្ទាក់ នេសាទយកភ្លាមៗ ។
រីឯមន្ត្រីសង្កាត់រដ្ឋបាលជលផលសិរីសោភ័ណ ក៏ទទួលស្គាល់នូវការគម្រាមកំហែងនេះដែរ ហើយបានរំលឹកថា កន្លងមក ស្ទើររាលឆ្នាំនៅពេលប្រែប្រួលអាកាសធាតុត្រីពុលគឺអ្នកស្រុកតែងលើកគ្នារាប់សិបនាក់ទៅនេសាទស្ទាក់ចាប់យកត្រីនៅជាប់នឹងព្រំតំបន់អភិរក្ស ។ពួកគេមិនស្តាប់ការណែនាំរបស់មន្ត្រីជំនាញជលផល សមត្ថកិច្ចនគរបាលនិងអាជ្ញាធរដែនដីឡើយ ។
លោកស្រីប្លុង មុំ បានបន្តថា មានត្រីចម្រុះគួរឲ្យកត់សម្គាល់ប្រហែល១០មុខ ដែលហែបហែល។ត្រីទាំងនោះ ក្នុងត្រីមួយក្បាលមានទម្ងន់ចាប់ពីមួយគីឡូ ដល់ ប្រាំគីឡូក្រាមដែរ ។លោកស្រីបន្តថា ដើមឡើយ ពូជត្រីខ្មែរបែបធម្មជាតិនេះ វាមិនចេះស៊ីចំណីដែលមនុស្សដាក់ឲ្យនោះទេ ។ប៉ុន្តែជាបន្តបន្ទាប់លោកស្រី , ស្វាមី ក្រុមគ្រួសារនិងបុគ្គលិកផ្សារ ក៏ដូចភ្ញៀវ តែងតែបានដាក់ចំណីត្រីឲ្យស៊ី ដូចជាបាយកក , នំប៉័ង និងពិសេសចំណីត្រីពួកគេក៏ចេះស៊ីចំណីដែលយើងផ្តល់ឲ្យ។បច្ចុប្បន្ន ក្នុងមួយថ្ងៃមានភ្ញៀវប្រមាណជិតឬជាង១០០នាក់ដែរ បានទិញចំណីផ្តល់ឲ្យត្រីស៊ី ។ ហេតុនេះហើយ ទើបគេឃើញវត្តមានត្រីហែបហែលផុសច្រើន។
លោកស្រីបន្តថាចំនួននេះ ក៏មកពីបរិមាណត្រីដែលបានចេញទៅឆ្ងាយដើម្បីពងកូនកាលពីរដូវវស្សានិងពេលទឹកជំំនន់ដ៏យូរកន្លងមក បានវិលវិញមកតំបន់អភិរក្សឬតំបន់មានសន្តិសុខ សុវត្ថិភាព សម្រាប់ពួកគេ ៕