​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង​, (​ស៊ីនហួ​) ៖ រដ្ឋបាល​អាម៉េរិក​នៅតែ​បន្ត​ប៉ុនប៉ង​ធ្វើឱ្យ​អន្តរាយ​ដល់​ទំនាក់ទំនង​ចិន​-​សហរដ្ឋ​អាម៉េរិក​ឱ្យ​ធ្លាក់​ដល់​កម្រិត​ទាប​សាជាថ្មី​ដែល​នេះ​បង្ហាញឱ្យឃើញ​ពី​របៀប​​ដែល​រដ្ឋបាល​នេះ​កំពុង​ធ្លាក់​ទៅក្នុង​អារម្មណ៍​ភ័យខ្លាច​លែង​ទុកចិត្ត​នរណា​ទាំងអស់​។​

​សកម្មភាព​គួរ​ឱ្យ​ស្អប់ខ្ពើម​របស់​អ្នកនយោបាយ​អាម៉េរិក​មួយចំនួន​គឺ​ស្រដៀង​នឹង​សុភាសិត​បុរាណ​ចិន​ពោលថា “​អ្នក​ដែល​ព្រះ​ចង់​បំផ្លាញ ព្រះ​នឹង​ធ្វើឱ្យ​អ្នក​នោះ​ឆ្កួត​មុនគេ​”​។​

​ពួកគេ​បាន​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​សភា​ជាន់ខ្ពស់​ចិន ដាក់​កំហិត​លើ​ភ្ញៀវទេសចរ​ចិន​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ដោយ​ផ្អែក​លើ​ទំនាក់ទំនង​នយោបាយ​របស់​ពួកគេ និង​យល់ព្រម​ការលក់​អាវុធ​ឱ្យ​ទៅ​​កោះ​តៃវ៉ាន់​ម្តង​ហើយ​ម្តងទៀត នេះ​គ្រាន់តែ​ជា​ការរៀបរាប់​តិចតួច​ប៉ុណ្ណោះ​។​

​ចំណាត់ការ​ឆុងឆាំង​មិនចេះ​ពិចារណា​របស់​ពួកគេ​បាន​ជំរុញ​ទំនាក់ទំនង​ចិន​-​អាម៉េរិក​ទៅរក​ចំណុចរ​បត់​ដ៏​សំខាន់បំផុត ចាប់តាំងពី​ការបង្កើត​ចំណង​ទាក់ទង​ទ្វេភាគី​កាល​ពី​បួន​ទសវត្សរ៍​មុន​។​

​វា​ជា​ក្រុម​អ្នកនយោបាយ​តែមួយ ដែល​បង្ហាញ​ពី​អសមត្ថភាព​ក្នុង​ការដោះស្រាយ​បញ្ហា​ក្នុងស្រុក ដូចជា​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ គម្លាត​កាន់តែ​ធំ​ឡើង​រវាង​អ្នកមាន​និង​អ្នកក្រ ការកើនឡើង​ភាព​​តានតឹង​ពូជសាសន៍ ប្រជាជន​ខ្ជិលច្រអូស​កាន់តែ​រីកដុះដាល និង​សេដ្ឋកិច្ច​កំពុង​ដាំ​ក្បាល​ចុះ​។ ហើយ “​ការ​ធ្វើ​នយោបាយ​ថោកទាប​” របស់​អាម៉េរិក​មកលើ​ចិន​នឹង​មិន​មាន​អ្វី​ល្អ​ដើម្បី​បិទបាំង​អ​សមត្ថ​​ភាព​របស់​ពួកគេ​នោះឡើយ​។​

​សហរដ្ឋ​អាម៉េរិក​កំពុង​ធ្វើ​ការស្តីបន្ទោស​ដោ​យ​ផ្ទាល់​និង​ដោយ​យុទ្ធសាស្ត្រ​តាមរយៈ​ចាត់ទុក​ប្រទេស​ចិន​ជា​សត្រូវ​របស់​ខ្លួន​ឬ​ប៉ុនប៉ង​បង្កឱ្យមាន “​សង្គ្រាមត្រជាក់​ថ្មី​”​។​សកម្មភាព​ខុសឆ្គង​បែបនេះ​នឹង​មិន​ត្រឹម​​តែ​បង្វែរ​អារម្មណ៍​របស់​ស​ហ​រដ្ឋ​អាម៉េរិក​ចេញ​ពី​បញ្ហា​ក្នុងស្រុក​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​តែ​ថែម​ទាំង​បង្កើតឱ្យមាន​ឧបសគ្គ​ដល់​អ្នក​ធ្វើ​គោលនយោបាយ​ការបរទេស​របស់​អាម៉េរិក​នាពេល​អនាគត​ទៀតផង​។​

​ទន្ទឹមនឹងនេះ ការអនុវត្ត​បែប​ដើរ​ថយ​ក្រោយ​របស់​រដ្ឋ​បាល​អាម៉េរិក​នឹង​បាន​ត្រឹម​ធ្វើឱ្យ​មាន​កំហឹង​កាន់តែ​ខ្លាំង​ឡើង​ក្នុងចំណោម​ប្រជាជន​ចិន ១,៤ ពាន់​លាន​នាក់​។​ប្រសិនបើ​រដ្ឋបាល​អាម៉េរិក​មិន​ព្រម​​ដក​ការសម្រេចចិត្ត​ដ៏​ខុសឆ្គង​ទាំងនោះ​និង​បញ្ឈប់​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ទេ​នោះ​វា​នឹង​ធ្វើឱ្យ​ចិន​សល់​ជម្រើស​តែមួយគត់​គឺ​ប្រកាន់យក​វិធានកា​រតបត​យ៉ាង​រឹងមាំ​និង​ម៉ឺងម៉ាត់​​ដើម្បី​ការពារ​អធិបតេយ្យភាព​សន្តិសុខ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ខ្លួន​។​

​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ធ្នូ​បាន​សម្រេច​ដាក់ទណ្ឌកម្ម​តប​វិញ​ទៅលើ​មន្ត្រី​រដ្ឋបាល​អាម៉េរិក​និង​សមាជិក​សភា​និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​អាកប្បកិរិយា​មិន​ល្អ​និង​មាន​ទំនួល​ខុស​ត្រូវ​លើ​បញ្ហា​ទាក់ទង​នឹង​ហុងកុង និង សមាជិកគ្រួសារ​ពួកគេ​ផងដែរ​។ ចិន​ក៏​បាន​សម្រេចចិត្ត​លុបចោល​ការលើកលែង​ទិដ្ឋាការ​ពិសេស​ដល់​ជនជាតិ​អាម៉េរិក​ដែល​កាន់​លិខិតឆ្លងដែន​ការទូត​ធ្វើដំណើរ​​បណ្តោះអាសន្ន​ទៅកាន់​ហុងកុង​និង​ម៉ា​កាវ​ផងដែរ​។​

​ខណៈ​ដែល​អ្នកនយោបាយ​អាម៉េរិក​បង្ហាញ​ភាព​គឃ្លើន ចិន​ប្រកាន់ខ្ជាប់​នូវ​វិធីសាស្ត្រ​ស្ងប់ស្ងាត់​និង​វាងវៃ ខណៈ​ដោះស្រាយ​ជាមួយ​ទំនាក់ទំនង​ទ្វេភាគី​។​

​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​និង​មតិ​ផ្ទុយ​គ្នា​ដោយសារតែ​ភាពខុសគ្នា​នៅក្នុង​ប្រព័ន្ធ​សង្គម​នៃ​ដំណាក់កាល​អភិវឌ្ឍន៍ នេះ​មិន​និយាយ​ពី​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​ផង​ទេ​។ ទោះយ៉ាងណា ស្មារតី​នៃ​ការ​មិន​មាន​ជម្លោះ ការ​មិន​ប្រឈមមុខ​ដាក់គ្នា ការគោរព​គ្នា​ទៅវិញទៅមក និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ គួរតែ​ត្រូវ​ប្រកាន់ខ្ជាប់​ជាមួយ​ការផ្តោត​សំខាន់​លើ​ការ​គ្រប់​​គ្រង​ការខ្វែងគំនិត​គ្នា​និង​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ប្រកបដោយ​ស្ថិរភាព​ល្អ​តាម​រយៈ​ការ​ធ្វើ​ទំនាក់ទំនង​គ្នា​។​

​ទ្វារ​នៃ​ការសន្ទនា​របស់​ចិន​នៅតែ​បើកចំហ​។ វា​អាច​ទៅ​រួច​សម្រាប់​ប្រទេស​ទាំង​ពីរ​ក្នុង​ការស្វែងរក​ចំណុច​ចូល​នៃ​កិច្ចសហប្រតិបត្តិការ​លើ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត ការជំរុញ​ការ​ស្ទុះ​ងើប​​ឡើងវិញ​នៃ​សេដ្ឋកិច្ច និង​ការប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​។

​ភាគី​ទាំងពីរ​អាច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​អភិបាលកិច្ច​ពិភពលោក​និង​ឆ្ពោះទៅរក​ការធ្វើសមាហរណកម្ម​ស​កល​ភាវូបនីយកម្ម​ដែលមាន​តុល្យភាព ការរួម​បញ្ចូល​គ្នា និង ចីរភាព​ច្រើនជាង​មុន​។​

​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អ​គឺ​មាន​អត្ថប្រយោជន៍​ទាំង​ចំពោះ​សហរដ្ឋ​អាម៉េរិក​និង​ចិន​។ ទំនាក់ទំនង​កាន់តែ​ឆាប់​វិលត្រឡប់​ទៅរក​ប្រក្រតីភាព​ឡើងវិញ វា​កាន់តែ​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ​និង​ពិភពលោក​៕

រូបភាព​ថត​នៅ​ថ្ងៃទី​៤​ធ្នូ​ឆ្នាំ​២០២០ បង្ហាញ​ដើម​គ្រិស្ត​ស្មាស់​កំពុង​តាំង​លម្អ​នៅមុខ​សេត​វិមាន​