ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ ការប្រកួតបាល់ទាត់លីកអឺរ៉ុបចុងសប្តាហ៍នេះបានមកដល់ទៀតហើយ។ ជំនួបថ្ងៃសៅរ៍សុទ្ធតែជាក្រុមខ្លាំងៗប៉ះគ្នា ជាពិសេសនៅលីកអង់គ្លេស គឺបិសាចក្រហម Man U ទទួលមេឃខៀវ Man City និង ក្រុមស្ករគ្រាប់ Everton ទទួលភ្ញៀវខ្លាំងតោខៀវ Chelsea។
ចំណែកនៅអេស្ប៉ាញក៏មិនធម្មតាដែរ ថ្ងៃសៅរ៍នេះមានជំនួបធំរវាងស្តេចស Real Madrid និង Atl. Madrid ដែលជាក្រុមជិតខាងគ្នា។
សម្រាប់លីកកំពូលអាល្លឺម៉ង់វិញ ក៏មានការប្រកួតច្រើនគូដែរ ហើយក្រុមដែលរំពឹងឈ្នះស្រួលៗមានពីរ គឺ Leipzig និង Bayern Munich។ ហើយនៅអ៊ីតាលីនិងបារាំងក៏មានការប្រកួតប៉ុន្មានគូដែរសម្រាប់ថ្ងៃសៅរ៍នេះ។
– EPL : Man Utd vs Man City ៖ នេះជាជំនួបធំជាងគេប្រចាំលីកកំពូលអង់គ្លេស រវាងក្រុមជិតខាងត្រកូល Manchester ទាំងពីរ ដែលនឹងធ្វើឱ្យកក្រើករាត្រីថ្ងៃសៅរ៍នេះ ខណៈក្រុមទាំងពីរប្រជែងយក៣ពិន្ទុរៀងៗខ្លួន។ Man U កំពុងរើបឡើងសន្សឹមៗក្នុងស្រុក ដោយប្រកួតឈ្នះ៤លើកចុងក្រោយជាប់ៗគ្នា រួមទាំងជ័យជម្នះចុងម៉ោងមិនគួរឱ្យជឿក្នុងជំនួបចុងក្រោយនៅទឹកដីរបស់ West Ham ក្រោយតាមឈ្នះវិញ ៣-២ បន្ទាប់ពីគេនាំមុខមុន២សូន្យ។ ប៉ុន្តែនៅក្របខ័ណ្ឌអឺរ៉ុបវិញ បិសាចក្រហមលេងមិនបានល្អទេ ទើបជ្រុះចេញពី CL ក្រោយចាញ់ Leipzig ៣-២។ និយាយពីក្នុងទឹកដីវិញ បិសាចក្រហមធ្វើមិនបានល្អទេ គឺចាញ់៣ដងនិងឈ្នះម្តងគត់លើក្រុមអន់ West Brom។
Man City ក៏ចាប់ផ្តើមរដូវកាលមិនសូវបានល្អដែរ ទើបតែប៉ុន្មានប្រកួតចុងក្រោយនេះទេ ដែលចាប់ផ្តើមបង្ហាញទម្រង់លេងអស្ចារ្យ ដោយឈ្នះច្រើនគ្រាប់នៅ២ប្រកួតចុងក្រោយ ពោលគឺស៊ុតចូល៧គ្រាប់ក្នុងជំនួបទល់នឹង Burnley និង Fulham។ ថ្ងៃនេះកូនក្រុមរបស់លោកប៉េប ហ្គាឌីអូឡា អាចឡើងមកលើបិសាចក្រហម បើឈ្នះថ្ងៃនេះ ព្រោះមេឃខៀវចាញ់បិសាចក្រហមតែ១ពិន្ទុប៉ុណ្ណោះ។
ក្រុមទាំងពីរធ្លាប់ជួបគ្នាច្រើនដងមកហើយ ប៉ុន្តែជំនួប២លើកចុងក្រោយគឺ Man City ឈ្នះរហូត ហើយអ្វីដែលពិសេសគឺមេឃខៀវទៅទឹកដីរបស់បិសាចក្រហម ៥ លើកចុងក្រោយ ឈ្នះ៣ដង ហើយនៅ៦ ប្រកួតចុងក្រោយក្រុមទាំងពីរតែងតែមានគ្រាប់បាល់ស៊ុតគ្នាទៅវិញទៅមក។
ដោយហេតុថា Man U កំពុងល្អក្នុងស្រុក រីឯ Man City ក៏កំពុងរើបខ្លាំងដូចគ្នា យើងរំពឹងការប្រកួតនេះស្មើគ្នា ឬ មិនអ៊ីចឹងភ្ញៀវឈ្នះ។
– EPL : Everton vs Chelsea ៖ វាជារឿងគួរឱ្យសោកស្តាយសម្រាប់ក្រុមស្ករគ្រាប់ Everton ដែលបើកឆាក៦ប្រកួតដំបូងល្អដូចផ្កា បែរជាឥឡូវធ្លាក់ចុះទម្រង់លេងវិញយ៉ាងគំហ៊ុក ដោយ៥លើកចុងក្រោយចាញ់ដល់ទៅ៣ដងទៅហើយ។ បច្ចុប្បន្នកូនក្រុមរបស់លោកកាឡូស អាន់សេឡូទី ឈរនៅលេខ៩មាន១៧ពិន្ទុ ចាញ់លេខ៣ Chelsea ៥ពិន្ទុ។
កាលពីសប្តាហ៍មុន Everton បានត្រឹមស្មើ ១-១ នៅទឹកដីរបស់ Burnley ប៉ុន្តែដោយហេតុថាពួកគេទទួលបានត្រឹម៤ពិន្ទុពីលទ្ធភាពពិន្ទុសរុប ១៥ ដូច្នេះបានន័យថាពួកគេកំពុងធ្លាក់ទម្រង់លេង។ អ្វីដែលរឹតតែយ៉ាប់សម្រាប់ Everton គឺលេងក្នុងទឹកដី៣លើកចុងក្រោយមិនដែលឈ្នះទៀត ហើយប្រកួតចុងក្រោយគឺចាញ់ Leeds ១-០ ក្នុងទឹកដី ដូច្នេះវាមិនមែនជាពេលវេលាល្អទេ ដែលប៉ះតោខៀវដែលកំពុងលេងល្អមិនដែលចាញ់ក្នុង១៧ប្រកួតចុងក្រោយ។
តោខៀវកំពុងបង្ហាញខ្លួនឯងថាជាក្រុមខ្លាំងបំផុតមួយនៅលីកកំពូលអង់គ្លេសក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយនេះ ហើយពួកគេឈរនៅលេខ៣ មាន២២ពិន្ទុ និងចាញ់លេខ១និងលេខ២តែ ២ពិន្ទុប៉ុណ្ណោះ។ ដោយសារ Tottenham និង Liverpool ត្រូវលេងនៅថ្ងៃអាទិត្យ ដូច្នេះបើឈ្នះថ្ងៃនេះ Chelsea នឹងឡើងមកលេខ១បណ្តោះអាសន្ន។ ក្រុមរបស់លោកហ្វ្រែងឡាំផាតប្រមូលបាន១៣ពិន្ទុពីពិន្ទុសរុប ១៥ ហើយពួកគេចាញ់តែម្តងគត់ គឺក្រោមថ្វីដៃ Liverpool កាលពីបីខែមុន។
Chelsea រដូវកាលមុនទៅទឹកដី Everton ចាញ់៣-១ ហើយបើមើលស្ថិតិ តោខៀវមិនដែលឈ្នះនៅទឹកដី Everton ទេតាំងពីឆ្នាំ២០១៧។ ដូច្នេះការប្រកួតថ្ងៃនេះមានឱកាសខ្ពស់ណាស់ដែលថាក្រុមទាំងពីរនឹងមានគ្រាប់បាល់លើសពីរ២គ្រាប់កន្លះ។ មើលលើបច្ចុប្បន្នភាព Chelsea មានក្រុមល្អជាង Everton ទាំងការពារ បម្រើ ប្រយុទ្ធ និងអ្នកចាំទី។ កាលប្រកួត CL ពាក់កណ្តាលសប្តាហ៍ជម្រើសឈុតធំរបស់ Chelsea បានសម្រាកយកកម្លាំង ដូច្នេះថ្ងៃនេះពួកគេរំពឹងចូលលេងវិញ ហើយនឹងទទួលបានលទ្ធផលល្អពីក្រុមស្ករគ្រាប់។
– La Liga : Real Madrid vs Atl. Madrid ៖ ក្រោយលេងមិនដែលឈ្នះប៉ុន្មានប្រកួតជាប់គ្នា ស្តេចស Real Madrid បានយកឈ្នះ ១-០ នៅទឹកដីរបស់ក្រុមខ្លាំង Sevilla ដូច្នេះពួកគេនឹងមានកម្លាំងចិត្តខ្ពស់នៅពេលទទួលភ្ញៀវខ្លាំងក្បែរខាងគ្នា គឺ Atl. Madrid។
Atl. Madrid បានពង្រឹកជ័យជម្នះរបស់ខ្លួន ៧ ប្រកួតជាប់ៗគ្នានៅក្នុងក្របខ័ណ្ឌបាល់ទាត់អេស្ប៉ាញ La Liga ។ ក្រុមភ្ញៀវថ្ងៃនេះគឺជាក្រុមតែមួយគត់ ដែលមិនទាន់ចាញ់រហូតមកទល់ពេលនេះ។ ពួកគេមកទឹកដីស្តេចសថ្ងៃនេះ ក្រោយឈ្នះ ២-០ នៅទឹកដីរបស់ Valladolid សប្តាហ៍មុន។
ពីរប្រកួតក្នុងចំណោម៣លើកចុងក្រោយរវាងក្រុមទាំងពីរបញ្ចប់ទៅស្មើគ្នា និងមួយប្រកួតទៀតគឺ Real Madrid ឈ្នះ ១-០។ តែទោះយ៉ាងណា ស្តេចសលេង១១ប្រកួតបើកឆាករដូវកាលនេះ លេងឡើងចុះមិនថេរទេ ហើយបច្ចុប្បន្នឈរនៅលេខ៤។ មួយវិញទៀត ស្តេចស Real Madrid មានបញ្ហារបួសកីឡាករច្រើនរួមទាំងអេដិន ហាហ្សាដ ត្បិតថ្ងៃនេះប្រធានក្រុម សឺជីអូ រ៉ាម៉ូស ត្រឡប់មកដឹកនាំក្រុមវិញក៏ដោយ។ Atl. Madrid កំពុងលេងល្អខ្លាំងមិនដែលចាញ់ ហើយខ្សែប្រយុទ្ធមុតស្រួច ល្វីស ស្វារ៉េស ក៏វិលត្រឡប់ចូលក្រុមវិញទៀត ដូច្នេះ លទ្ធភាពដែល Atl. Madrid យកឈ្នះនៅទឹកដី Real Madrid គឺមានខ្ពស់ណាស់ថ្ងៃនេះ ឬបើស៊យណាស់គឺស្មើគ្នា។
តារាងកម្មវិធីប្រកួតលីកកំពូលអឺរ៉ុបសម្រាប់ចុងសប្តាហ៍ ៖