Home ព័ត៌មានជាតិ សេដ្ឋកិច្ច មន្ត្រី​ជំនាញ...

មន្ត្រី​ជំនាញ​បញ្ជាក់ថា កំណើន​នេសាទ​ធ្វើ​ឲ្យ​ត្រី​ប៉ា​ស៊ី​អ៊ី​មានការ​ថយចុះ​

ដោយ​:​សុខុម / ស្ទឹងត្រែង​: ប៉ា​ស៊ី​អ៊ី​គឺជា​ឈ្មោះ​ត្រី​មួយ​ប្រភេទ​ដ៏​កម្រ ដែល​រស់នៅក្នុង​ខេត្តស្ទឹងត្រែង ជាប់​និង​ប្រទេស​ឡាវ​ល្បី​ថា មាន​រសជាតិ​ឆ្ងាញ់​លើសគេ ក្នុងចំណោម​ត្រី​ទឹកសាប​ដទៃទៀត បើសិនជា​យើង​បានទទួល​ទាន​។​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ គេ​នៅតែមាន​ចម្ងល់​ថា ត្រី​ប៉ា​ស៊ី​អ៊ី​វា​រស់នៅ ឬ​បង្ក​កំណើត​បែបណា​តាម​ធម្មជាតិ​។ នៅពេល​ថ្មីៗ​នេះ មន្ត្រី​ជំនាញ​បានបញ្ជាក់​ប្រាប់ថា ការរស់នៅ​និង​បន្ត​ពូជ​បម្លាស់​ទី​ត្រី​ប៉ា​ស៊ី​អ៊ី​មាន​ពីរ​រដូវ​កាល​។​

​លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ស្ទឹងត្រែង​បាន​រៀបរាប់​ឲ្យ​រស្មី​កម្ពុជា​ដឹងថា ការរស់នៅ​ពពួក​ត្រី​ប៉ា​ស៊ី​អ៊ី មាន​ពី​រដូវ​កាល គឺ​រដូវវស្សា​ខែមេសា​ឧសភា និង​រដូវ​ទឹក​ស្រក​ចុងខែ​តុលា​វិច្ឆិកា​ធ្នូ​។ នៅ​ដើមរដូវ​វស្សា​ត្រី​ប៉ា​ស៊ី​អ៊ី និង​ប្រភេទ​ត្រី​ដទៃទៀត បាន​បន្លាស់​ទី​ផ្នែក​ខាងក្រោម នៃ​ដង​ទន្លេមេគង្គ​ឆ្លងកាត់​ក្រុង​ស្ទឹងត្រែង ទៅ​រស់នៅ​តំបន់​ខាងលើ នៃ​ដង​ទន្លេមេគង្គ​សេសា​ន​សេកុង និង​ទន្លេស្រែពក​។​

​បើ​និយាយ​ពី​ការ​នៅ​របស់​ត្រី​ប៉ា​ស៊ី​អ៊ី ចូលចិត្ត​នៅ​តំបន់​ស្រទាប់​បាត​ក្រោម​ជ្រៅ​សំបូរ​ថ្ម​ទឹក​ជួរ​ហូរ​ខ្លាំង និង​ស៊ី​ស្លែ​ថ្ម​ប្លង់តុង​ជា​អាហារ​។ រីឯ​ការបង្ក​កំណើត​ប្រព្រឹត្ត​ទៅដោយ​ពង ដូច​ត្រី​ដទៃទៀត​ដែរ គ្រាន់តែ​ពេល​វា​ពង គឺ​ចំពេល​ទឹក​ឡើង​ខ្លាំង ហើយ​វា​រស់នៅ​តំបន់​ជ្រៅ​ទឹក​ហូរ ទើប​គេ​មិនអាច​នេសាទ​បាន​មិនមាន​សំណាង​ឃើញ​ពង​រប​ស់វា​ឡើយ​។ ត្រី​ទឹកសាប​នៅតាម​ដង​ទន្លេ​បង្ក​កំណើត​ពីរ​ប្រភេទ គឺ​ពង​តោង និង​ពង​បណ្ដែត​។ ចំពោះ​ត្រី​ដែល​ពង​តោង​វា​ជាប់​ទៅនឹង​ឫស​ឈើ ស្លឹកឈើ នៅតាម​អន្លង់​បាតទន្លេ​។ មួយ​ប្រភេទ​ទៀត​ពង​បណ្តែត​តាម​ទឹក​បង្ក​កំណើត​ភ្ញាស់​ជា​កូន​។​

​ត្រី​ដទៃទៀត​បានចាប់ផ្ដើម​ពង​កូន​នៅក្នុង​រដូវវស្សា​។ លុះ​ពេល​ដល់​រដូវ​ទឹកសម្រក​ក្នុង​ខែតុលា វិច្ឆិកា និង​ធ្នូ បាន​ផ្លាស់​ទី​មកកាន់​ផ្នែក​ខាងក្រោម នៃ​ទន្លេមេគង្គ​វិញ​។ ជាមួយ​នោះ គេ​ប្រទះឃើញ​អ្នកនេសាទ​បាន​ត្រី​ប៉ា​ស៊ី​អ៊ី មាន​ទំហំ​ធំ​ខុសពី​រដូវវស្សា​ដែលមាន​ទំហំ​តូច​។​

​ចំពោះ​តម្លៃនៅលើទីផ្សារ​ក្នុង​ខែធ្នូ​នេះ ត្រី​ប៉ា​ស៊ី​អ៊ី​មាន​ទំហំ​ប៉ុនកដៃ​ក្មេង​តម្លៃ ១០​ដុល្លារ​។ ចាប់ពី​ប្រាំបី​ខាំ​ទៅ ១​គីឡូក្រាម តម្លៃ ២០​ដុល្លារ​ទៅ ៣០​ដុល្លារ ក្នុង​មួយ​គីឡូក្រាម​។ ចាប់ពី ១,២ គីឡូក្រាម​ឡើង​លក់​ក្នុងតម្លៃ ៤០​ដុល្លារ​ទៅ​៥០​ដុល្លារ​។ ត្រី​ដែលមាន​ទំងន់​ចាប់ពី​ពីរ​គីឡូក្រាម​ឡើង​លក់​ក្នុងតម្លៃ​មិន​ក្រោម ៣០​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

​មន្ត្រី​ជំនាញ​ជលផល​មានការ​បារម្ភ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​ត្រី​ប៉ា​ស៊ី​អ៊ី​កាន់តែ​ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ តាមរយៈ​ការចាប់​នេសាទ​មាន​ចំនួន​កើនឡើង​។ គាត់​សំគាល់ថា ពីរ​ឆ្នាំ​មកនេះ​ទឹកទន្លេ​ប្រែប្រួល គឺ​មិន​ហក់​ឡើង​ប្រៀប​ជ្រាំង​ដូច​ឆ្នាំមុន​ទៀតឡើយ​នេះ គឺជា​ការព្រួយបារម្ភ​មួយ​ចំពោះ​កត្តា​ធម្មជាតិ​។ កត្តា​ផ្សេងទៀត គឺ​កត្តា​ចរាចរណ៍​របស់​ត្រី​ប្រព្រឹត្ត​ទៅដោយ​តាម​ធម្មជាតិ ត្រូវបាន​កាត់ផ្ដាច់​ផ្លូវទឹក​ដោយសារតែ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង នៅក្នុង​ប្រទេស​ឡាវ ក្បែរ​តំបន់​ព្រំដែន​ប្រទេស​កម្ពុជា និង​ការ​រាំងខ្ទុប​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ បិទ​ទន្លេសេសាន និង​ទន្លេស្រែពក​។​

​ដំណោះស្រាយ​បញ្ហា​នេះ មន្ត្រី​ជំនាញ​បានលើកឡើង​ទៀតថា មាន​ស្ថានីយ​មួយ​កំពុងតែ​រៀបចំ​សាងសង់ ដើម្បី​បង្កាត់​ប្រភេទ​ត្រី​កម្រ​ទឹកសាប​នៅក្នុង​ខេត្តស្ទឹងត្រែង កំពុងដំណើរការ​សព្វ​ថ្ងៃនេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular