ដោយៈ រ៉ាម៉ន/ភ្នំពេញៈ ចាប់តាំងពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១១ ខែធ្នូ នេះ ក្រុមម៉ូតូកង់បី របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចំនួន១២គ្រឿង ដែលបំពាក់ដោយ ឧគ្ឃោសនស័ព្ទ នៅតែបន្តចេញផ្សព្វផ្សាយ នៅគ្រប់ច្រកល្ហក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយបាន អំពាវនាវ ឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងចូលរួម បង្ការ ទប់ស្កាត់ ការឆ្លងរីក រាលដាល នូវជំងឺកូវីដ-១៩នេះ ឲ្យបានខ្ពស់បំផុត ពិសេសចូលរួមទប់ស្កាត់ការឆ្លងចូល ក្នុងសហគមន៍ ក្នុងទ្រង់ទ្រាយធំ ជាដាច់ខាត។
បើទោះបីជាស្ថានភាព នៃការរកឃើញអ្នកវិជ្ជមាន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា បច្ចុប្បន្ននេះ មានការថមថយខ្លះៗ យ៉ាងណាក្ដី ក៏លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅតែទទូច សូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវតែ បន្តការប្រុងប្រយ័ត្ន បន្ថែមទៀត ព្រោះថា វីរុស នេះ បានឆ្លងចូលទៅក្នុងសហគមន៍ ជាចង្កោម និងដោយកន្លែង ហើយក៏នៅមានហានិភ័យខ្ពស់ នៅឡើយ។
ការងារដែលក្រុមម៉ូតូកង់បី របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ទាំង១២គ្រឿង ចុះផ្សាព្វ ផ្សាយតាមឧគ្ឃោសនស័ព្ទនេះ គឺដោយមានការប្រគល់ភារកិច្ចពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក្រោមការ បញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេសនិង ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តែងតែចេញផ្សព្វផ្សាយ នូវសេចក្ដីណែនាំ តាមរយៈសារសម្លេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរាដ្ឋាភិបាល ៕PC