ប្រែសម្រួលៈវាសនា/ម៉ានីល៖ លទ្ធភាពរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ បានទទួលការលើកទឹកចិត្តធំមួយជាមួយនឹងការប្រកាសមូលនិធិ៩ពាន់លានដុល្លារអាម៉េរិករបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីជួយអោយប្រទេសទាំងនេះទទួលបានវ៉ាក់សាំង។
ប្រធានADBលោក ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា«នៅពេលប្រទេសកំពុងអភិវឌ្ឍន៍ដែលជាសមាជិកADBត្រៀមចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋរបស់គេអោយបានឆាប់ៗតាមលទ្ធភាពអាចធ្វើបាន ពួកគេត្រូវការហិរញ្ញវត្ថុដើម្បីទទួលបានវ៉ាក់សាំង ព្រមទាំងផែនការនិងចំណោះដឹងសមស្រប…ដើម្បីដំណើរការចាក់វ៉ាក់សាំង»។
ដោយដាក់ឈ្មោះថា«ការបង្កភាពងាយស្រួលដើម្បីទទួលវ៉ាក់សាំងនៅអាស៊ីប៉ាស៊ីហ្វិក(Apvax)» វានឹងផ្តល់ការគាំទ្រដល់ដំណើរការរកទិញ ទទួលនិងដឹកជញ្ជូនវ៉ាក់សាំងពីទីកន្លែងទិញទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំងវិនិយោគលើប្រព័ន្ធចែកចាយវ៉ាក់សាំង ដូចជាបណ្តាញស្តុកទុកដែលមានសីតុណ្ហភាពត្រជាក់ខ្លាំង។
ធនាគារដែលមានមូលដ្ឋាននៅក្រុងម៉ានីលនេះបាននិយាយថា ការផ្តល់ហិរញ្ញប្បទានរបស់ADBនេះ នឹងផ្តល់ការសម្របសម្រួលជាមួយដៃគូដទៃទៀត រួមមានអង្គការសុខភាពពិភពលោក។វាក៏អាចប្រើសំរាប់អភិវឌ្ឍឬពង្រីកសមត្ថភាពផលិតវ៉ាក់សាំង នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
ADBបាននិយាយថា ខ្លួនក៏ត្រៀមកន្លែងនាំចូលវ៉ាក់សាំងតំលៃ៥០០លានដុល្លារ ដើម្បីសម្រាលការចំណាយនិងជួយសម្រួលការនាំចូលវ៉ាក់សាំង។
បណ្តាប្រទេសនៅអាស៊ីកំពុងសម្លឹងរកទិញវ៉ាក់សាំងរាប់លានដូសដើម្បីចាក់អោយប្រជាជនរបស់គេក្នុងពេលចាប់ផ្តើមវិថីដ៏វែងឆ្ងាយទៅរកប្រក្រតីភាពឡើងវិញនិងជួយសេដ្ឋកិច្ចរបស់គេអោយរើបរើចេញពីការបំផ្លាញដោយសារកូវីដ១៩សាជាថ្មី។
សូមបញ្ជាក់ថា បណ្តាប្រទេសនៅអាស៊ីកំពុងស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចអវិជ្ជមាន(ដើរថយក្រោយ)នៅឆ្នាំនេះ តែប្រហែលជាតិចជាងការគិតពីមុន ដោយសារតែសេដ្ឋកិច្ចចិនរើបរើពីកូវីដ១៩បានលឿនជាងការរំពឹងទុក។ទោះជាយ៉ាងណា ផលប៉ះពាល់អូសបន្លាយពីជំងឺឆ្លងនេះនៅតែជាហានិភ័យចំពោះស្ថានភាពអនាគត, នេះបើតាមADB។
វាជាកំណើនអវិជ្ជមានលើកដំបូងប្រចាំតំបន់ក្នុងរយៈពេលជិត៦ទសវត្សរ៍មកនេះ។ទោះជាយ៉ាងណាសំរាប់ឆ្នាំ២០២១ តំបន់នេះត្រូវគេព្យាករណ៍ថានឹងកើន៦,៨ភាគរយនៅពេលបណ្តាប្រទេសក្នុងតំបន់រើបរើបណ្តើរៗពីផលប៉ះពាល់បណ្តាលមកពីកូវីដ១៩ដែលបានចម្លងមនុស្សជាង១៤,៣លាននាក់និងសម្លាប់មនុស្សជាង២សែននាក់នៅអាស៊ីប៉ាស៊ីហ្វិក៕
បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីអាចស្វះស្វែងរកហិរញ្ញវត្ថុពីADBដើមទិញ ទទួលនិងចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួន