ប្រែសម្រួល : កញ្ញាដាលីស ៖ ការវិភាគលើការបំភាយចំហេះឥន្ធនៈផូស៊ីលបានធ្លាក់ចុះ ៧ ភាគរយមិនធ្លាប់មានក្នុងឆ្នាំនេះ ដោយសារការបិទប្រទេសនានានិងការរឹតត្បិតការធ្វើដំណើរដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ។
ការបំភាយឧស្ម័នកាបូនិច (CO2) ទាំងស្រុងពីឧស្សាហកម្ម ការផលិតថាមពល និងការដឹកជញ្ជូនបានធ្លាក់ចុះ ២,៤ ពាន់លានតោនមកនៅត្រឹម ៣៤ ពាន់លានតោនដែលជាការធ្លាក់ចុះខ្លាំងជាងការធ្លាក់ចុះបង្កដោយវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីមួយទសវត្សរ៍មុន។
ប៉ុន្តែខណៈពេលដែលការធ្លាក់ចុះនេះអាចជាការក្រឡាប់ចាក់ដោយអចេតនាដោយសារជំងឺរាតត្បាត វានឹងមានឥទ្ធិពលតិចតួចណាស់ទៅលើល្បឿននៃការប្រែប្រួលអាកាសធាតុ។ការបំភាយឧស្ម័នកាបូនិចដែលផលិតនៅឆ្នាំនេះ ដែលស្មើប្រហែលនឹងឆ្នាំ ២០១២ ដែរនោះ គឺនៅតែធំជាងការស្រូបយកដោយព្រៃឈើមហាសមុទ្រឬដីនៅលើពិភពលោក ដូចនេះមានន័យថាកម្រិតឧស្ម័នកាបូនិចនៅក្នុងបរិយាកាសនៅតែរំពឹងកើនឡើងដដែល។
លោកបណ្ឌិត ប៉េប កាណាឌែល នាយកប្រតិបត្តិនៃគម្រោងកាបូនិចពិភពលោក ដែលបានធ្វើការវិភាគការបំភាយកាបូនឆ្នាំ ២០២០ដែលជារបាយការណ៍ប្រចាំឆ្នាំនៃការបំភាយឧស្ម័នកាបូនិចពិភពលោក បាននិយាយថា “យើងមិនដែលឃើញការធ្លាក់ចុះបែបនេះទេ”។
ការថយចុះការបំភាយឧស្ម័ននៅឆ្នាំនេះត្រូវបានប្រកាសភាគច្រើននៅសហរដ្ឋអាម៉េរិកគឺធ្លាក់ចុះ ១២ ភាគរយនិងសហភាពអឺរ៉ុបធ្លាក់ចុះ ១១ ភាគរយ។
ប៉ុន្តែនៅក្នុងប្រទេសចិន ការបំភាយឧស្ម័នកាបូនិចត្រូវគេប៉ាន់ស្មានថាធ្លាក់ចុះត្រឹមតែ ១,៧ ភាគរយដោយសារតែការបិទប្រទេសបានបញ្ចប់ទៅឆាប់ជាងពេលកំណត់ហើយសេដ្ឋកិច្ចមានពេលវេលាច្រើនដើម្បីស្តារឡើងវិញជាងប្រទេសដទៃទៀត។
គិតតាមវិស័យ ការបំភាយឧស្ម័នពីវិស័យដឹកជញ្ជូនតាមដងផ្លូវដូចជារថយន្តទេសចរណ៍ រថយន្តដឹកទំនិញនិងរថយន្តក្រុងបានរួមចំណែកយ៉ាងធំបំផុតនៃការថយចុះការបំភាយឧស្ម័នកាបូនិចលើពិភពលោក ៕
ការបំភាយឧស្ម័នកាបូនិចថយចុះ៧ភាគរយក្នុងឆ្នាំ២០២០ដោយសារជំងឺរាតត្បាត