ដោយៈ សរិទ្ធ/បន្ទាយមានជ័យៈ លោកចៅសង្កាត់ប៉ោយប៉ែត និង សមាជិកក្រុមប្រឹក្សា ទាំងអស់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ បានរួមគ្នាធ្វើ លិខិតមួយច្បាប់ ស្នើសុំកិច្ច អន្តរាគមន៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកម្មវត្ថុ «ក្នុងការផ្អាក ដោះដូរ មណ្ឌលសុខភាព ប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ»។ នេះបើយោងតាមលិខិត ដែលទើបទទួលបាន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នេះ ។
យោងតាមខ្លឹមសារលិខិត បានអោយដឹងថាៈ ប្រជាពលរដ្ឋ រស់នៅច្រើនជាង ១ ម៉ឺនគ្រួសារ ក្នុងសង្កាត់ប៉ោយប៉ែត មានមណ្ឌលសុខភាព តែមួយគត់ ។ ក្នុងរយៈពេលប៉ុន្មានខែ មកនេះ មានការផ្សព្វផ្សាយ តាមសារព័ត៌មាន និងមានការរអ៊ូរទាំ ពីសំណាក់ប្រជាពលរដ្ឋ អំពីការ ដោះដូរមណ្ឌលសុខភាព ប៉ោយប៉ែត ទៅឆ្ងាយពីលំនៅដ្ឋាន របស់ពួកគាត់ ទៅកាន់ភូមិ ផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកចៅសង្កាត់ប៉ោយប៉ែត និងសមាជិកក្រុមប្រឹក្សាទាំងអស់ បានរៀបរាប់ទៀតថាៈ សង្កាត់ផ្សារកណ្តាល «មានមណ្ឌលសុខភាព២» និង «មន្ទីរពេទ្យបង្អែក១» ហើយធ្វើអោយ សង្កាត់ផ្សារកណ្តាល មានមណ្ឌលសុខភាពឡើងដល់ ៣ សរុបទាំងមន្ទីរពេទ្យបង្អែក ឡើងដល់ ៤ កន្លែង ហើយនៅសង្កាត់ប៉ោយប៉ែត អត់មានមណ្ឌលសុខភាព ទាល់តែសោះ ។ ហេតុដូច្នេះ កុំអោយមានការថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋនោះ ទើបសមាជិកក្រុមប្រឹក្សា សង្កាត់ប៉ោយប៉ែត រៀបចំប្រជុំវិសាមញ្ញ ហើយស្មារតីអង្គប្រជុំ ក្រុមប្រឹក្សាសង្កាត់ បានសម្រេច សូមមិនអោយមាន ការដោះដូរមណ្ឌលសុខភាព ប៉ោយប៉ែត ទេ ។
ហេតុផលដែលលោកចៅសង្កាត់ ប៉ោយប៉ែត និងសមាជិកក្រុមប្រឹក្សាទាំងអស់ សូមមិន អោយមានការដោះដូរ មណ្ឌលសុខភាព ប៉ោយប៉ែត រួមមានៈ ១-នៅជុំវិញមណ្ឌលសុខភាព មានប្រជាពលរដ្ឋ រស់នៅជាង ១ម៉ឺនគ្រួសារ ហើយភូមិជាច្រើន ដូចជាភូមិក្បាលស្ពាន១ ក្បាលស្ពាន២ ភូមិប៉ោយប៉ែត ភូមិក្បាលកោះ ភូមិអូរជ្រៅ ភូមិបាលិលេយ្យ១ និង បាលិលេយ្យ២ ហើយភាគច្រើន ប្រជាពលរដ្ឋ ជាកម្មករអូសរទេះ និង កម្មករលីសែងឥវ៉ាន់ ។ ២-បើប្តូរមណ្ឌលសុខភាព ទៅសង្កាត់ផ្សារកណ្តាល ខុសនឹងគោលការណ៍ សង្កាត់មួយ មានមណ្ឌលសុខភាពមួយ ហើយនៅឆ្ងាយបងប្អូនប្រជាពលរដ្ឋ ជួបការលំបាក ទៅត្រួត ពិនិត្យ សុខភាព ជាពិសេសស្ត្រីមានផ្ទៃពោះ និង ជនចាស់ជរា ។ ៣-ប្រជាពលរដ្ឋ ម្ចាស់ឆ្នោត សូមដល់ក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ជាច្រើនលើក ហើយអាចនឹងមានការតវ៉ាណាមួយ ធ្វើអោយប៉ះពាល់អាជ្ញាធរ និង រាជរដ្ឋាភិបាល ។
ជាមួយគ្នានេះ លោកចៅសង្កាត់ប៉ោយប៉ែត និង សមាជិកក្រុមប្រឹក្សាទាំងអស់ ថ្លែងថា ដើម្បីកាត់បន្ថយ ហានិភ័យផ្សេងៗ និងបង្កើនការជួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា អាជ្ញាធរ ស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន មេត្តាជួយ អន្តរាគមន៍ ដ៏ខ្ពង់ខ្ពស់ ក្នុងការផ្អាកការដោះដូរ មណ្ឌលសុខភាព ប៉ោយប៉ែតទៅកាន់សង្កាត់ ផ្សារកណ្តាល ។
ទោះបីយ៉ាងណា ពេលនេះ ពុំទាន់សុំការបញ្ជាក់បន្ថែម ពីលោក ភោគ លន ចៅសង្កាត់ ប៉ោយប៉ែត បាននៅឡើយទេ ដោយសារទូរស័ព្ទ ចូលគ្មានអ្នកទទួល ។
ដោយឡែក យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ គឺ រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ អោយរដ្ឋបាលខេត្ត បន្ទាយមានជ័យ រៀបចំបំពេញបែបបទ និង នីតិវិធី ក្នុងការផ្ទេរប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ទីតាំងដី មណ្ឌលសុខភាព ប៉ោយប៉ែត១ មកអោយក្រុមហ៊ុន ស៊ីន សាន ដុង អ៊ិនធើណេសិនណល អ៊ិនវេសម៉ិន ឯ.ក ដោយពន្ធប្រថាប់ត្រា ជាបន្ទុករបស់រដ្ឋ ។
ទន្ទឹមនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវធ្វើការណែនាំ ដល់ក្រុមហ៊ុន អោយរៀបចំ សាងសង់ អគារមណ្ឌលសុខភាពប៉ោយប៉ែត១ ថ្មី និងហេដ្ឋារចនាសម្ព័ន្ធ នានា អោយបាន រួចរាល់ជាស្ថាពរ ដោយធ្វើការប្រគល់ទទួល និងចេញប្រកាសរួម ជាមុនសិនទើបអនុញ្ញាត អោយយក ទីតាំងចាស់ទៅអភិវឌ្ឈន៍៕PC