ដោយៈតារារិទ្ធ/ភ្នំពេញ៖ខេត្តកំពង់ស្ពឺបានក្លាយជាខេត្តមួយដែលផ្គត់ផ្គងផលិតផលសត្វធំជាងគេទៅទូទាំងប្រ ទេស ។ បច្ចុប្បន្នខេត្តមានកសិដ្ឋានចិញ្ចឹមជ្រូក ជ្រូកពូជ មាន់ យកសាច់និងមាន់យកស៊ុត កសិដ្ឋានចិញ្ចឹមគោនិងកសិដ្ឋានចិញ្ចឹមទាផងដែរ។បច្ចុប្បន្នផលិតកម្មទាំងនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើក កម្ពស់កម្រិតជីវភាពគ្រួសារនិងសេដ្ឋកិច្ចជាតិ។នេះបើយោងតាមការឲ្យដឹងរបស់លោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និង នេសាទតាមរយៈហ្វេសបុកនៅ ថ្ងៃទី ១២ ខែ ធ្នូនេះ ។
លោករដ្ឋមន្រ្តីបានឲ្យដឹងថានៅទូទាំងខេត្តមានកសិដ្ឋានចិញ្ចឹមសត្វសរុបចំនួន ៤៩៥ កន្លែងក្នុងនោះមាន៖កសិដ្ឋានចិញ្ចឹមជ្រូកសាច់មានចំនួន២២២មានជ្រូកសរុបចំនួន ១៨៥,៥២៣ក្បាល។កសិដ្ឋានចិញ្ចឹមជ្រូកពូជមានចំនួន ៤៥ មានជ្រូកមេពូជសរុបចំនួន ៤៨,៨៩២ ក្បាល។ កសិដ្ឋានចិញ្ចឹមមាន់យកសាច់មានចំនួន២១៤មានមាន់សរុប ចំនួន២,១១២,៦០០ក្បាល។កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតមានចំនួន ១០ មានមាន់ចំនួន ១៩៣,៣០០ក្បាល។ ក្រៅ ពីផលិតកម្មចិញ្ចឹមជ្រូកសាច់ ជ្រូកពូជ មាន់យកសាច់ និងមាន់យកស៊ុនខេត្តក៏មានកសិដ្ឋានចិញ្ចឹមគោបច្ចុប្បន្នខេត្តមានគោសរុបចំនួន ២៥៣,៨៣៤ ក្បាល និង មានការចិញ្ចឹមទាមានចំនួន ១០ ៩៨៦ ក្បាលហើយស្រុកដែល ឈានមុខគេលើផលិតកម្មចិញ្ចឹមសត្វគឺស្រុកគងពិសី សំរោងទង ឪរ៉ាល់ ឧត្តុង ច្បារមន និងស្រុកថ្ពង។
កសិដ្ឋានជ្រូកសាច់ មាន់យកសាច់ និងមាន់យកស៊ុត ភាគច្រើនសុទ្ធតែជារបស់ក្រុមហ៊ុននាំមុខគេផ្នែកផលិតកម្មចិញ្ចឹមសត្វនិងផលិតចំណីសត្វទាំងក្នុងនិងក្រៅស្រុកនិងរបស់ប្រជាកសិករដែលសហការចិញ្ចឹមតាមរយ:ការអនុវត្ តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនធំៗទាំងនោះ ។
លោក វ៉េង សាខុន បានឲ្យដឹងទៀតថា៖សេចក្តីត្រូវការសាច់សត្វនៅលើទីផ្សារទូទាំងប្រទេសកំពុងមាននិន្នាការ កើនឡើងជាបន្តបន្ទាប់ដោយសារការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ សេដ្ឋកិច្ច និងកំណើនប្រជាជន ។ ទន្ទឹមនឹងនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កំពុងជំរុញលើកទឹកចិត្តនិងគាំទ្រឲ្យវិស័យឯកជនជាពិសេសបងប្អូន ប្រជាកសិករនាំគ្នាខិតខំពង្រីកអាជីវកម្មចិញ្ចឹមសត្វបន្ថែមទៀតដើម្បីធានាបានទាំងបរិមាណនិងគុណភាពសម្រាប់ធ្វើការផ្គត់ផ្គង់ឆ្លើយតបតាមសេចក្តីត្រូវការរបស់ទីផ្សារ។ អ្នកចិញ្ចឹមសត្វត្រូវការចំណី អ្នកផលិតចំណីត្រូវការវត្ថុធាតុដើមដែលកម្ពុជាមានដូចជាពោតក្រហម កន្ទក់ ចុងអង្ករ ម្សៅត្រី និងម្សៅដំឡូងមី ។ល។ហើយអ្នកផលិតវត្ថុធាតុ ដើមគឺបងប្អូនប្រជាកសិករនេះគឺជាខ្សែច្រវាក់វិលជុំក្នុងប្រព័ន្ធផលិតកម្មចិញ្ចឹមសត្វ ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺធ្លាប់បានឲ្យដឹងថា៖ស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញក៏ពិតមែនតែខេត្តនេះមានប្រជាជនភាគច្រើនប្រកបរបរកសិកម្មក្រៅពីធ្វើ ស្រែចម្ការគឺមានការចិញ្ចឹមសត្វ,ចិញ្ចឹមត្រី… ។ បច្ចុប្បន្នខេត្តមានកសិដ្ឋានចិញ្ចឹមសត្វមានជិត៥០០កន្លែងហើយការចងក្រងគ្នាជាសហគមន៍ដើម្បីពង្រីងមុខរបរទូទាំងខេត្តមានចំនួន ៥៥ សហគមន៍ផងដែរ ។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។
នាសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពនិងទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកាលពីថ្ងៃទី១៩ ខែកក្កដា ២០២០ លោក វ៉ី សំណាង បានថាខេត្តមានកសិដ្ឋានចិញ្ចឹមសត្វចំនួន ៤៩៥ កន្លែងដែលមានកសិដ្ឋានចិញ្ចឹមជ្រូកសាច់ ២២៥ កសិដ្ឋានចិញ្ចឹមជ្រូកពូជ កសិដ្ឋានចិញ្ចឹមមាន់ កសិ ដ្ឋានចិញ្ចឹមទា កសិដ្ឋានចិញ្ចឹមគោ ក្របីផងដែរ។ ខេត្តបានចងក្រងសហគមន៍ទូទាំងខេត្តចំនួន ៥៥សហគមន៍មានសមាជិកសរុបចំនួន១០.៦១៦នាក់ដែលកំពុងដំណើរ ការធ្វើអាជីវកម្មទៅលើមុខរបរផ្សេងៗដូចជាដាំបន្លែផលិតស្ករត្នោតធ្វើឥណទានកសិកម្មខ្នាតតូចផ្គត់ផ្គង់នាំចូលសម្ភារពីខាងក្រៅលក់ក្នុងសហគមន៍និងប្រមូលផ្តុំផលិតផលក្នុងសហគមន៍លក់ចេញទៅទីផ្សារ៕