ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក្រុមគ្រួសារ កងការពារ សរុបទាំងអស់ជាង ៩០ នាក់ និងថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បានត្រូវធ្វើតេស្ត រកវីរុសកូវីដ-១៩ ជាលើកទីបី នៅព្រឹកថ្ងៃទី១២ ខែធ្នូ នេះ។
សម្ដេចក្រឡាហោម ស ខេង ក្រុមគ្រួសារ និងកងការពារសរុបទាំងអស់ ប្រមាណជាង ៩០ នាក់ បានធ្វើតេស្តលើកទី១ និងលើកទី២ រកវីរុសកូវីដ1១៩ គឺលទ្ធផលអវិជ្ជមានទាំងអស់។
សម្តេចក្រឡាហោម ស ខេង ត្រូវបានក្រុមគ្រូពេទ្យ យកសំណាកទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ដោយសារតែ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ សម្តេចបានដឹកនាំ កិច្ចប្រជុំ អន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោស និងលើក លែងទោស ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្ត្រី ។ នៅក្នុងកិច្ចប្រជុំអន្តរក្រសួង នាថ្ងៃនោះ លោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធាគារ ក្រសួងមហាផ្ទៃ ក៏បានចូលរួមដែរ។
សូមជម្រាបថា លោក ឆែម សាវុធ និងក្រុមគ្រួសារ រួមទាំងអ្នកបើកឡាន ត្រូវបានក្រសួង សុខាភិបាល រកឃើញថា មានការឆ្លងជំងឺកូវីដ ១៩ ។
ក្រសួងសុខាភិបាល បានបង្ហាញមុខបុគ្គល ពីររូប ដែលអាចជាប្រភពទី១ នៃការចម្លង សម្រាប់ “ ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ” ពីករណីនាំចូលមកកម្ពុជា ក្នុង អំឡុងខែតុលា ឆ្នាំ២០២០ ។ បុគ្គលពីររូបនេះ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ ឆ្នាំ ដែលត្រូវជាកូនលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ ឆ្នាំ ជាមន្ត្រី នៅនាយកដ្ឋាន ព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅល្ងាច ថ្ងៃទី៥ ខែធ្នូ បានឲ្យដឹងថា ក្រោយពីក្រសួង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការ ស្រាវជ្រាវ រកប្រភព នៃការចម្លងវីរុសកូវីដ -១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា នាថ្ងៃទី៣ និងថ្ងៃទី៥ ខែធ្នូ រួចមក ក្រុមការងាររបស់ ក្រសួងសុខាភិបាល សូមជូនរូបថតរបស់បុគ្គល ២ នាក់ គឺស្ត្រី ឈ្មោះ ឆែម សុនីតា និងបុរសឈ្មោះ តាំង សេវិន អាប់ ដែលអាចឆ្លងវីរុសកូវីដ-១៩ មុនគេ និងជាករណី ជាសះស្បើយ ក្រោយការបង្ករោគ ហើយដែលអាចជាប្រភពទី១ នៃការចម្លងសម្រាប់ “ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ” ពីករណីនាំចូលមកកម្ពុជា ក្នុងអំឡុងខែតុលា ឆ្នាំ២០២០៕PC