ប្រែសម្រួល : កញ្ញាដាលីស/ប៉ារីស ៖ ក្រុមហ៊ុន Sanofi របស់បារាំងនិងក្រុមហ៊ុន GSK របស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រទី១១ធ្នូថាវ៉ាក់សាំងកូវីដ១៩របស់ពួកគេនឹងមិនទាន់ត្រៀមរួចរាល់ទេរហូតដល់ដំណាច់ឆ្នាំ ២០២១ បន្ទាប់ពីលទ្ធផលបណ្តោះអាសន្នបានបង្ហាញការឆ្លើយតបភាពស៊ាំទាបចំពោះមនុស្សវ័យចំណាស់។
ការប្រកាសនេះគឺជាការដើរថយក្រោយដ៏ធំមួយនៅក្នុងកិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលបានកើតឡើងដំបូងនៅក្នុងប្រទេសចិនកាលពីខែធ្នូនិងបានសម្លាប់មនុស្សជាង ១,៥ លាននាក់នៅទូទាំងពិភពលោក។
ក្រុមហ៊ុន Sanofi និង GSK បាននិយាយថាការពន្យារពេលការសាកល្បងវ៉ាក់សាំងកូវីដ១៩នៅដំណាក់កាលបន្ទាប់ដោយផ្អែកលើប្រូតេអ៊ីនផ្សំចូលគ្នាជាចាំបាច់ គឺ “ដើម្បីបង្កើនការឆ្លើយតបភាពស៊ាំចំពោះមនុស្សវ័យចំណាស់”។
ក្រុមហ៊ុនទាំងពីរកាលពីពេលមុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធភាពដែលអាចទទួលបានវ៉ាក់សាំងនេះ គឺ ចាប់ពីពាក់កណ្តាលឆ្នាំ ២០២១ រហូតដល់ត្រីមាសទី ៤ ឆ្នាំ ២០២១ ។
ក្រុមហ៊ុនឱសថយក្សអាម៉េរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech បាននិយាយថា វ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធភាព៩០ ភាគរយក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ក្នុងដំណាក់កាលទី ៣ និងកំពុងបញ្ចេញលក់ទៅកាន់ពិភពលោក។
បេក្ខជនវ៉ាក់សាំងបង្កើតដោយក្រុមហ៊ុន Sanofi ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន GSK គឺផ្អែកលើបច្ចេកវិជ្ជា ដែល Sanofi បានប្រើដើម្បីផលិតវ៉ាក់សាំងផ្តាសាយតាមរដូវ និងផ្អែកលើភ្នាក់ងារការពារភាពស៊ាំ ដែលបង្កើតដោយ GSK៕
វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Sanofi និង GSK នឹងពន្យារពេលចេញរហូតដល់ចុងឆ្នាំ២០២១ ដោយសារការសាកល្បងមិនបង្ហាញប្រសិទ្ធភាពការពារទល់នឹងវីរុសកូរ៉ូណាក្នុងចំណោមនុស្សចាស់