Home ព័ត៌មានជាតិ នយោបាយ លទ្ធផល​នៃ​កិច...

លទ្ធផល​នៃ​កិច្ចប្រជុំ AIMF: រាជធានី​ភ្នំពេញ ទទួលបាន​គម្រោង​សំខាន់ៗ ជាច្រើន​នៅ​ឆ្នាំ​២០២១ ក្នុង​ចំនួន​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ​

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ សម្រាប់​លទ្ធផល​នៃ​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៤០ និង​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍ លើក​ទី​៩២ របស់​សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) តាម​កា​រប​ញ្ចូ​ន​​រូបភាព​និង​សម្លេង នៅ​ទីក្រុង​ទុយ​នី​ស ប្រទេស​ទុយ​នេ​ស៊ី នាពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ រាជធានី​ភ្នំពេញ ទទួលបាន​គម្រោង​សំខាន់ៗ ជាច្រើន នៅ​ឆ្នាំ​២០២១ ដែលមាន​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ ហើយ​ក្នុង​ចំនួន​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ចូលរួម​បដិភាគ​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១២​ធ្នូ​នេះ​ថា ក្រោយ​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍ លើក​ទី​៩២ របស់​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) នាពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ រាជធានី​ភ្នំពេញ ទទួលបាន​គម្រោង​អនុវត្ត​សំខាន់ៗ​នៅ​ឆ្នាំ​២០២១ ដែលមាន​ដូចជា​៖

​ក​-​គម្រោង “​សុខមាលភាព​នៅក្នុង​ទីក្រុង និង​ការគ្រប់គ្រង​កាកសំណល់​ភក់​បង្គន់​” ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន​ប្រមាណ ២.០៨​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ចូលរួម​បដិភាគ​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក និង​ទីតាំង​សម្រាប់​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម ចំណែក​ថវិកា​ប្រមាណ​២​លាន​ដុល្លា​ទៀត​ជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​សមាគម និង​ដៃគូ​អភិវឌ្ឍ​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​ខ​-​គម្រោង “​ការត្រៀមខ្លួន​ឆ្លើយតប​នឹង​ស្ថាន​ភាពអាសន្ន និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩” ដែលមាន​ទំហំ​ទឹកប្រាក់​ជិត​២០​ម៉ឺន​ដុល្លារ​អាមេរិក​។​

​គ​-​នៅក្នុង​ការបោះឆ្នោត​កែសម្រួល​សមាសភាព​សមា​ជិ​ក​នៃ​ការិយាល័យ​អចិន្ត្រៃយ៍ របស់​សមាគម​ឡើងវិញ រាជធានី​ភ្នំពេញ​តំណាងឱ្យ​ទីក្រុង​នៅក្នុង​ទ្វីបអាស៊ី នឹង​បន្ត​ធ្វើជា​សមាជិក​ការិយាល័យ​អចិន្ត្រៃយ៍​សម្រាប់​ឆ្នាំ​២០២១-២០២២​បន្តទៀត​។​
​កិច្ចប្រជុំ​បន្ទាប់​របស់​ការិយាល័យ​អចិន្ត្រៃយ៍ នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ប័​រ​ដូ​(Bordeaux) សាធារណៈរដ្ឋ បារាំង នៅ​កំឡុង​ខែមីនា ឆ្នាំ​២០២១​។​

​មន្ត្រី​ដ​ដែរ​ឱ្យដឹងថា ៖​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​៩២ និង​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៤០ របស់​សមាគម​(AIMF) ក្រោម​ប្រធានបទ “​ទីក្រុង​កំពុងអភិវឌ្ឍន៍ និង​ប្រព័ន្ធ​ឌីជីថល​” បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ទុយ​នី​ស ប្រទេស​ទុយ​នេ​ស៊ី តាម​កា​រប​ញ្ចូ​ន​រូបភាព​និង​សម្លេង ស្របតាម​ការអញ្ជើញរ​បស់ លោកជំទាវ Anne HIDALGO អភិបាល​ទីក្រុង​ប៉ារីស និង​ជា​ប្រធាន​សមាគម​(AIMF) និង​លោកជំទាវ Souad BEN ABDERRAHIM អភិបាល​ទីក្រុង​ទុយ​នី​ស​។

​កិច្ចប្រជុំ​នេះ សម្រេចបាន​លទ្ធផល​ដូចខាងក្រោម​៖

១. កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​៩២
​បាន​ប្រព្រឹត្តទៅ​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៩ ខែធ្នូ​ឆ្នាំ​២០២០ នៅ​ប្រទេស​ទុយ​នេ​ស៊ី ត្រូវ​នឹង​ម៉ោង​១១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​នៅ​កម្ពុជា ទៅតាម​កម្មវិធី​និង​របៀបវារៈ​សំខាន់ៗ​ចំនួន​៥ រួមមាន​៖ (១)​ការពិនិត្យ​កែសម្រួល​សមាសភាព​សមា​ជិ​ក​ការិយាល័យ​អចិន្ត្រៃយ៍​, (២)​ការអនុម័ត​លើ​កំណត់ហេតុ​កិច្ចប្រជុំ​លើក​ទី​៩១, (៣)​ការបោះឆ្នោត​ជ្រើសរើស​ពានរង្វាន់​ស្ត្រី​ប្រើប្រាស់​ភាសា​បារាំង​, (៤)​របាយការណ៍​ថវិកា​ឆ្នាំ​២០២០ និង​គម្រោង​ថវិកា​ឆ្នាំ​២០២១ និង​(៥)​របាយការណ៍​របស់លោក​អគ្គលេខាធិការ​សមាគម​ស្តីពី​ផែនការ​សកម្មភាព និង​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​បស់​សមាគម​។​

២. កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៤០
​ពិធី​បើក​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៤០ បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​ទីក្រុង​កំពុងអភិវឌ្ឍន៍ និង​ប្រព័ន្ធ​ឌីជីថល​” ក្រោម​អធិបតីភាព ឯកឧត្តម Hichem MECHICHI នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទុយ​នេ​ស៊ី និង​លោកជំទាវ Anne HIDALGO អភិបាល​ទីក្រុង​ប៉ារីស និង​ជា​ប្រធាន​សមាគម​(AIMF) ។

​មហាសន្និបាត​បាន​ប្រារព្ធ​ធ្វើ​ទៅតាម​កម្មវិធី និង​របៀបវារៈ​ដែល​បានកំណត់ ដោយ​អង្គ​មហាសន្និបាត​បានធ្វើការ​បោះឆ្នោត​អនុម័ត​លើ​សេចក្តីព្រាង​ឯកសារ​របស់​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍ កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ និង​ឯកសារ​នៃ​មហាសន្និបាត​លើក​ទី​៣៩ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែធ្នូ ឆ្នាំ​២០១៩​កន្លងទៅ​។​

​អង្គ​មហាសន្និបាត​បាន​បោះឆ្នោត​ជ្រើសរើស​ទីក្រុង​គី​ហ្គា​លី (Kigali) ប្រទេស​រ៉ា​វ៉ាន់ដា​(Rwanda) ជាទី​តាំង​សម្រាប់​ប្រារព្ធ​ធ្វើ​មហាសន្និបាត​លើក​ក្រោយ នៅ​កំឡុង​ខែកក្កដា ឆ្នាំ​២០២១៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular