ដោយ: សរិទ្ធ / បាត់ដំបង: ឪពុកបង្កើត និងពូបង្កើតដែលរួមគ្នារំលោភសេពសន្ថវៈលើកូនស្រីអាយុ ៣ឆ្នាំបានត្រូវសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បញ្ជូនមកតុលាការនៅរសៀលថ្ងៃទី១២ខែធ្នូឆ្នាំ២០២០ដើម្បីចាត់ការតាមច្បាប់។
ឪពុកមានឈ្មោះ ហួន ហួរ អាយុ៣១ឆ្នាំនិងពូបង្កើតឈ្មោះហួនឧត្តម អាយុ១៨ឆ្នាំ។ពួកគេទាំង២មានទីលំនៅក្រុងបាត់ដំបង។
ប្រភពព័ត៌មានពីមន្ត្រីនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថ្មីៗនេះលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងសហការជាមួយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការស្រុក ស្រុកឯកភ្នំ បាននាំខ្លួនបុរសចំនួន០២នាក់ខាងលើនេះមកសាកសួរ តាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ (ស.ព) រស់នៅក្នុងក្រុងបាត់ដំបងជាម្តាយកុមារី រងគ្រោះ ប្តឹងប្តីដែលត្រូវជាឪពុកបង្កើតយកុមារីរងគ្រោះ និងប្អូនថ្លៃដែលត្រូវជាពូបង្កើតយកុមារី រងគ្រោះថាបានរួមគ្នា រំលោភសេពសន្ថលើ កូនស្រីដែលទើបមានអាយុ០៣ឆ្នាំប៉ុណ្ណោះ។
នៅក្នុងពេលសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដោយមានការចូលរួមពីម្តាយ និងមានអង្គការសង្គមស៊ីវិលចូលរួមស្តាប់ផងនោះកុមារីរងគ្រោះ បានឆ្លើយបញ្ជាក់ថា រូបគេពិតជាត្រូវបានឪពុកបង្កើតរួមគ្នាជាមួយពូបង្កើត ចាប់រំលោភសេពសន្ថវៈ ចំនួន០២ដងក្នុងអំឡុងពេលថ្មីៗនេះ។
ចំណែកជនសង្ស័យទាំងពីរនាក់នេះ មិនបានឆ្លើយសារភាពអំពីសកម្មភាពរបស់ខ្លួននៅឡើយទេ តែក្នុងពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនេះសមត្ថកិច្ចរកឃើញគ្រឿងញៀន និងសម្ភារៈប្រើប្រាស់គ្រឿងញៀន មួយចំនួននៅជាមួយពួកគេទាំងពីរនេះផងដែរ។
លុះនៅថ្ងៃទី១១ ខែធ្នូឆ្នាំ២០២០ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យ ទាំងពីរមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីស្រាវជ្រាវបន្តនិងចាត់ការតាមផ្លូវច្បាប់៕