Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួងកសិកម្ម...

ក្រសួងកសិកម្ម​បញ្ជាក់ថា ខេត្តកំពង់ស្ពឺ​មាន​សក្តានុពល​ខ្ពស់​ក្នុង​វិស័យ​ផលិតកម្ម​ជ្រូក​និង​មាន់​

ដោយ​: ពៅ​និមល / ភ្នំពេញ​: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា កំពង់ស្ពឺ ជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​ផលិតកម្ម​ជ្រូក​សាច់ មាន់​យក​សាច់ និង​មាន់​យក​ស៊ុត ទាំង​ជា​លក្ខណៈ​​គ្រួសារ និង​ជា​លក្ខណ​:​ឧស្សាហកម្ម​។

​បើតាម​បញ្ជាក់​របស់​មន្ទីរ​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ផលិតកម្ម​ទាំងនេះ បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​កម្រិតជីវភាព​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។ បច្ចុប្បន្ន​នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​៖ ជ្រូក​សរុប​មាន​ចំនួន​២៣២ ៤៤៣​ក្បាល​, មាន់​សរុប​ចំនួន​៣ ៣១៥ ៤៩៣​ក្បាល​។ ដោយឡែក កសិដ្ឋាន​ចិញ្ចឹមសត្វ​សរុប​ចំនួន​៤៩៥​កន្លែង ក្នុងនោះ​រួមមាន​៖​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​សាច់មាន​ចំនួន​២២២ មាន​ជ្រូក​សរុប​ចំនួន​១៨៥ ៥២៣​ក្បាល​។ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ពូជ​មាន​ចំនួន​៤៥ មាន​ជ្រូក​មេ​ពូជ​សរុប​ចំនួន​៤៨ ៨៩២​ក្បាល​។
​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​សាច់មាន​ចំនួន​២១៤ មាន​មាន់​សរុប​ចំនួន​២ ១១២ ៦០០​ក្បាល​។ កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ស៊ុតមាន​ចំនួន​១០ មាន​មាន់​ចំនួន​១៩៣ ៣០០​ក្បាល​។ ក្រៅពី​ផលិតកម្ម​ចិញ្ចឹម​ជ្រូក​សាច់ ជ្រូក​ពូជ មាន់​យក​សាច់ និង​មាន់​យក​ស៊ុត ខេត្ត​ក៏មាន​កសិដ្ឋាន​ចិញ្ចឹម​គោ និង​ចិញ្ចឹម​ទា​ផងដែរ​។ បច្ចុប្បន្ន ខេត្ត​មាន​គោ​សរុប​ចំនួន​២៥៣ ៨៣៤​ក្បាល និង​ទា​មាន​ចំនួន​១០ ៩៨៦​ក្បាល ហើយ​ស្រុក​ដែល​ឈានមុខ​គេ​លើ​ផលិតកម្ម​ចិញ្ចឹមសត្វ​គឺ​ស្រុក​គងពិសី សំរោង​ទង ឪ​រ៉ា​ល់ ឧ​ត្តុ​ង ច្បារមន និង​ស្រុក​ថ្ពង​។

​សូមបញ្ជាក់ថា កសិដ្ឋាន​ជ្រូក​សាច់ មាន់​យក​សាច់ និង​មាន់​យក​ស៊ុត ភាគច្រើន​សុទ្ធតែជា​របស់​ក្រុមហ៊ុន​នាំមុខគេ​ផ្នែក​ផលិតកម្ម​ចិញ្ចឹមសត្វ និង​ផលិត​ចំណី​សត្វ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក និង​របស់​ប្រជាកសិករ​ដែល​សហការ​ចិញ្ចឹម​តាមរយ​:​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ធំៗ​ទាំងនោះ​។ សេចក្តីត្រូវការ​សាច់សត្វ​នៅលើ​ទីផ្សារ​ទូទាំងប្រទេស​កំពុង​មាន​និន្នាការ​កើន​ឡើងជា​បន្តបន្ទាប់ ដោយសារ​ការ​វិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេសជាតិ សេដ្ឋកិច្ច និង​កំណើនប្រជាជន​។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម បាននិងកំពុង​ជំ​រញ​លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ​វិស័យ​ឯកជន ជាពិសេស​បងប្អូន​ប្រជាកសិករ នាំគ្នា​ខិតខំ​ពង្រីក​អាជីវកម្ម​ចិញ្ចឹមសត្វ​បន្ថែមទៀត​ដើម្បី​ធានាបាន​ទាំង​បរិមាណ និង​គុណភាព​សម្រាប់ធ្វើ​ការផ្គត់ផ្គង់​ឆ្លើយតប​តាម​សេចក្តីត្រូវការ​របស់​ទីផ្សារ​។ អ្នក​ចិញ្ចឹមសត្វ​ត្រូវការ​ចំណី អ្នក​ផលិត​ចំណី​ត្រូវការ​វត្ថុធាតុដើម ដែល​កម្ពុជា​មានដូចជា ពោតក្រហម កន្ទក់ ចុងអង្ករ ម្សៅ​ត្រី និង​ម្សៅដំឡូង​មី​។​ល​។ ហើយ​អ្នក​ផលិត​វត្ថុធាតុដើម​គឺ​ប្រជាកសិករ នេះ​គឺជា​ខ្សែ​ច្រវាក់​វិលជុំ​ក្នុង​ប្រព័ន្ធ​ផលិតកម្ម​ចិញ្ចឹមសត្វ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular