ដោយ: សុផល / ភ្នំពេញ: ក្នុងរយៈពេល ១០ខែឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេសកម្ពុជាមានប្រមាណ ១,២៦លាននាក់ ដែលតួលេខនេះ បានធ្លាក់ចុះ ៧៦,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានប្រមាណ ៥,២៩លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
របាយការណ៍ដដែលនេះ បានឱ្យដឹងថា៖ ទេសចរចិន នៅតែបន្តនាំមុខគេ ដោយមានចំនួនប្រមាណ ៣១ម៉ឺននាក់ ធ្លាក់ចុះ ៨៤,៥ភាគរយ បន្ទាប់មកទេសចរថៃ មានចំនួន ១៩ម៉ឺននាក់ ធ្លាក់ចុះ ៤១,៥ភាគរយ, វៀតណាម មានចំនួន ១៨ម៉ឺននាក់ ធ្លាក់ចុះ៧៤,៨ភាគរយនិងសហរដ្ឋអាមេរិកជាង៥ម៉ឺននាក់ធ្លាក់ចុះ៧១,៦ភាគរយក្រៅពីនោះភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងៗទៀត ក៏ធ្លាក់ចុះដែរ។
ការធ្លាក់ចុះអ្នកទេសចរនេះ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបាន និងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងនិងបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរសេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល ត្រូវបានគេមើលឃើញថា រងផលប៉ះពាល់ខ្លាំងជាងគេ។
គួររម្លឹកថា៖កាលពី ឆ្នាំ ២០១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៦,៦១លាននាក់ កើនឡើង ៦,៦ភាគរយ ពីចំនួន ៦,២លាននាក់ក្នុងឆ្នាំ ២០១៨៕សរន