Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទោះ​កូ​វីដ​១៩...

ទោះ​កូ​វីដ​១៩ ក៏​ការនាំចេញ​កម្ពុជា ទៅ​ទីផ្សារ​អាម៉េរិក​នៅតែមាន​ការកើនឡើង​

​ដោយ​: សុផល / ភ្នំពេញ​: សេដ្ឋកិច្ចកម្ពុជា​និង​សហរដ្ឋ​អាម៉េរិក កំពុង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០២០​នេះ នៅតែ​រក្សា​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។​

​ទិន្នន័យ​នៃ​ការិយាល័យ​ពាណិជ្ជកម្ម​រដ្ឋាភិបាល​អាម៉េរិក បាន​ឲ្យ​ដឹងថា ការនាំចេញ​របស់​កម្ពុ​ជា ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក ចន្លោះ​ពី​ខែមករា ដល់​ខែតុលា ឆ្នាំ ២០២០​នេះ មានតម្លៃ​ទឹកប្រាក់ ៥៥៣១​លាន​ដុល្លារ បាន​កើនឡើង ២១,៣៤​ភាគរយ បើ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ចំណែក​ក្នុង​រយៈពេល​ដូចគ្នានេះ ការនាំចេញ​របស់​សហ​រដ្ឋ​អាម៉េរិក​មកកាន់​កម្ពុជា​វិញ គឺមាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​២៦៩​លាន​ដុល្លារ បាន​ធ្លាក់ចុះ​៣៩,៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៩​។​

​សូមជម្រាបថា ទំនិញ​ដែល​នាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អាម៉េរិក​ភាគច្រើន​លើសលុប​ជា​ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង និង​កាបូប​សម្រាប់​ធ្វើដំណើរ ចំណែក​មុខទំនិញ​សំខាន់ៗ សហរដ្ឋ​អាម៉េរិក​នាំទៅ​កម្ពុជា​មានដូចជា គ្រឿង​អេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និង​បរិក្ខារ​ពេទ្យ​ជាដើម​។​

​គួរ​កត់សម្គាល់ថា សហរដ្ឋ​អាម៉េរិក​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ការអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម នៅក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) ធ្វើ​ឲ្យ​កម្ពុជា អាច​នាំចេញ​ទៅកាន់​សហ​រដ្ឋ​អាម៉េរិក ដោយ​មិន​បង់​ពន្ធគយ​នូវ​ទំនិញ ចំនួន​ជាង ៥០០០​មុខ​។ នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ GSP ប្រទេស​កម្ពុជា បាន​នាំ​ទំនិញ​សម្រាប់​ការធ្វើដំណើរ ដែលមាន​តម្លៃ​ជិត ១​ពាន់​លាន​ដុល្លារ ទៅកាន់​សហរដ្ឋ​អាម៉េរិក​នៅ​ឆ្នាំ​២០១៩៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular