ដោយ:អង្គរតូច/សៀមរាប: កម្លាំងនគរបាលស្រុកពួក នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ បានស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនយុវតីម្នាក់ក្រោយទទួលបណ្តឹងជនរងគ្រោះករណីបាត់ម៉ូតូ។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការស្រុកពួកបានអោយដឹងថា ជនសង្ស័យឈ្មោះ ផាន ធីតា ហៅពិក ភេទស្រី អាយុ១៦ឆ្នាំ រស់នៅ ភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ចំណែកជន រងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ វង្ស ណាវីន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅ ភូមិពពិស សង្កាត់ក្របីរៀល ក្រុងសៀមរាប មុខរបរកសិករ។
ម្ចាស់ម៉ូតូបានឱ្យដឹងថា ពេលដែលខ្លួនជិះមកលក់បន្លែនៅផ្សារពួក ទុកម៉ូតូពុំបានចាក់សោរ ក៍ត្រូវបានជនពុំស្គាល់អត្តសញ្ញាណលួចយកទៅបាត់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតមែន ដោយខ្លួនអះអាងថា បានខ្ចីម៉ូតូជិះសិននឹងយកម៉ូតូមកឲ្យម្ចាស់វិញ។ តាមពិតម៉ូតូនេះបានជ្រុះកូនសោរបាត់ថ្ងៃមុន(ម្ចាស់ធ្វើសោរថ្មី) ហើយខ្លួន(ជនសង្ស័យ)រើសបានកូនសោម៉ូតូនេះ ទុករហូតមក ទើបបានយកកូនសោរចាក់ធ្វើសកម្មភាពលួចតែម្តង។
ក្រោយស្តាប់ចំលើយ និងប្រគល់ម៉ូតូអោយម្ចាស់វិញ នគរបាលជំនាញស្រុកពួក កំពុងកសាងសំណុំ រឿង ដើម្បីបញ្ជូនជនសង្ស័យទៅតុលាការ៕