ដោយៈប.ជ័យ / បន្ទាយមានជ័យៈសមត្ថកិច្ចនគរបាលនិយាយថា តម្រុយអង្គហេតុនិងការសួរចម្លើយបានបង្ហាញថា ឃាតកម្មលើដូនជីអាយុ៨២ឆ្នាំក្នុងវត្តនិវេសឃុំឬស្សី ក្រោកស្រុកមង្គលបូរី ពុំមានអ្នកមកពីឆ្ងាយទេ ។ហេតុនេះ គេត្រូវបន្តស៊ើបអង្កេតអ្នកពាក់ព័ន្ធនៅវត្តនេះបន្តទៀត។នេះបើយោងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងអធិកាដ្ឋាននគរបាលស្រុកមង្គលបូរីប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី១១ខែធ្នូ។
សមត្ថកិច្ច:តម្រុយឃាតកម្មលើដូនជីក្នុងវត្តនិវេសគ្មានអ្នកមកពីឆ្ងាយទេ!(រូបថតប.ជ័យ)
សមត្ថកិច្ចបាននិយាយថាក្រោយឃាតកម្មភ្លាមៗសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រោមកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបាននិមន្តព្រះសង្ឃបីអង្គមកសាកសួរ។ក្នុងនោះមានមួយអង្គមានតម្រុយចម្លើយគួរឲ្យសង្ស័យជាងគេ ព្រោះស្បង់ចីវររបស់ព្រះអង្គមានស្នាមដិតដាមប្រឡាក់ដូចឈាម។ក្នុងពេលកើតហេតុព្រះសង្ឃអង្គនោះបានដើរទៅមកតែមួយអង្គឯង គ្មានអ្នកណាផ្សេងចូលទៅទេ ។
សមត្ថកិច្ចបានបន្តថា បើយោងការធ្វើកោសល្យវិច្ច័យគឺអំពើឃាតកម្មនោះគឺប្រព្រឹត្តដោយអ្នកមានចំណេះមានជំនាញនិងមានការបញ្ជា ព្រោះបានសម្លាប់ប្រើពេលយូរដែរដោយកាប់នឹងពូថៅលើក្បាលនិងមុខដូនជី។កាប់បំបែកភ្នែកទាំងគូរួចយកពូថៅទៅលាក់យ៉ាងល្អលើប្រឡោះធ្នើរកុដិដើម្បីបង្វែរភស្តុតាងផង។ពេលសមត្ថកិច្ចហ៊ុមព័ទ្ធកន្លែងឃាតកម្មព្រះសង្ឃមួយអង្គនេះចេះតែទាមទារយកនូវស្បង់ដែលមានដិតដាមដូចឈាមនោះ ។
អំពើឃាតកម្មនេះ មិនសមនឹងជាអំពើប្លន់យកទ្រព្យ (ដូនជីជាអ្នកលេងឆ្នោតដែរ ) និងជាអំពើរំលោភរួចសម្លាប់ដែរ ។ តែបើជាឃាតកម្មមកពីករណីដឹងរឿងសម្ងាត់ឬអាថ៌កំបាំងអ្វីមួយ។
លោកវរសេនីយ៍ស៊ីនណារ៉ាក់អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់កាសែតរស្មីកម្ពជាថាមុខសញ្ញាជាច្រើនត្រូវបានសមត្ថកិច្ចនគរបាលនិងការសម្របសម្រួលពីព្រះរាជអាជ្ញា ត្រូវបានកោះហៅមកសាកសួរ អង្កេតបន្តបន្ទាប់ ។ ព្រោះអង្គហេតុនេះ គ្មានតម្រុយថា មានអ្នកមកពីឆ្ងាយណាចូលមកធ្វើឃាតឡើយ ។ ហេតុនេះបន្តស៊ើបអង្កេតលើមុខសញ្ញាសង្ស័យ។
សូមរំលឹកថា កាលពីចន្លោះម៉ោង៤ទៅ៥ ល្ងាចថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅ ជូនជីឈ្មោះសៅ សែត អាយុ៨២ឆ្នាំ នៅសំណាក់ធម៌ក្នុងវត្តនិវេស ត្រូវឃាតករសម្លាប់ដោយកាប់នឹងពូថៅ ខ្ទេចមុខនិងក្បាល ហើយថែមទាំងបំបែកភ្នែកទាំងគូផង ។
ខណៈនេះប៉ូលិសកំពុងបន្តស៊ើបអង្កេតស្រាវជ្រាវ៕សរន
សមត្ថកិច្ច:តម្រុយឃាតកម្មលើដូនជីក្នុងវត្តនិវេសគ្មានអ្នកមកពីឆ្ងាយទេ!(រូបថតប.ជ័យ)
សមត្ថកិច្ច:តម្រុយឃាតកម្មលើដូនជីក្នុងវត្តនិវេសគ្មានអ្នកមកពីឆ្ងាយទេ!(រូបថតប.ជ័យ)