ដោយៈប.ជ័យ / បន្ទាយមានជ័យៈបុគ្គលមន្ត្រីយោធាម្នាក់បានបន្តរំលោភបំពានដីរដ្ឋនិងដីកម្មសិទ្ធិឯកជននៅរង្វង់មូលបឹងត្រកួន ភូមិបឹងសុក្រំឃុំគោករមៀតស្រុកថ្មពួក។សកម្មភាពបានផ្គើននឹងរដ្ឋបាលខេត្តនិងនគរបាលនាយកដ្ឋានកណ្តាលសន្តិសុខទៅទៀត ។ ហេតុនេះពលរដ្ឋរងគ្រោះមានតែសុំការជួយអន្តរាគមន៍ជួយរកយុត្តិធម៌ពីប្រមុខរាជរដ្ឋាភិបាល។
ពលរដ្ឋឈ្មោះសៀនលន់និងប្រពន្ធឈ្មោះកែវសុធារីរស់នៅភូមិបន្ទាយមានរឹទ្ធិ(បឹងត្រកួន)ឃុំគោករមៀតស្រុកថ្មពួកឲ្យដឹងកាលពីថ្ងៃទី១១ខែធ្នូថ កាលពីថ្ងៃទី១១ខែឧសភាកន្លងទៅពួកខ្លួនបានធ្វើលិខិតសុំអន្តរាគមន៍ដោះស្រាយម្តងទៀត ករណីឈ្មោះ គី ជា ភេទប្រុស (វរសេនីយ៍យោធា) ដែលនៅតែបន្តរំលោភបំពាននិងយកដីធ្លីរបស់លីខ្លួន ក៏ដូចជាដីចំណីផ្លូវជាតិលេខ៥៨កែងនឹងផ្លូវខេត្តលេខ ២៥៦៣ របស់រដ្ឋនៅភូមិបឹងសុក្រំឃុំគោកមៀត ។លិខិតនោះដើម្បីបន្ថែមលើសំណើ កាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៩ ដែលពួកខ្លួនបានដាក់ពាក្យបណ្តឹងមួយច្បាប់ ប្តឹងពីឈ្មោះ គី ជា (មន្ត្រីយោធា) រស់នៅភូមិបឹងសុក្រំឃុំគោករមៀតស្រុកថ្មពួកនេះ ម្តងហើយ។លុះដល់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩រដ្ឋបាលខេត្តបានចាត់ឲ្យលោកលីសារីអភិបាលរងខេត្តបន្ទាយមានជ័យចុះដឹកនាំមន្ត្រីក្រុមការងារចម្រុះខេត្តបានប្រជុំសម្របសម្រួលនិងរកដំណោះស្រាយ ហើយបានទៅពិនិត្យជាក់ស្តែងដល់ទីតាំង ។
ជាលទ្ធផលនៃស្មារតីអង្គប្រជុំនិងការចុះផ្ទៀងផ្ទាត់ដល់ទីតាំង ខេត្តបានសម្រេច ហើយរាយការណ៍ជួនលោកអភិបាលខេត្ត ។
តមក រដ្ឋបាលស្រុកថ្មពួក បានធ្វើលិខិតលេខ១៦៣/២០ របក/សថព ចុះថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០ ស្តីពីករណីខាងលើ គោរពជូូនលោកអភិបាលខេត្ត។
ជាការឆ្លើយតប រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញលិខិតលេខ៥៣១/២០ សជណ ចុះថ្ងៃទី៣ខែសីហាឆ្នាំ២០២០ ចុះហត្ថលេខាដោយលោកអ៊ុ រាត្រី អភិបាលខេត្ត ជម្រាបជូនលោកគី ជា រស់នៅភូមិបឹងសុក្រំ ឃុំគោករមៀតស្រុកថ្មពួក ក្នុងកម្មវត្ថុស្តីពីករណីឈ្មោះគីជាចាក់បំពេញអាចម៍ដីលុបយកដីចំណីផ្លូវនៅចំណុចរង្វង់មូលបឹងត្រកួននិងធ្វើរោងដាក់កុងត្រូលយកភាស៊ីចំណតរថយន្តចំពិមុខ(ផ្លូវក្រវត់ព្រំដែនផ្លូវជាតិលេខ៥៨)ស្ថិតនៅភូមិបឹងសុក្រំឃុំគោករមៀតស្រុកថ្មពួក ។
រដ្ឋបាលខេត្តបានយោង ១. អនុក្រឹត្យ១៩៧ អនក្រ.បកចុះថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងដីចំណីតាមបណ្តោយ ផ្លូវជាតិនិងផ្លូវរថភ្លើងនៃព្រះរាជាណាចក្រកម្ពុជា ។២. លិខិតលេខ៨៦៧២ សហវ.អដផ ចុះថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ដោះស្រាយផលប៉ះពាល់ដីចំណិផ្លូវជាតិរួច) ។៣. លិខិតលេខ០៨៣ សក ចុះថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៨របស់មន្ទិរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ។៤.កំណត់ហេតុចុះថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩ របស់ក្រុមការងារចម្រុះខេត្ត។៥. លិខិតលេខ១៦៣/២០ របក/សថព ចុះថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០របស់រដ្ឋបាលស្រុកថ្មពួក។
រដ្ឋបាលខេត្តបានសម្រេចដូចតទៅ ទី១ .ចំពោះសំណើសុំប្រើប្រាសដីជាប់ចំណីផ្លូវជាតិលេខ៥៨ត្រង់រង្វង់មូលបឹងត្រកួន (ខាងកើតផ្លូវជាតិ)តាមសំណើចុះថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៩ របស់ឈ្មោះគី ជា គឺរដ្ឋបាលខេត្តមិនអនុញ្ញាតិនោះទេ ។
ទី២ . ត្រូវរុះរើរោងដែលដាក់ជាកន្លែងយកភាសុីចំណតរថយន្តចេញពីដីចំណិផ្លូវជាតិលេខ៥៨ ត្រង់រង្វង់មូលបឹងត្រកួន ព្រោះប៉ះពាល់មុខទឹក(នៃផ្លូវជាតិ)និងធ្វើអោយប៉ះពាល់កម្មសិទ្ធិអ្នកដទៃ។ទី៣ត្រូវប្រមូលលូដែលដាក់ពង្រាយចេញពីដីចំណីផ្លូវសាធារណៈនិងត្រូវរក្សាដីចំណីផ្លូវនេះ ទុកជាសម្បត្តុិសាធារណៈរបស់រដ្ឋវិញ ។ទី៤. ត្រូវកាយអាចម៍ដីដែលបានចាក់ចូលរួចរាល់ ចេញពីចំណីផ្លូវជាតិលេខ៥៨ ដោយទុករយៈពេល២សប្តាហ៍ជាកំហិត (គិតពីថ្ងៃុទី៣ខែសីហាឆ្នាំ២០២០ កន្លងមកម្ល៉េះ ) ។
ទី៥. ហាមអ្នកពាក់ព័ន្ធយកដីចំណីផ្លូវទៅប្រើប្រាស់ប្រយោជន៍ផ្ទាល់ខ្លួន ។ទី៦. ក្នុងករណីលោក មិនអនុវត្តតាមការណែនាំខាងលើនេះ រដ្ឋបាលខេត្តនឹងអនុវត្តតាមវិធានការច្បាប់ជាធរមាន ។
បន្ថែមលើនោះ ប្រភពព័ត៌មានច្បាស់ការណ៍មួយឲ្យដឹងថាមានការស្វែងរកការពិត ដោយនៅថ្ងៃទី១២ខែសីហាឆ្នាំ២០២០ មន្ត្រីក្រុមការងារនាយកដ្ឋានសន្តិសុខនិងផែនសន្តិសុខខេត្តស្រុកបានចុះស្រាវជ្រាវទំនាស់ដីធ្លីរវាងមន្ត្រីយោធានិងប្រជាពលរដ្ឋនៅបឹងត្រកួន គឺក្រោយការផ្សាយរបស់កាសែតរស្មីកម្ពុជាចេញថ្ងៃទី១១ខែសីហាឆ្នាំ២០២០ ។ពោលគីករណីលោកវរសេនីយ៍យោធា ឈ្មោះគី ជា ឈរជើងនៅបឹងត្រកួនឃុំគោករមៀតស្រុកថ្មពួក (ក្រោយកែទម្រង់ បច្ចុប្បន្នក្រុមការងារទំនាក់ទំនងព្រំដែនច្រកតំបន់បឹងត្រកួន នៃការិយាល័យកិច្ចការព្រំដែនយោធាភូមិភាគ៥ ) បានរំលោភបំពានលើលើដីចំណីផ្លូវ ដែលនៅពីមុខដីពលរដ្ឋ ។ក្នុងនោះមានការចាក់ដីដាក់លូនិងចាក់បេតុងសង់រោងយកជាកម្មសិទ្ធិរបស់ខ្លួនដែលគ្មានច្បាប់អនុញ្ញាតិដើម្បីធ្វើជាអាជីវកម្មលក់ឥវ៉ាន់ចាប់ហួយនិងយកភាស៊ីក្បាលឡាន ធ្វើឲ្យប៉ះពាល់ទៅលើឈ្មោះ សាំង ដាលីន (ជាបងស្រីនៃពលរដ្ឋខាងលើ) ។ជាលទ្ធផលនៃការស្រាវជ្រាវដល់កន្លែងកើតហេតុថ្ងៃទី១២ខែសីហាឆ្នាំ២០២០ កម្លាំងជំនាញ បានធ្វើការរសាកសួរបំភ្លឺពីពលរដ្ឋនិងសួរម្ចាស់ករណី បានបញ្ជាក់ថា ឈ្មោះគី ជា មិនមានសិទ្ធុិគ្រប់គ្រង ប្រើប្រាសលើដីចំណីផ្លូវនេះទេ ។ដោយនៅឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ ក្រសួងសាធារណការនិងដឹកជញ្ជូនបានស្ថាបនាផ្លូវជាតិលេខ៥៨ហើយនៅចំណុចទំនាស់នោះគឺបានដោះស្រាយសំណងផលប៉ះពាល់ដីចំណីផ្លូវឲ្យទៅឈ្មោះដែង ស ដែលជាម្ចាស់ដីរួចទៅហើយ ។
តាមលិខិតលេខ០៨៣ សក ចុះថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៨ របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាុយមានជ័យ បានអោយចាត់វិធានការទប់ស្កាត់ការដាក់លូ ចាក់ដីបាំងមុខទឹក ធ្វើឲ្យខូចខាតផ្លូវ នៅពេលមានទឹកជំនន់ ត្រូវហាមឃាត់ដាច់ខាត។
តាមលិខិតលេខ៥៣១/២០ សជណ ចុះថ្ងៃទី៣ខែសីហាឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យឈ្មោះគី ជា រុះរើចំណតយកភាសុីរថយន្ត កាយដី យកលូពីទីតាំងដីចំណិផ្លូវដែលមានទំនាស់ចេញក្នុងរយៈពេល២សប្តាហ៍។
បើមន្ត្រីយោធារូបនេះ មិនអនុវត្តតាមនឹងចាត់ការតាមនិតិវិធីច្បាប់ជាធរមាន(ឈ្មោះ គី ជានេះធ្លាប់មានការណែនាំឲ្យរុះរើច្រើនដងហើយ តាមលិខិតកិច្ចសន្យាសុំប្រើប្រាសដីចំណិផ្លូវរបស់រដ្ឋ របស់ឈ្មោះគី ជា ខ្លួនឯង ចុះថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៩ តាមរយៈមេឃុំ អភិបាលស្រុក) ។
តាមរបាយការណ៍លេខ១៦៣/២០ របក/សថពចុះថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០របស់អភិបាលស្រុកថ្មពួកក៏បានហាមឃាត់និងឲ្យរុះរើដីភាស៊ីចំណតថ្មពួកដែលជារបស់ឈ្មោះគីជានៅចំណុចទំនាស់នោះចេញតែឈ្មោះនេះនៅតែបន្តចាក់ដីដាក់លូខុសពីសេចក្តីណែនាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ។
ប្រភពព័ត៌មានបានបន្តថា មន្ត្រីជំនាញនគរបាលនាយកដ្ឋានសន្តិសុខ បានសន្និដ្ឋានថា(ដោយរងការរំលោភបំពាននិងរងអំពើអយុត្តិធម៌ ) យល់ឃើញថា ឈ្មោះសាំង ដាលីន (តំណាងឲ្យប្អូនឈ្មោះសៀន លន់ និងកែវ សុធារី ) ពិតជាបានស្នើសុំឲ្យកាសែតចុះផ្សាយ (ដើម្បីសុំអន្តរាគមន៍ដោះស្រាយ) មែន ។ឯឈ្មោះ គី ជា នេះ មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងសមត្ថកិច្ច ,មិនគោរពកិច្ចសន្យាខ្លួនឯងឡើយ ។
ទាក់ទិនការចោទប្រកាន់នេះ លោកគី ជា មន្ត្រីយោធាបានប្រាប់កាសែតរស្មីកម្ពុជា ក៏ដូចក្រុមការងារចម្រុះខេត្តកន្លងមកថា ដីចំណីផ្លូវជាតិនិងនៅទល់មុខដីពលរដ្ឋនោះ មិនមែនជាដីលោកឡើយ ។លោកបានបន្តថា វាជាដីរបស់ឈ្មោះដែង ស ដែលជាមិត្តភក្តិរកស៊ីរបស់លោក ទុកឲ្យប្រើប្រាស់ បើសិនជាហ៊ានយក ។ ប៉ុន្តែបើរដ្ឋត្រូវការយកដីនោះ ពេលណា លោកប្រគល់ឲ្យភ្លាម ។ លោកមិនឲ្យទៅបុគ្គលឯកជនណាឡើយ ។
ប៉ុន្តែពលរដ្ឋខាងលើបាននិយាយថា តាំងពីនោះមក លោកគី ជា មិនត្រឹមតែមិនអនុវត្តអ្វីសោះ តាមស្មារតីខ្លឹមសារនៃអង្គដំណោះស្រាយ ,តាមលិខិតសជណរបស់មន្ទីរសាធារណការនិងដឹកជញ្ជូន , តាមលិខិតរបស់រដ្ឋបាលឃុំ ស្រុក និងជាពិសេសរបស់ដ្ឋបាលខេត្ត តែបែរជារឹងរឹតតែបានធ្វើផ្គើន ប្រមាថស្មារតីអង្គប្រជុំរបស់រដ្ឋបាលខេត្ត ខ្លឹមសារសជណរបស់ខេត្ត ក៏ដូចខ្លឹមសារនៃការចុះស្រាវជ្រាវរកការពិតរបស់នគរបាលនាយកដ្ឋានសន្តិសុខនៃអគ្គនាយកដ្ឋានកណ្តាលសន្តុសុខបន្ថែមទៀត ដូចជាសាងសង់សំណង់រឹងមាំ ដាក់សម្ភារៈនិងធ្វើសកម្មភាពទាំងពួងលើទីតាំងដីទំនាស់ ។
ពលរដ្ឋរងគ្រោះបានបន្ថែមទៀតថា មន្ត្រីយោធារូបនេះ មានចរឹតមានៈរឹងរូស។ហេតុនេះ ពួកគាត់ មានតែគោរពស្នើសុំអន្តរាគមន៍ដោះស្រាយពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ទើបពួកគាត់អាចទទួលបានយុត្តិធម៌និងភាពកក់ក្តៅក្រោមដំបូលសន្តិភាពនិងការអភិវឌ្ឍរបស់សម្តេច ៕សរន