ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ សត្វពស់ថ្លាន់ ១ក្បាល ទម្ងន់ ១៣ គីឡូក្រាម ដែលប្រជាពលរដ្ឋ ប្រទះឃើញក្នុងស្រែ នៅពេលពួកគេកំពុងច្រូតស្រូវ ហើយបាននាំគ្នាចាប់ យកមកប្រគល់ជូន មន្ត្រីឧទ្យានុរក្ស កាលពីពេលថ្មីៗនេះ ឥឡូវពស់ថ្លាន់នោះ បានយកទៅលែង នៅវត្តកំពង់ព្រះហើយ ។
ការលែងសត្វពស់ថ្លាន់ ១ក្បាលនេះ បានធ្វើឡើង នៅវេលាម៉ោង ៣និង២០នាទី រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងព្រៃ នៃទីទួលវត្តកំពង់ព្រះ ដែលជាទីស្ងាត់ ដើម្បីបង្កបង្កើតកូនឡើងវិញ ដោយមានការនិមន្ត និងការចូលរួមពីព្រះសង្ឃ លោក សោម កុសល់ ប្រធានស្នាក់ការឧទ្យានុរក្ស នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ និងលោក ស៊ឹម សុភា ប្រធានក្រុមល្បាត មន្ត្រីនគបាលប៉ុស្ដិ៍រដ្ឋបាល និងមន្ត្រីឧទ្យានុរក្ស ផងដែរ ។
លោក សោម កុសល់ បានអោយដឹងថា សត្វពស់ថ្លាន់ ១ក្បាលនេះ ជារបស់ឈ្មោះ ទេព ចំរើន ជាប្រជាការពារ រស់នៅក្នុងភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ លោកបានបន្តថាៈ នៅពេលគាត់ (ឈ្មោះ ទេព ចំរើន) និងប្អូន ទៅច្រូតស្រូវ បានប្រទះឃើញពស់ថ្លាន់ វៀននៅក្នុងស្រែ ដែលកំពុងច្រូតស្រូវ រួចបានចាប់ និងយកមកប្រគល់ឱ្យ មន្ត្រីឧទ្យានុរក្ស តំបន់ការពារឆ្នុកទ្រូ ហើយដោយមានការអនុញ្ញាត ពីព្រះគ្រូចៅអធិការវត្ត លោក ក៏បានយកសត្វពស់ថ្លាន់ ១ ក្បាលនេះ ទៅលែងនៅលើទីទួល នៃវត្តកំពង់ព្រះ តែម្តង។
ប្រធានស្នាក់ការឧទ្យាននុរក្ស នៃតំបន់ករពារឆ្នុកទ្រូ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមកុំដាក់អន្ទាក់ ឬដាក់មង ចាប់យកសត្វព្រៃ ប្រភេទកម្រ ដូចពស់ថ្លាន់នេះ និងសត្វផ្សេងៗទៀត និងសូមជួយអភិរក្សទាំងអស់គ្នា ដើម្បីនិរន្តរភាពពូជសត្វ ដ៍កម្រគ្រប់ប្រភេទ ដោយមិនថា តែពស់ថ្លាន់នោះឡើយ ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋ ក៍ប្រឈមមុខនឹងផ្លូវច្បាប់ ប្រសិនបើជាប់ពាក់ព័ន្ធនឹងការចាប់ ឬលក់បន្តសត្វព្រៃ៕/V