ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ឈាបនកិច្ច
(ឈាប៉ៈ ន៉ៈ កិច)
នាមសព្ទ
( បា. ) ការដុតសាកសព; ពាក្យនេះ សម្រាប់ប្រើជាសាធារណៈ មិនចំពោះបុគ្គល ។ មានន័យឲ្យប្រើតាមលំដាប់ជនខ្ពស់, កណ្ដាល, ទាប ដូច្នេះគឺ សម្រាប់ព្រះបរមសពនៃក្សត្រទ្រង់រាជ្យ, សម្ដេចព្រះវររាជជននី, សម្ដេចព្រះអគ្គមហេសី, ព្រះសពសម្ដេចព្រះមហាសង្ឃរាជ, ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់ ហៅថា ថ្វាយព្រះភ្លើង; សម្រាប់សេនាបតីនិងមន្រ្តីទាំងពួងឬរាស្រ្ដប្រជាអ្នកមានកេរ្ដិ៍ឈ្មោះ ហៅថា រំលាយសព; សម្រាប់បព្វជិតទាំងពួង ហៅថា បូជា ឬ បូជាសព; សម្រាប់រាស្រ្ដប្រជាទាំងពួង ហៅថា រំលាយរូប ឬ ធ្វើឈាបនកិច្ច; សម្រាប់ជនថោកថយ ហៅថា ដុត ឬ ដុតខ្មោច ។

ឈាបនដ្ឋាន
(ឈា-ប៉ៈន៉ាត់-ឋាន)
នាមសព្ទ
( បា. ) ទីសម្រាប់ធ្វើឈាបនកិច្ច, កន្លែងរំលាយសាកសព
គេច្រើនកសាង ឈាបនដ្ឋានជាសាធារណៈ នៅក្នុងវត្ត ឬ ក្នុងទីក្បែរវត្ត

ឈិង
នាមសព្ទ
ឈ្មោះគ្រឿងភ្លេងមួយប្រភេទក្នុងវង់ភ្លេងខ្សែ
ភ្លេងខ្សែខ្វះឈិង មិនសូវពីរោះ ។

ឈឹង
គុណសព្ទ
សូន្យសូរសព្ទ, ស្ងប់ស្ងាត់, ជ្រៀប, ជ្រងំ
ស្ងាត់ឈឹង, ស្ងប់ឈឹង, បាត់មាត់ឈឹង ។
នាមសព្ទ
(ចិ.) តុទាបមានសណ្ឋានទ្រវែងឬបួនជ្រុង
ដាក់អីវ៉ាន់លើឈឹង ។

ឈឹប
ឧទានសព្ទ
សូរសំឡេងឮដោយចាក់នឹងស្នឬច្បូកជាដើម
ចាក់ឈឹប ! សូរឈឹប !