Home ព័ត៌មានជាតិ នយោបាយ តេស្ត​លើក​ទី​...

តេស្ត​លើក​ទី​៣ : សម្តេច​ក្រឡាហោម ស ខេង និង​ភរិយា ក្រុមគ្រួសារ និង​អ្នកពាក់ព័ន្ធ​អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ទាំងអស់

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​នៅ​យប់​ថ្ងៃទី​១២ ខែធ្នូ នេះ​ថា សម្តេចនិង​ភរិយា ក្រុមគ្រួសារ និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​នៅផ្ទះ​របស់​សម្តេច​ចំនួន​២០១​សំណាក ទទួលបាន​លទ្ធផល​អ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ទាំងអស់ សម្រាប់​ការធ្វើ​តេស្ត​លើក​ទី​៣ ដែលជា​លើកចុងក្រោយ នៅ​ថ្ងៃទី​១២ ខែធ្នូនេះ​។​

តេស្ត​លើក​ទី​៣ : សម្តេច​ក្រឡាហោម ស ខេង និង​ភរិយា ក្រុមគ្រួសារ និង​អ្នកពាក់ព័ន្ធ​អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ទាំងអស់(រូបឯកសារ)

​សម្តេច​ក្រឡាហោម ស ខេង បាន​សរ​សេរ​ក្នុង​ផេក​ផ្លូវការ​ថា “​ខ្ញុំ​សូម​ជម្រាបជូន​បងប្អូន​ជនរួមជាតិ​ទាំងអស់​ថា​ខ្ញុំ ភរិយា ក្រុមគ្រួសារ និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​នៅផ្ទះ​របស់ខ្ញុំ ចំនួន​២០១​សំណាក ត្រូវបាន​ក្រសួងសុខាភិបាល​ផ្ដល់​ការបញ្ជាក់​មក​ថា​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ទាំងអស់ សម្រាប់​ការធ្វើ​តេស្ត​លើក​ទី​៣ ដែលជា​លើកចុងក្រោយ​។​”

​សម្តេច​ក្រឡាហោមបន្តថា “​តប​នឹង​ដំណឹង​ដ៏​ល្អ​នេះ ក្នុងនាម​ភរិយា ក្រុមគ្រួសារ អ្នកពាក់ព័ន្ធ​ទាំងអស់ និង​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល និង​ក្រុមគ្រូពេទ្យ ដែល​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ​យក​សំណាក និង​តាមដាន​សុខភាព​របស់​យើងខ្ញុំ​ទាំងអស់គ្នា តាំងពី​ដំណាក់កាល​ដំបូង​រហូតដល់​បញ្ចប់​ការធ្វើ​តេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ខ្ញុំ​ក៏​សូម​អរគុណ និង​កោតសរសើរ​ខ្ពស់​ចំពោះ​ស្មារតី​សហការ​ខ្ពស់​របស់​បងប្អូន​ជនរួមជាតិ​ទាំងមូល ក្នុងនោះ​រាប់ទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ី​វិល នគរបាលជាតិ មន្ត្រី​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ”

​ជាមួយគ្នានេះដែរ សម្តេច​ក្រឡាហោមសូម​ថ្លែងអំណរគុណ​ចំពោះ​ជនរួមជាតិ​ទាំងអស់ ដែល​បាន​ផ្ញើ​សារ​ជូនពរ និង​មានការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខភាព​របស់ខ្ញុំ និង​ភរិយា ក្រុមគ្រួសារ ព្រមទាំង​អ្នកពាក់ព័ន្ធ​នៅក្នុង​អំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​កន្លងមកនេះ​។

​សម្តេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូមមេត្តា​បន្ត​អនុវត្ត​វិធានការ​ប្រឆាំង​មេរោគ​កូ​វីដ​១៩​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ដូចជា​ការធ្វើ​តេស្ត​ក្នុងករណី​សង្ស័យ​, ការដាក់​ខ្លួន​នៅ​ដាច់ដោយឡែក​, ការពាក់​ម៉ាស់ ឬ​ប្រើ​ក្រ​ម៉ា​ពេល​ក្អក ឬ​កណ្ដាស់​, លាងដៃ បាញ់​អាកុល​សម្លាប់​មេរោគ​, ការរក្សា​គម្លាត​សុវត្ថិភាព និង​កាត់បន្ថយ​ការប្រមូលផ្ដុំ ដោយសារ​ព្រឹត្តិ​កាណ៍​២៨​វិច្ឆិកា​មិនទាន់​បានបញ្ចប់​នៅ​ឡើ​យ​។
​សូម​ជូនពរ​ជនរួមជាតិ​ទាំងអស់ ជួបតែ​សេចក្ដីសុខ​គ្រប់ប្រការ និង​ចៀស​ផុតពី​ជំងឺ​កូ​វីដ​១៩ ៕​សរន

តេស្ត​លើក​ទី​៣ : សម្តេច​ក្រឡាហោម ស ខេង និង​ភរិយា ក្រុមគ្រួសារ និង​អ្នកពាក់ព័ន្ធ​អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ទាំងអស់(រូបឯកសារ)

តេស្ត​លើក​ទី​៣ : សម្តេច​ក្រឡាហោម ស ខេង និង​ភរិយា ក្រុមគ្រួសារ និង​អ្នកពាក់ព័ន្ធ​អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ទាំងអស់(រូបឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular