ប្រែសម្រួលៈវាសនា/ហាណូយ៖ អតីតនាយកមជ្ឈមណ្ឌលគ្រប់គ្រងជំងឺក្រុងហាណូយនឹងចំណាយពេល១០ឆ្នាំនៅក្នុងគុកចំពោះការធ្វើជាមេគំនិតកឹបកេងប្រាក់ទិញឧបករណ៍ធ្វើតេស្តិ៍វីរុសកូរ៉ូណា នេះបើតាមការផ្សាយរបស់សារព័ត៌មានvnexpress នៅថ្ងៃនេះ។
តុលាការប្រជាជនក្រុងហាណូយ កាលពីថ្ងៃសៅរ៍បានរកឃើញថា លោក ង្វៀន ញឹត កាំ ( Nguyen Nhat Cam)អាយុ៥៧ឆ្នាំ បានប្រព្រឹត្តបទល្មើសប្រឆាំងនឹងច្បាប់នៅក្នុងការដេញថ្លៃផ្គត់ផ្គង់សម្ភារមួយដែលនាំដល់ផលវិបាកធ្ងន់ធ្ងរ គឺខាតបង់ប្រាក់៥,៤ពាន់លានដុង(២៣៣.៤៨៣ដុល្លារ)ដល់ថវិកាជាតិ។
តាមពិតកាំ ត្រូវបានចាប់ខ្លួនតាំងពីពីខែមេសា តែត្រូវរង់ចាំការស៊ើបអង្កេតរឿងអាស្រូវនេះ។
ជនសមគំនិត៧នាក់ទៀត ត្រូវបានតុលាការផ្តន្ទាទោសអោយជាប់គុករវាង៣ឆ្នាំទៅ៦ឆ្នាំកន្លះក្នុងម្នាក់ៗ ខណៈដែល២នាក់ទៀតត្រូវព្យួរទោស៣៦ខែ។
សូមបញ្ជាក់ថា ៥នាក់ក្នុងចំណោមជនសមគំនិត៩នាក់ខាងលើគឺជាអតីតមន្ត្រីជាន់ខ្ពស់នៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺក្រុងហាណូយ និងខ្លះទៀតជានាយកក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ។
តុលាការបាននិយាយថា អំពើរបស់កាំនិងជនសមគំនិតបានដាក់សង្គមទៅក្នុងគ្រោះថ្នាក់ និងប៉ះពាល់កិត្តិនាមរបស់បក្សកុំម្មុយនីស្ត ព្រមទាំងរដ្ឋចំពេលប្រទេសខិតខំគ្រប់យ៉ាងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។
ទោះជាយ៉ាងណា តុលាការបានបន្ថែមថា កាំ ដែលជាសាស្ត្រាចារ្យនិងវេជ្ជបណ្ឌិតដែលមានស្នាដៃច្រើន សមនឹងទទួលបានការសម្រាលទោសខ្លះ។
យោងតាមឯកសារកាត់ទោស ឆ្លៀតពេលប្រទេសជួបការផ្ទុះជំងឺឆ្លងនិងការសំរេចពីរដ្ឋាភិបាលអោយបង្កើនថវិកាទិញគ្រឿងម៉ាស៊ីននិងបរិក្ខាវេជ្ជសាស្ត្រខ្លះដើម្បីធ្វើតេស្តិ៍រកវីរុសកូរ៉ូណា លោកកាំ បានគុបគិតជាមួយមនុស្សក្រោមបង្គាប់ រួមមានអនុប្រធានមជ្ឈមណ្ឌល បំប៉ោងថ្លៃគ្រឿងម៉ាស៊ីនវេជ្ជសាស្ត្រនិងបរិក្ខារប្រើសំរាប់ការធ្វើតេស្តិ៍។ចាប់ពីខែកុម្ភៈមកពួកគេបានបំប៉ោងតំលៃ(ដាក់ថ្លៃហួសថ្លៃជាក់ស្តែង)ទិញឧបករណ៍ធ្វើតេស្តិ៍កូវីដ១៩ ដល់ទៅ៣ដង រហូតដល់៧ពាន់លានដុង ខណៈដែលវាត្រូវបាននាំចូលពីអាឡឺម៉ង់ថ្លៃតែ ២,៣ពាន់លានដុង៕
លោក ង្វៀន ញឹត កាំ (ទី២ កណ្តាល) អតីតប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺក្រុងហាណូយនិងជនសមគំនិតឈរក្នុងសវនាការនៅក្រុងហាណូយ កាលពីថ្ងៃ១២ធ្នូ
លោក ង្វៀន ញឹត កាំ (ឆ្វេង) និងជនសមគំនិតកឹបកេងលុយរដ្ឋ