ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖អ្នកប្រឆាំងតវ៉ាពាក់មួកក្រហមរាប់ពាន់នាក់បានចេញមកបំពេញដងវិថីជាច្រើននៅទីក្រុងវ៉ាស៊ីនតោនជិតសេតវិមានកាលពីថ្ងៃសៅរ៍ ដើម្បីគាំទ្រការចោទប្រកាន់គ្មានភស្តុតាងរបស់ប្រធានាធិបតី ត្រាំ ដែលថាការបោះឆ្នោតប្រធានាធិបតីកាលពីខែមុនពោរពេញដោយការលួចបន្លំ ទោះជាតុលាការកំពូលអាម៉េរិកទើបបដិសេធបណ្តឹងរបស់ត្រាំក្តីដើម្បីទុកជាមោឃៈលទ្ធផលឆ្នោតក្តី។
ពួកអ្នកគាំទ្របានជួបជុំនៅទីលានសេរីភាព នៅចម្ងាយប៉ុន្មានប្លុកផ្ទះពីសេតវិមាន ក្នុងបរិយាកាសសប្បាយអ៊ឹកធឹកមួយនៅគ្រាដំបូង តែក្រោយមកមានការប៉ះទង្គិចរវាងបាតុករប្រជែងគ្នា។
ប៉ូលិសក្នុងឈុតបង្ក្រាបបាតុកម្ម ប្រើដងខ្លួនរបស់គេនិងទោចក្រយានដើម្បីរក្សាអោយក្រុមបាតុករប្រជែងនៅឆ្ងាយពីគ្នា។មានការប៉ះទង្គិចរវាងប៉ូលិសនិងអ្នកប្រឆាំងតវ៉ាផងដែរហើយមនុស្ស៦នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ បន្ទាប់ការចាប់ខ្លួន៥នាក់កាលពីថ្ងៃសុក្រក្នុងការប៉ះទង្គិចមួយទៀត។
អ្នកគាំទ្រត្រាំ ខ្លះបានស្រែកថា «អាម៉េរិក ៤ឆ្នាំទៀត» សំរាប់ដូណាល់ ត្រាំ។
លូក វីលសុន អ្នកប្រឆាំងតវ៉ាវ័យខ្ទង់៦០ឆ្នាំ បាននិយាយថា«យើងនឹងមិនបោះបង់ទេ»ខណៈដែលអ្នកតវ៉ាម្នាក់ទៀតឈ្មោះដែល ឃ្វីក បាននិយាយថា«ខ្ញុំជឿថាមានភាពអយុត្តិធម៌ដ៏ធំមួយចំពោះប្រជាជនអាម៉េរិក»។
ពួកអ្នកប្រឆាំងតវ៉ា មិនបានបង្ហាញការពន្យល់ណាមួយអំពីលទ្ធផលឆ្នោតថ្ងៃ០៣វិច្ឆិកា ដែលលោកចូ បៃដិន ត្រូវគេគិតថាជាអ្នកឈ្នះ ។ឥឡូវរដ្ឋនីមួយៗ បានបញ្ជាក់អះអាងថាលោកបៃដិនឈ្នះ ដោយផ្តល់អោយលោកនូវអង្គបោះឆ្នោតចំនួន៣០៦ ទល់នឹង២៣២សំរាប់ត្រាំ ខណៈបេក្ខជនម្នាក់ត្រូវការតែ២៧០សម្លឹងអាចចូលកាន់កាប់កៅអីសេតវិមានបាន។
តែពួកអ្នកប្រឆាំងតវ៉ា ក៏ដូចជាប្រធានាធិបតី ដូណាល់ ត្រាំ ដែរ នៅតែអះអាងថាការបោះឆ្នោតនេះមានការលួចបន្លំជាទូទៅ ដោយខ្លះចង្អុលទៅរកការជ្រៀតជ្រែករបស់បរទេស ខ្លះថាមកពីកំហុសសូហ្វវ៉ែរកុំព្យូទ័រដែលនាំដល់ការលុវចោលសន្លឹកឆ្នោតរាប់លានសំរាប់លោកត្រាំ៕
ពួកអ្នកប្រឆាំងតវ៉ា ដែលខ្លះពាក់ម៉ាស់មុខដូណាល់ ត្រាំ បានដើរដង្ហែនៅវ៉ាស៊ីនតោនកាលពីថ្ងៃ១២ធ្នូ ដើម្បីប្រឆាំងជំទាស់នឹងជ័យជម្នះរបស់ ចូ បៃដិន