Home ព័ត៌មានជាតិ សេដ្ឋកិច្ច សហគមន៍​ព្រៃឈើ...

សហគមន៍​ព្រៃឈើ​គ្រញូង​កំពុង​រង​ការទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ

ដោយ​: សុខុម / ស្ទឹងត្រែង​: ឈើ​គ្រញូង​ដ៏​កម្រ​ដែល​នៅ​សេសសល់ ត្រូវបាន​ការពារ​ដោយ​សហគមន៍​ឃុំ​ចំការលើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង កំពុងតែ​រង​ការទន្ទ្រាន​កាប់បំផ្លាញ​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​ឈ្មួញ​។​

​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បារម្ភ​ថា​បើសិនជា​គ្មាន​ការចូលរួម​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​បាន​តឹងរឹង​ទីនោះ ព្រៃ​សហគមន៍​មួយ​នេះ នឹង​បាត់ឈ្មោះ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោក ព្រះ ហែម មេឃុំ​ចំការលើ បាន​ប្រាប់​ឲ្យ​ដឹងថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សហគមន៍​ព្រៃឈើ​ក្រញូង​ចេះតែ​រិចរឹល​ទៅៗ ដោយសារ​ប្រធាន​សហគមន៍​នេះ មិនសូវ​យកចិត្តទុកដាក់​លើ​សហគមន៍​ព្រៃឈើ​គ្រញូង​ឡើយ​។ សព្វថ្ងៃនេះ មាន​អ្នក​ទន្ទ្រាន​យក​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​យក​ម្ដង​បន្តិចៗ នៅ​តំបន់​ព្រៃ​ការពារ​សហគមន៍​ឈើ​គ្រញូង​នោះ​។ តាម​ការប៉ាន់ស្មាន​ថា ព្រៃ​សហគមន៍​ឈើ​គ្រញូង​មាន​ទំហំ​ផ្ទៃដី​សរុប ៩៨៥​ហិកតា ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងកសិកម្ម​។ ឥឡូវនេះ​នៅសល់​ប្រមាណ​ជាង​៥០​ហិកតា​ប៉ុណ្ណោះ​។​

​លោក ព្រះ ហែម មេឃុំ​ចំការលើ​បាន​បញ្ជាក់ថា អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់​បង្ក្រាប​ក្រុម​អនាធិបតេយ្យ ម្ដង​ហើយ​កន្លងមក​។ ពេលនោះ​កម្លាំង​សហគមន៍​ព្រៃឈើ​គ្រញូង សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ធ្វើការ​ឃាត់ខ្លួន​ជនល្មើស រួម​និង​វត្ថុតាង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ ប្រមាណ​១០​គ្រឿង បានប្រគល់​ទៅ​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​សឹ្ទ​ង​ត្រែង និង​អ្នកពាក់ព័ន្ធ​ចំនួន​៣​នាក់ ត្រូវបាន​អាជ្ញាធរ​យកទៅដាក់​ពន្ធនាគា​រ​។​

​សូមបញ្ជាក់ថា សហគមន៍​ព្រៃឈើ​គ្រញូង មាន​ផ្ទៃដី​សរុប​ចំនួន ៩៨៥​ហិកតា​ស្ថិតនៅ​ភូមិ​-​ឃុំ​ចំកា​លើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​

​ដំបូង​ឡើយ​សហគមន៍​ឈើ​គ្រញូង​នេះ រៀបចំ​គម្រោង​ការពារ​ដោយមាន​ការសម្របសម្រួល​ពី​រដ្ឋបាល​ព្រៃឈើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​អង្គការ រី ឃូ​ស​, សហគមន៍​ព្រៃឈើ​គ្រញូង​ទទួលបាន​ប្រកាស​ពី​ក្រសួងកសិកម្ម និង​នេសាទ តាម​ប្រកា​សលេខ ០៦៩ ប្រក​.​កសក ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ និង​មាន​កិច្ចព្រមព្រៀង ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ។ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក៏បាន​ចុះហត្ថលេខា​លើ​ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍​។​

​ចាប់តាំងពី​បង្កើត​សហគមន៍​មួយ​នេះ​មក អ្នកការពារ​មិនបាន​ទប់ស្កាត់​ជាប់​នោះទេ​។ បច្ចុប្បន្ននេះ​ព្រៃឈើ​គ្រញូង​កំពុង​ប្រឈម និង​ក្រុម​ឈ្មួញ​កាប់​រុករាន​ទន្ទ្រាន​យក​ឈើ និង​ពុះ​ដី​ជា​កង់​បែង​ចែកជា​ឡូត៍​លក់​ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់មក​។ អាជ្ញាធរ​មូលដ្ឋាន​ស្រុក និង​រដ្ឋបាល​ព្រៃឈើ​ស្រុក​និង​ខេត្ត បង្ក្រាប​ទប់ស្កាត់​ដែរ​តែ​ពុំមាន​ប្រសិទ្ធភាព​ឡើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular