ដោយៈម៉េងឆៃ/ ភ្នំពេញៈ កាលពីថ្ងៃចន្ទ ទី៧ ខែធ្នូ ដើមសប្តាហ៍នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ច្បាស់ជាថ្មីម្តងទៀតថា គ្មានទេការបិទប្រទេស ឬរាជធានីភ្នំពេញ។ ព័ត៌មានដែលបានផ្សព្វផ្សាយតៗគ្នាថានឹងការមានការបិទប្រទេសឬរាជធានីភ្នំពេញដោយសារតែការរីករាលដាលជំងឺកូវីដ១៩នោះ ជាព័ត៌មានបំផ្លើស ភូតកុហក ដើម្បីបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុកប៉ុណ្ណោះ។ ទោះជាមិនការបិទប្រទេស ឬរាជធានីភ្នំពេញ តែសម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តទទួចស្នើសុំ អោយប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩។សម្តេចនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យអាជ្ញាធររាជធានីខេត្ត ប្រើអំណាចរដ្ឋ បិទទីតាំងលក់ដូរណាមួយ ក្នុងករណីដែលទីតាំងនោះ មិនអនុវត្តតាមវិធានការក្រសួងសុខាភិបាល ដើម្បីការពារកុំឲ្យឆ្លងកូវីដ១៩ ឲ្យបានត្រឹមត្រូវទេ។
កាលពីព្រលប់ថ្ងៃទី៧ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីបំណងទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចាក់ជូនប្រជាជនកម្ពុជា ឱ្យបាន ១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត ២០លានដូស។ តែតម្រូវការចំពោះមុខ នាដំណាក់កាលទីមួយនេះ កម្ពុជានឹងទិញវ៉ាក់សាង ចំនួន ១លានដូស សម្រាប់ចាក់ជូនប្រជាជន ៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែង ដែលមានហានិភ័យ និងកំពុងមានហានិភ័យ ដែលអាទិភាព ផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀនកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនគរបាលយុត្តិធម៌គ្រប់ប្រភេទរហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។
ចាប់តាំងពីយប់ថ្ងៃទី៧ ខែធ្នូ សប្បុរសជន រួមមាន ឧកញ៉ា ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកតំណាងរាស្ត្រ ជាដើម បានចូលរួមបរិច្ចាគថវិកាតាមតិច តាមច្រើនជាបន្តបន្ទាប់។ ចលនាផុសផុលរបស់មហាជននេះ ត្រូវបានសម្តេចតេជោ ចាត់ទុកថា ជាខឿនការពារសុខភាពប្រជាជនកម្ពុជា បន្ទាប់ពីចលនាចូលរួមដូចគ្នា បានកើតឡើងជាខឿនការពារជាតិ កាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ក្នុងពេលកម្ពុជា មានបញ្ហាព្រំដែនជាមួយប្រទេសថៃ។
បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ជាបន្តបន្ទាប់ ក្នុងចំណោមមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៧ ខែធ្នូ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជា ផ្អាកការចេញចូល បំពេញការងារជាបណ្តោះអាសន្ន នៅក្រសួងមហាផ្ទៃ។ សម្តេចក៏បានចេញបញ្ជាឱ្យមន្ត្រីរាជការទាំងអស់ នៅក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ ទាំងអស់។ ការធ្វើតេស្តទាំងបីលើកនេះ(ថ្ងៃ១២ធ្នូ) ទាំងសម្តេចក្រឡាហោមក្រុមគ្រួសារ និងមន្ត្រីរាជការនៅក្រសួងមហាផ្ទៃព្រមទាំងថ្នាក់ដឹកនាំកំពូលៗដទៃទៀតគឺមិនមានឆ្លងជំងឺកូវីដ១៩ ឡើយ។
កាលពីថ្ងៃទី៨ ខែធ្នូ ការធ្វើតេស្តរកជំងឺកូវីដ១៩ លើកទី២ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានធ្វើ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ រីឯមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋសភា ក៏បានធ្វើតេស្ត ជាលើកទី២ នៅឯវិមានរដ្ឋសភា កាលពីថ្ងៃទី៨ ខែធ្នូផងដែរ។ ជាលទ្ធផល គឺមិនមានថ្នាក់ដឹកនាំណា ឆ្លងជំងឺកូវីដ១៩ ឡើយ។ ដោយឡែកក្រសួងមហាផ្ទៃដែលបានប្រកាសផ្អាកការបំពេញការងារកាលពីថ្ងៃទី៧ខែធ្នូក៏បានបាញ់ថ្នាំសម្លាប់មេរោគគ្រប់ច្រកល្អក កាលពីថ្ងៃទី៨ ខែធ្នូ។
រហូតដល់ថ្ងៃទី៨ ខែធ្នូ ទំហំថវិកា ដែលប្រជាពលរដ្ឋ មន្ត្រីរាជការ និងឧកញ៉ា ជាច្រើនរូប បានស្ម័គ្រចិត្តបរិច្ចាគ ជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងជំងឺកូវីត១៩ បានកើនឡើង គួរឲ្យកត់សម្គាល់ ។ គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃទី១១ ខែធ្នូ រាជរដ្ឋាភិបាលទទួលបានជាង៤៥លានដុល្លារហើយ។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការផ្តល់ថវិការបស់សប្បុរសជន ដែលបានកើនឡើងជាបន្តបន្ទាប់នេះ គឺជាខឿនការពារសុខភាពរបស់ប្រជាជនដ៏សំខាន់ បន្ទាប់ពីខឿនការពារជាតិ ត្រូវបានធ្វើក្នុងរូបភាពប្រហាក់ប្រហែលនេះ កាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ កន្លងទៅ។
កាលពីទី៩ ខែធ្នូ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញជាអធិបតីដឹកនាំ និងចូលរួមកិច្ចប្រជុំកម្រិតអន្តរជាតិសំខាន់ ចំនួន ៣ តាមរយៈប្រព័ន្ធវីឌីអូ។ កិច្ចប្រជុំកម្រិតអន្តរជាតិសំខាន់ចំនួន ៣ នោះ រួមមាន កិច្ចប្រជុំកំពូល អេក ម៉ិច ( ACMECS ) លើកទី៩ ដែលកម្ពុជា ជាប្រធាន , កិច្ចប្រជុំកំពូល ស៊ី អិល អឹម វី ( CLMV ) លើកទី១០ និងកិច្ចប្រជុំកំពូល ស៊ី អិល វី ( CLV ) លើកទី១១។ កិច្ចប្រជុំកម្រិតអន្តរជាតិសំខាន់ទាំង៣ បានដំណើរការ និងបិទបញ្ចប់ដោយជោគជ័យ ដោយនាំមកនៅផ្លែផ្កាជាច្រើន ជំរុញអោយមាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាន់តែប្រសើររវាងកម្ពុជា និងប្រទេសជាសមាជិកទាំង ៥ រួមមាន៖ កម្ពុជា ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ក្នុងក្របខណ្ឌ ACMECS រីឯ CLMV រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និង CLV គឺកម្ពុជា ឡាវ និងវៀតណាម។
កាលពីថ្ងៃទី១០ ខែធ្នូ ព្រះកុរណា ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី បានប្រោសព្រះរាជទានព្រះរាជទ្រព្យ ១លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរូមចំណែក ទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩។ គិតត្រឹមល្ងាចថ្ងៃ១១ ខែធ្នូ រាជរដ្ឋាភិបាល ទទួលថវិកាពីសប្បុរសជន បានជាង ៤៥លានដុល្លារហើយ។
ក្នុងឱកាសអបអរសាទរខួបលើកទី៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ១០ធ្នូ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានលើកឡើងថា សិទ្ធិមនុស្សនៅប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពវិជ្ជមានឈានមុខគេនៅអាស៊ី។ បើតាមលោក កែវ រ៉េមី កម្ពុជាបានទទួលយកលិខិតុបករណ៍សិទ្ធិមនុស្សជាច្រើន ស្របពេលដែលរដ្ឋធម្មនុញ្ញកម្ពុជា ក៏បានគិតគូរច្រើនលើការការពារនិងគោរពសិទ្ធិមនុស្សដោយមិនមានច្បាប់ប្រហារជីវិត។បន្ថែមលើសពីនេះកម្ពុជាក៏បានអនុញ្ញាតឱ្យមានវត្តមានអ្នករាយកាណ៍ពិសេសអង្គការសហប្រជាជាតិ នៅក្នុងប្រទេសខ្លួនផងដែរ។
កាលពីថ្ងៃទី១១ ខែធ្នូ ក្រសួងសុខាភិបាល បានប្រកាសថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២៨វិច្ឆិកា បានកើនឡើងដល់ ៤០នាក់ហើយ បន្ទាប់ពីកាលពីព្រឹកថ្ងៃទី១១ធ្នូ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញស្ត្រីម្នាក់ទៀត បានឆ្លងជំងឺនេះ ពីមិត្តភក្ដិរបស់ខ្លួន។ នៅថ្ងៃទី១២ ខែធ្នូនេះ បុគ្គលិកសុខាភិបាល បានបន្តការធ្វើតេស្ត លើកទី៣ សម្រាប់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ នេះជាការធ្វើតេស្តលើកចុងក្រោយ លើអ្នកពាក់ព័ន្ធជាង ១ម៉ឺននាក់។
មហាសេដ្ឋីម៉ាឡេស៊ីម្នាក់ បានបរិច្ចាគថវិកា ៥លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះមហាសេដ្ឋីម៉ាឡេស៊ី លោក តាន់ ស្រ៊ី ដែលបានបរិច្ចាគថវិកា ៥លានដុល្លារនេះ។ សម្តេចតេជោ បានគូសបញ្ជាក់ ក្នុងលិខិតថ្លែងអំណរគុណ នៅថ្ងៃទី១១ ខែធ្នូនេះថា វិភាគទានរបស់លោក តាន់ស្រ៊ី ពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន ហើយនឹងត្រូវបានចងចាំទុកក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា។ រហូតដល់ថ្ងៃទី១១ ខែធ្នូ សប្បុរសជននានា បានបរិច្ចាគថវិកា បានជាង ៤៥លានដុល្លារហើយ។
កាលពីព្រឹកថ្ងៃទី១៣ខែធ្នូក្រសួងសុខាភិបាលបានប្រកាសថារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២នាក់តែករណីនាំចូលទេ។អ្នកជំងឺទាំងពីរនាក់នេះគឺបុរសហ្ស៊កដានី ៤៧ឆ្នាំ មកពីហ្ស៊កដានីនិងបុរសជនជាតិខ្មែរ ៤៥ឆ្នាំ មកពីម៉ាលី។គិតត្រឹមព្រឹកថ្ងៃទី១៣ ធ្នូ ចំនួនអ្នកឆ្លងសរុបចំនួន ៣៥៩នាក់។ក្នុងនេះចំនួនអ្នកឆ្លងក្នុងសហគមន៍ ៤០នាក់។ចំនួនអ្នកជាសះស្បើយចំនួន ៣០៧នាក់។
នៅថ្ងៃទី១២ធ្នូនេះ ជាការធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយ លើអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ ការធ្វើតេស្តនេះបានធ្វើឡើងនៅបរិវេណក្រសួងមហាផ្ទៃ(សម្រាប់បុគ្គលិក-មន្ត្រីរាជការ)ពីម៉ោង៨ព្រឹក២.នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៧ព្រឹក( សម្រាប់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា )។ ដោយឡែក សម្រាប់អ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅតាមបណ្តាខេត្ត គឺមន្ទីរសុខាភិបាល ជាអ្នករៀបចំធ្វើតេស្តទាំងនោះ៕សរន