ស្រាវជ្រាវប្រែសម្រួលៈមេសា/ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ាល់ត៍ ប្រារព្ធ ទិវាសាធារណរដ្ឋ ម៉ាលត៍ នៅថ្ងៃទី ១៣ ខែ ធ្នូ ដើម្បី រំឭកដល់ថ្ងៃដែលពួកគេប្រកាសបង្កើតសាធារណរដ្ឋ ម៉ាលត៍ កាលពីឆ្នាំ ១៩៧៤ បន្ទាប់ពីពួកគេទទួលបានឯករាជ្យយ៉ាងលំបាកកាលពីឆ្នាំ ១៩៦២ មក ។
ចំណងជើងរូបៈ លោក ដូម មីនតូហ្វ ជាបុព្វការីដ៏សំខាន់ម្នាក់ដើម្បីប្រកាសម៉ា់លត៍ ជាសាធារណរដ្ឋ (ដូម មីនតូហ្វ)
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
សាធារណរដ្ឋ ម៉ាល់ត៍ មានផ្ទៃដីប្រមាណជា ៣១៦ គីឡូម៉ែត្រក្រឡា គឺជាប្រទេសដែនកោះ នៅក្នុង សមុទ្ទ ម៉េឌីទែរ៉ាណេ ខាងត្បូងប្រទេស អ៊ីតាលី ចម្ងាយ ៨០ គីឡូម៉ែត្រ ខាងកើត ទុយនីស៊ី ចម្ងាយ ២៨៤ គីឡូម៉ែត្រ និង ខាងជើង លីប៊ី ចម្ងាយ ៣៣៣ គីឡូម៉ែត្រ ហើយ ជារដ្ឋតូច និង មានប្រជាពលរដ្ឋតិចបំផុតមួយក្នុងលោក ។ ឆ្នាំ ២០២០ មានប្រជាជនជិត ៥ សែន នាក់ ភាគច្រើនជាអ្នកកាន់គ្រិស្តសាសនា ភាសាផ្លូវការ គឺភាសា ម៉ាល់ត៍ និង ភាសាអង់គ្លេស រដ្ឋធានីគឺទីក្រុង វ៉ាឡែត មានផ្ទៃដី ០,៨ គីឡូម៉ែត្រក្រឡា ជារដ្ឋធានីតូចបំផុតនៅអឺរ៉ុប ហើយបានចូលជាមាជិក នៃ សហភាព អឺរ៉ុប នៃ ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០០៤ ។
ប្រវត្តិសាស្ត្រ
នៅឆ្នាំ ១០៩១ ក្រុមជនជាតិ ន័ម៉ាន ( ជាក្រុមចម្រុះជាតិសាសន៍ ដែលក្នុងនោះក៏មានចោរសមុទ្ទផង និង អ្នកចេញមកពី អ៊ីសឡង់ដ៍ ន័វេស៍ និង ដាណឺម៉ាក ) បានចូលលុកលុយកាន់កាប់ទឹកដី ម៉ាល់ត៍ ហើយដាក់បញ្ចូលជាផ្នែកមួយ នៃ អាណាចក្រ ស៊ីស៊ិលី ( ភាគខាងត្បូ អ៊ីតាលី បច្ចុប្បន្ន ) ដែលទើបបង្កើតថ្មីៗ ។ គ្រិស្តសាសនា ត្រូវបានប្រកាសថាជាសាសនារបស់ រដ្ឋ ។
អណាចក្រ ស៊ីស៊ិលី នេះលាតសន្ធឹងគ្របដណ្តប់ដោយកោះ អ៊ីសឡង់ដ៍ និង ឧបទ្វី អ៊ីតាលី ។ អាណាចក្រ ស៊ីស៊ិលី នេះ បានធ្លាក់ទៅក្នុងកណ្តាប់ដៃរាជវង្ស Hohenstaufen (អាល្លឺម៉ង់ ) ពីឆ្នាំ ១១៩៤ ដល់ឆ្នាំ ១២៦៦ ។
ប៉ុន្តែជនជាតិ ម៉ាល់ត៍ បាននាំគ្នាបង្កើតបានជា អាណាចក្រ ហូលី រ៉ូម៉ាំង នៅឆ្នាំ ១២៤៩ ។ ជន មូស្ល៊ីម ទាំងឡាយនៅលើទឹកដី ម៉ាលត៍ ត្រូវបានបណ្តេញចេញពីទឹកដី ហូលី រ៉ូម៉ាំង ឬ ក៏ត្រូវឱ្យផ្លាស់ប្តូរទៅជាអ្នកកាន់គ្រិស្តសាសនាវិញ ។
ការប្រកាន់រើសអើងសាសនានេះ ធ្វើឱ្យមហាអំណាច មូស្លីម អូតូម៉ង់ (បច្ចុប្បន្ន ទួកគី ) មិនអាចទ្រាំបាន ទើបលើកទ័ពទៅលុកលុយកាន់កាប់ទឹកដី ម៉ាលត៍ នៅឆ្នាំ ១៥២២ ។
កងទ័ព គ្រិស្តសាសនិក បារាំង ដឹកនាំដោយអគ្គបញ្ជាការ ហ្សង់ ប៉ារីសូ ដឺ វ៉ាឡេត៍ ដោយមានការជួយជ្រោមជ្រែងពីកងកម្លាំង ម៉ាលត៍ និង អេស្ប៉ាញ ផង ក៏បានបណ្តេញ ពួក មហាអំណាច មូស្ល៊ីម អូតូម៉ង់ ចេញពីទឹកដី អ្នកគ្រិស្តនិយម នៅឆ្នាំ ១៥៦៥ ។ ទីក្រុង វ៉ាឡេត៍ ត្រូវបាស្ថាបនាឡើងជាការដឹងគុណដល់លោកមេបញ្ជការ ហ្សង់ ប៉ារីសូ ដឺ វ៉ាឡេត៍ ។ ម៉ាលត៍ ត្រូវបានគ្រប់គ្រងដោយរបបយោធា ។
ធ្លាក់ក្រោមអំណាច បារាំង
ឆ្នាំ ១៧៨៩ (ដល់ ១៧៩៩ ) បដិវត្តន៍បារាំង ដឹកនាំដោយ ណាប៉ូឡេអុង បូណាប៉ាត៍ បានផ្ទុះឡើង និង បានផ្តួលរំលំរាជានិយមហើយជំនួសដោយសារធារណរដ្ឋ បារាំង ក្រោមការក្តោបក្តាប់ដោយ ណាប៉ូឡេអុង ( ក្រោយមក ណាប៉ូឡេអុង ធ្វើខ្លួនឯងជាអធិរាជ្យ គឺរាជានិយមដូចមុនដដែល ) ។
បដិវត្តន៍នោះ បានរីករាលដាលទៅប្រទេសផ្សងៗទៀតនៅ អឺរ៉ុប (មហាអំណាច អេស្ប៉ាញ ក៏បានបែកបាក់ ដោយសារឥទ្ធិពល នៃ បដិវត្តន៍នោះដែរ ) ។ ជាដំណើរឆ្ពោះទៅលុកលុយប្រទេស អេហ្ស៊ីប កងទ័ព ណាប៉ូឡេអុង បានឆ្លងកាត់ ដែនដីកោះ ម៉ាលត៍ ។
ដោយសារខ្លាចអំណាចដ៏មហិមារបស់កងទ័ព ណាប៉ូឡេអុង ដែនដីកោះ ម៉ាលត៍ ត្រូវបានប្រគល់ទៅឱ្យ ណាប៉ូឡេអុង នៅឆ្នាំ ១៧៩៨ ( អំឡុងពេលសង្គ្រាមបដិវត្តន៍បារាំង ) ដែលបានសេចក្តីថា ដែនដីកោះ ម៉ាលត៍ បានធ្លាក់ក្នុងកណ្តាប់ដៃ បារាំង របស់ ណាប៉ូឡេអុង នៅឆ្នាំ នោះ និង ដោយប្រការដូច្នេះឯង ។
ពីចន្លោះថ្ងៃទី ១២ ដល់ ទី ១៨ ខែ មិថុនា ឆ្នាំ ១៧៩៨ នោះ ណាប៉ូឡេអុង បានបង្កើតប្រព័ន្ធរដ្ឋបាលសម្រាប់គ្រប់គ្រង ប្រទេស ម៉ាលត៍ ។ ប្រព័ន្ធជាច្រើនត្រូវបានបង្កើតនៅទីនេះ រួមទាំងវិស័យអប់រំផង ហើយទាសភាព ក៏ត្រូវបានលុបបំបាត់ចាប់ពីពេលនេះផងដែរ ។
រៀបចំរួច ណាប៉ូឡេអុង ក៏ចាកចេញទៅទៀតឆ្ពោះទៅលុកលុយប្រទេស អេហ្ស៊ីប ។ ប្រព័ន្ធទំនើបទាំងឡាយដែល ណាប៉ូឡេអុង បង្កើតនៅលើទឹកដី ម៉ាលត៍ ក៏សាបរលាបទៅតាមស្រមោលរបស់គាត់ដែរ ។
កងទ័ពបារាំងដែលប្រចាំការនៅប្រទេស ម៉ាលត៍ មិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ម៉ាលត៍ ឡើយ ហើយបានទាមទារបណ្តេញកងទ័ពទាំងនោះចេញពីប្រទេស ម៉ាលត៍ ។
ធ្លាក់ក្នុងកំណ្តាប់ដៃ អង់គ្លេស
ចក្រភព អង់គ្លេស ដែលជាសត្រូវដ៏ធំបំផុតមួយរបស់ ណាប៉ូឡេអុង បានឆ្លៀតឱកាសរួមដៃគ្នាជាមួយ អាណាចក្រ Naples ( អ៊ីតាលី ខាងត្បូង ) ជាមួយនឹង អាណាចក្រ ស៊ីស៊ិលី បានជួយជ្រោមជ្រែងជនជាតិ ម៉ាលត៍ បណ្តេញកងទ័ព បារាំង ចេញពីទីនោះ នៅឆ្នាំ ១៧៩៨ដដែលនោះ ។
ដោយក្តីបារម្ភខ្លាច កងទ័ពបារាំង របស់ ណាប៉ូឡេអុង ដ៏មានមហិទ្ធិឬទ្ធិ៍មកសងសឹកនោះ មេដឹកនាំ ម៉ាលត៍ បានប្រគល់ ប្រទេសដែនកោះ ម៉ាលត៍ ទៅឱ្យ អង់គ្លេស ។
នៅក្នុងកិច្ចសន្យាមានចែង ថា “ ប្រទេស ម៉ាលត៍ គឺជារដ្ឋមានបូរណភាព ដោយត្រូវបានដាក់ឱ្យក្រោមកិច្ចការពារដោយ ចក្រភព អង់គ្លេស ប៉ុន្តែ អង់គ្លេស គ្មានសិទ្ធិប្រគល់ទឹកដីនេះទៅឱ្យប្រទេសណាផ្សេងឡើយ ប្រសិនបើ អង់គ្លេស ត្រូវដកចេញពីកាតព្វកិច្ចចំពោះប្រទេសនេះ ។ ពេលនោះ ប្រទេសនេះនឹងក្លាយជាកម្មសិទ្ធិរបស់អ្នកស្រុកដើមកំណើត និង អ្នកកំពុងរស់នៅលើកោះនេះផ្តាច់មុខ ដោយគ្មានការត្រួតត្រាពីប្រទេសណាមួយឡើយ “ ។
សង្គ្រាមលោក
ភូមិសាស្ត្រ របស់ប្រទេស ម៉ាលត៍ ជាប្រយោជន៍សម្រាប់នាវាចរណ៍ គ្រប់ប្រភេទ រវាង អង់គ្លេស ឥណ្ឌា និង អេហ្ស៊ីប ធ្វើឱ្យអង់គ្លេសកាន់តែត្រូវការ ម៉ាលត៍ ។ ទីបំផុតនៅក្នុងសន្ធិសញ្ញាទីក្រុង ប៉ារីស ឆ្នាំ ១៨១៤ ម៉ាលត៍ បានក្លាយជាផ្នែកមួយ នៃ ចក្រភពអង់គ្លេស ពោលគឺមិនមែនគ្រាន់តែក្រោមកិច្ចការពារ ឬ អាណានិគមពីអង់គ្លេសទៀតឡើយ ។
នៅអំឡុងសម័យសង្គ្រាមលោកលើកទី ១ ( ២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨ ) ម៉ាលត៍ ត្រូវបានប្រសិទ្ធនាមថា គិលាដ្ឋាន នៃ តំបន់ម៉េឌីទែរ៉ាណេ ដោយសារមនុស្សដែលរងរបួសពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានបញ្ជូនទៅព្យាបាលនៅទីនោះ ។
មុនពេលសង្គ្រាមលោកលើកទី ២ ( ០១ កញ្ញា ១៩៣៩-០២ កញ្ញា ១៩៤៥) ទីក្រុង វ៉ាឡេត៍ គឺជាទីបញ្ជាការដ្ឋានកងទ័ពជើងទឹក (ក្រោយមកគឺនៅឆ្នាំ ១៩៣៧ នាយករដ្ឋមន្ត្រី វីនស្តុន ឈឺចឈីល ស្នើឱ្យប្តូរទៅ Alexendria នៃ ប្រទេស អេហ្ស៊ីប វិញ ) ។ នៅក្នុងអំឡុងសង្គ្រាមលោកលើកទី ២ នោះ ម៉ាល់ត៍ បានបំពេញតួនាទីយ៉ាសំខាន់សម្រាប់ចក្រភពអង់គ្លេស និង សម្ព័ន្ធមិត្ត ក្នុងការវាយប្រហារទៅលើ ពួក Axis (អាល្លឺម៉ង់-ជប៉ុន-អ៊ីតាលី ) ដែលជាបច្ចាមិត្តអង់គ្លេស ហើយប្រសិនបើ ម៉ាល់ត៍ ព្រមចុះចាញ់នោះ អង់គ្លេស មុខជាមានផលលំបាកធ្ងន់ធ្ងរ ។
ឯករាជ្យភាពយ៉ាងលំបាក
ការបោះឆ្នោតសកលនាឆ្នាំ ១៩៦២ គណបក្ស អ្នកជាតិនិយម របស់លោកបណ្ឌិត George Borg Olivier ទទួលបានជោគជ័យ និង បានបង្កើតរដ្ឋាភិបាល ។ បន្ទាប់ពីនោះភ្លាមមក ចំណុចសំខាន់ៗ នៃ រដ្ឋធម្មនុញ្ញរបស់ ម៉ាលត៍ ដែលផ្តល់សិទ្ធិអំណាចយ៉ាងច្រើនទៅឱ្យអង់គ្លេសនោះ ត្រូវបានធ្វើវិសោធនកម្ម ។ លោក George Borg Olivier បានក្លាយជានាយករដ្ឋមន្ត្រី ហើយក៏ជារដ្ឋមន្ត្រី ផែនការសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ផងដែរ ។
លោកបណ្ឌិត Borg Olivier បានធ្វើដំណើរទៅទីក្រុង ឡុងដ៍ នៃ ប្រទេសអស់គ្លេស ដើម្បីស្នើសុំកិច្ចព្រមព្រៀងហិរញ្ញវត្ថុ និង ទាមទាររកឯករាជភាពរបស់ ម៉ាលត៍ ដើម្បីឱ្យមានឋានៈជាសមាជិកពេញលេញជារដ្ឋ សហធន ។ ស្របពេលនោះ មានភាពអត់ការងារធ្វើ ០៦ ភាគរយ និង មានក្តីបារម្ភជាច្រើនពីសំណាក់កងទ័ពជើងទឹកពីគូបដិបក្សនានា ។
ដោយហេតុនេះ នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ១៩៦២ លោកនាយករដ្ឋមន្ត្រី Borg Olivier បានដាក់សំណើមួយគឺឯករាជភាព របស់ ម៉ាលត៍ ។ លោកអគ្គមេធាវី បណ្ឌិតសាស្ត្រាចារ្យ John J. Cremona ត្រូវបានប្រគល់ភារៈជាអ្នកព្រាងរដ្ឋធម្មនុញ្ញ ។
បន្ទាប់មកសន្និសីទស្តីពីឯករាជភាពរបស់ ម៉ាលត៍ ត្រូវបានធ្វើនៅក្នុងវិមាន Marlborough House (ជាវិមារដ្ឋការដ៏សំខាន់របស់អង់គ្លេស) នាទីក្រុងឡុងដ៍ ចាប់ពីថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ១៩៦៣ ដោយមានតំណាងមកពីគ្រប់គណបក្សនយោបាយរបស់ ម៉ាលត៍ ។ ការជជែកដេញដោល ប្រព្រឹត្តទៅអស់រយៈពេលពេញមួយខែកក្កដា ឆ្នាំ ១៩៦៣ នោះ ។ មានការខ្វែងគំនិតគ្នាធំៗ ២ គឺ ខាងរដ្ឋាភិបាល ស្នើសុំថា ម៉ាលត៍ ជារដ្ឋរាជានិយម ដោយមានអគ្គទេសាភិបាល តំណាងអង្គមហាក្សត្រិយានី អង់គ្លេស ។ ចំណែក ខាងរដ្ឋលេខាធិការ ស្នើសុំធ្វើប្រជាមតិ អំពីរដ្ឋធម្មនុញ្ញ ខណៈបក្សតូចៗចំនួន ២ បានជំទាស់ទៅនឹងការទាមទារឯករាជភាពនេះ ។
មិនមានឯកភាពផ្ទៃក្នុងគឺជាការលំបាកមួយ ហើយការមិនព្រមព្រលែងដៃរបស់អង់គ្លេសគឺជារឿងលំបាកមួយផ្សេងទៀត ។ ទោះយ៉ាងណា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ម៉ាល់ត៍ លោក George Borġ Olivier ម៉ាលត៍ ទទួលបានឯករាជភាពរបស់ខ្លួននៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៩៦៤ បន្ទាប់ពីការចរចាយ៉ាងតឹងតែងជាមួយអង់គ្លេស (ថ្ងៃនោះក្លាយជាទិវាឯករាជ្យជាតិ របស់ ម៉ាលត៍ )។
ទីក្រុង វ៉ាឡែត នៃ សាធារណរដ្ឋ ម៉ាល់ត៍ (វ៉ាឡែត) រូបៈ អ៊ីនធឺណិត
រដ្ឋធម្មនុញ្ញារបស់ ម៉ាល់ត៍ នាឆ្នាំ ១៩៦៤ នោះ ម៉ាល់ត៍ នៅតែទទួលយកព្រះមហាក្សត្រិយានី អាលីហ្សាប៊ែត នៃ ចក្រភពអង់គ្លេស ជាមហាក្សត្រិយរបស់ខ្លួន ( ម៉ាលត៍ ) ដោយមានអគ្គទេសាភិបាលអង់គ្លេស ជាប្រមុខរដ្ឋ ម៉ាល់ត៍ ។
គណបក្ស ពលកម្ម ម៉ាលត៍ ដឹកនាំដោយលោក ដូម មីនតូហ្វ ដែលជាគណបក្សដ៏ធំលំដាប់ទី ២ បន្ទាប់ពី គណបក្ស អ្នកជាតិនិយម ម៉ាលត៍ នោះមិនស្កប់ស្កល់នឹងលទ្ធផលនេះទេ ព្រោះគណបក្សនេះត្រូវការ ម៉ាល់ត៍ ជារដ្ឋឯករាជ្យដាច់ដោយឡែកពីអង់គ្លេស គឺមិនមែនត្រឹមតែជារដ្ឋឯករាជ្យ ប៉ុន្តែនៅក្រោមអំណាចរបស់អង់គ្លេសដដែលដូច្នេះឡើយ ។ ដូច្នេះ គណបក្ស ពលកម្ម ម៉ាលត៍ សុខចិត្តនៅជាបក្សប្រឆាំងតទៅទៀត ។
សាធារណរដ្ឋ ម៉ាលត៍ បង្កើតឡើង
ការបោះឆ្នោតនៅឆ្នាំ ១៩៦៦ គណបក្ស ពលកម្ម ម៉ាលត៍ បានកើនសំលេងឆ្នោត ប៉ុន្តែមិនគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលឡើយ ។ គេត្រូវរង់ចាំរហូតដល់ ឆ្នាំ ១៩៧១ ទើបគណបក្ស ពលកម្ម ម៉ាលត៍ ដឹកនាំដោយលោក ដូម មីនតូហ្វ បានឈ្នះនូវការបោះឆ្នោតសកល ។ បគណបក្ស ពលកម្ម ម៉ាល់ត៍ ក៏បានប្រកាសបង្កើត ម៉ាល់ត៍ ទៅជាសាធារណរដ្ឋ ម៉ាលត៍ នៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ១៩៧៤ ដោយមានលោក អានតូនី ម៉ាម៉ូ ជាប្រធានាធិបតី និង លោក ដូម មីនតូហ្វ ជានាយករដ្ឋមន្ត្រី ។
ម៉ាល់ត៍ បានក្លាយជាសាធារណរដ្ឋ ចាប់ពីនោះមក ហើយបានប្រកាសជារដ្ឋអព្យាក្រឹត ។ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ាលត៍ ដើម្បី រំឭកដល់ព្រឹត្តិការណ៍នេះ ៕សរន