ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈសម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការបញ្ជាក់ក្នុងផេកផ្លូវការនៅព្រឹកថ្ងៃទី១៣ធ្នូនេះថា”ខ្ញុំសូមជម្រាបជនរួមជាតិថា ខ្ញុំនិងសមាជិកក្រុមគ្រួសារ ព្រមទាំងសមាជិក សមាជិការដ្ឋសភា ដែលបានពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានធ្វើតេស្តលើកទី៣ កាលពីថ្ងៃទី១២ធ្នូ ជាលទ្ធផល «អវិជ្ជមានទាំងអស់»។
សម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា(រូបផេកសម្តេចចក្រីហេងសំរិន)
សម្តេចចក្រីបន្តថាទោះបីស្ថានការណ៍ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហាក់ត្រូវបានយើងគ្រប់គ្រងទាំងស្រុងហើយក្តី ប៉ុន្តែសូមជនរួមជាតិកុំប្រហែសជាមួយនឹងជំងឺកូវីដ១៩ឱ្យសោះ។ជំងឺនេះនៅបន្តគំរាមកំហែងប្រទេសយើងនិងសកលលោកជានិច្ច។ យើងអាចភ្លេចជំងឺកូវីដ១៩ តែកូវីដ១៩ មិនដែលភ្លេចយើងនោះឡើយ។
ខ្ញុំ សូមអំពាវនាវដល់ជនរួមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសជានិច្ច ជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសុវត្ថិភាព ហើយឧស្សាហ៍លាងសម្អាតដៃជាប្រចាំ។ បើមិនមានការចាំបាច់ ពុំគួរចេញក្រៅផ្ទះនោះឡើយ។
ភារកិច្ចសំខាន់របស់យើងក្នុងការជួយសង្គមជាតិ ក្រុមគ្រួសារនាពេលនេះ គឺការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើយ៉ាងណាកុំឱ្យឆ្លងជំងឺមកលើខ្លួន គ្រួសារ និងសហគមន៍យើង៕សរន