ដោយ: គង់ហេង/ត្បូងឃ្មុំ: មកដល់ព្រឹកថ្ងៃទី ១៣ ធ្នូ មន្ត្រីនគរបាលបានស៊ើបអង្កេត និងឈានទៅកំណត់អត្តសញ្ញាណជនសង្ស័យចំនួនពីរនាក់ និងចាប់ឃាត់ខ្លួនបានម្នាក់ ករណីឃាតកម្មលើបុរសអាយុ ៥៧ឆ្នាំម្នាក់ នៅភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ គឺជារឿងគំនុំ។
មន្ត្រីនគរបាលឃុំកំពាន់បានឱ្យរស្មីកម្ពុជាដឹងថា ជុំវិញការស្លាប់បុរសឈ្មោះ ឧ រ៉េត អាយុ ៥៧ឆ្នាំ ដែលគេប្រទះឃើញដេកស្លាប់នៅចិញ្ចើមផ្លូវលំចម្ងាយពីផ្ទះគាត់ប្រហែល ៣គីឡូម៉ែត្រ កាលពីព្រឹកថ្ងៃទី១២ ធ្នូ នោះគឺបង្កឡើងដោយគំនុំច្រើនលើកជាមួយជនសង្ស័យម្នាក់នៅក្នុងភូមិទឹកទុំ កន្លងទៅ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំបានស៊ើបអង្កេត និងបានកំណត់មុខសញ្ញាជនសង្ស័យចំនួនពីរនាក់ ដោយឃាត់ខ្លួនបានម្នាក់ និងកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ទៀត៕